ជាតិ
ឯកអគ្គរដ្ឋទូតរុស្សី ត្រូវបានតែងតាំងជា«សមាជិកកិត្តិយសនៃរាជបណ្ឌិត្យសភា»ដំបូង
× ភ្នំពេញ៖ លោក Dmitry TSVETKOV ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្សី ជាឥស្សរជនបរទេសទីមួយ ដែលរដ្ឋាភិបាល បានតែងតាំងជា សមាជិកកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា។ នេះបើតាមវេបសាយរាជបណ្ឌិត្យសភា នាថ្ងៃទី២៤ ខែកុម្ភៈ។
នាពិធីប្រកាសគោរមងារកិត្តិយសជូនលោក Dmitry TSVETKOV លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សង្ឃឹមថា សមាជិកកិត្តិយសទីមួយរូបនេះ នឹងបន្តរួមចំណែកអភិវឌ្ឍវិស័យស្រាវជ្រាវនៅក្នុងរាជបណ្ឌិត្យសភាកម្ពុជា ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការស្រាវជ្រាវ ទាំងផ្នែកវិទ្យាសាស្ត្រសង្គម និងវិទ្យាសាស្ត្រពិត រវាងប្រទេសទាំងពីរ។ សម្រាប់លោក អូន ព័ន្ធមុនីរ័ត្ន ឯកអគ្គរដ្ឋទូតរុស្សីរូបនេះ គឺជាធនធានបញ្ញាជន និងសាកសមជាឥស្សរជនជាន់ខ្ពស់នៃសហព័ន្ធរុស្ស៊ី។
លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ថា លោកឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី Dmitry TSVETKOV មានស្នាដៃដឹកនាំ សម្របសម្រួលកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងរឹតចំណងកិច្ចសហប្រតិបត្តិការរួមគ្នាលើកិច្ចការងារស្រាវជ្រាវបែបវិទ្យាសាស្ត្ររវាងរាជបណ្ឌិត្យសភាកម្ពុជា និងស្ថាប័នស្រាវជ្រាវរុស្ស៊ី។
លោក Dmitry TSVETKOV ក៏ធ្លាប់ទទួលបានគ្រឿងឥស្សរិយយសផ្សេងៗពីរាជរដ្ឋាភិបាលកម្ពុជារួមមាន៖ គ្រឿងឥស្សរិយយស សហមេត្រី ថ្នាក់អស្សឫទ្ធិ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦,គ្រឿងឥស្សរិយយស សហមេត្រី ថ្នាក់ធិបឌិន្ន នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨, គ្រឿងឥស្សរិយយស សហមេត្រី ថ្នាក់មហាសិរីវឌ្ឍន៍ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ផង។
ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្សី លោក Dmitry TSVETKOV បានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយពីសាកលវិទ្យាល័យទំនាក់ទំនងអន្តរជាតិក្រុងមូស្គូ (Moscow State University of International Relations)។ ក្រៅពីភាសាកំណើត ឯកអគ្គរដ្ឋទូតរុស្សី លោក Dmitry TSVETKOV អាចនិយាយនិងប្រើប្រាស់បានបីភាសា គឺភាសាខ្មែរ ភាសាអង់គ្លេស និងភាសាបារាំង។ មិនតែប៉ុណ្ណោះលោក ក៏ទទួលបានការកោតសរសើរនិងទទួលបាននូវគ្រឿងឥស្សរិយយសជាច្រើន ពីរដ្ឋាភិបាលនៃសហព័ន្ធរុស្ស៊ី ដូចជា មេដាយឥស្សរិយយស “For Merits to the Fatherland” នៅឆ្នាំ២០១៣ ,មេដាយឥស្សរិយយស “The Commemorative Medal” របស់ប្រធានាធិបតីសហព័ន្ធរុស្ស៊ី នៅឆ្នាំ២០១៨ និងសញ្ញាបត្រកិត្តិយសនៃក្រុមប្រឹក្សាសហព័ន្ធនៃសហព័ន្ធសភារបស់សហព័ន្ធរុស្ស៊ី នាឆ្នាំ២០១៦។ នេះបើតាមរាជបណ្ឌិត្យសភា៕
Tag:
ឯកអគ្គរដ្ឋទូតរុស្សី
រាជបណ្ឌិត្យសភា
© រក្សាសិទ្ធិដោយ thmeythmey.com