ជាតិ
ក្រសួង​កិច្ចការនារី​៖ លក់​អន​ឡាញ​ដោយ​ប្រើប្រាស់​រូបភាព​អាសអាភាស គឺ​ផ្ទុយ​នឹង​ច្បាប់​
25, Feb 2020 , 10:59 pm        
រូបភាព
​ភ្នំពេញ​៖ អ្នកលក់​ផលិតផល​តាម​អន​ឡាញ ដែល​ប្រកួតប្រជែង​ផលិតផល​របស់ខ្លួន​ដោយ​ផ្សព្វផ្សាយ​រូបភាព​អាក្រាត និង​រូបភាព​អាសអាភាស ជា​សកម្មភាព​ធ្វើ​ឲ្យ​បាត់បង់​សេចក្ដីថ្លៃថ្នូរ​របស់​មនុស្ស ពិសេស​ស្ត្រី​។ នេះ​ជាការ​បកស្រាយ​របស់​ក្រសួង​កិច្ចការនារី ទៅកាន់​អង្គការ​សង្គម​ស៊ីវិល ដែល​បាន​បញ្ចេញ​មតិយោបល់ ពាក់ព័ន្ធ​នឹង​ការគោរព​សិទ្ធិ​ស្ត្រី និង​ការចាត់​វិធានការរ​បស់​អាជ្ញាធរ​លើ​ករណី​នេះ​ផងដែរ​។​




​តាម​សេចក្ដីថ្លែងការណ៍ ដែល​ចេញ​នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២០ ក្រសួង​កិច្ចការនារីថា ការ​ចែកចាយ​រូបភាព​អាសអាភាស​តាម​បណ្ដាញ​សង្គម ក្នុងពេល​បច្ចុប្បន្ន នឹងត្រូវ​អាជ្ញាធរ នាំទៅ​អប់រំ ឬក៏​អាច​ព្រមាន មុន​ឈានដល់​ការចាត់វិធានការ​ជាក់លាក់​ណាមួយ ដល់​អ្នកលក់​ផលិតផល​អន​ឡាញ​។ 
 
​ក្រសួង​កិច្ចការនារី បន្តថាការទប់ស្កាត់​សកម្មភាព​ផ្សព្វផ្សាយ​រូបភាព​អាសអាភាស​ទាំងអស់នោះ ក៏​ជាការ​បង្កើន​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ ក៏ដូចជា​រក្សា​ការពារ និង​លើកកម្ពស់​ទំនៀមទម្លាប់​ប្រពៃណី​ល្អ​របស់​ជាតិ​។ បើតាម​ក្រសួង​កិច្ចការនារី សកម្មភាព​ផ្សព្វផ្សាយ​ផលិតផល​តាម​អន​ឡាញ ​ដែល​ប្រើប្រាស់​រូបភាព​អាសអាភាស មានតែ​មួយចំនួន​តូច​ប៉ុណ្ណោះ ហើយ​ការទប់ស្កាត់​នេះ ​មិនបាន​សំដៅ​រឹតបន្តឹង​សិទ្ធិ​សេរី​របស់​ស្ត្រី​ខ្មែរ​នោះទេ​៕ 
 

Tag:
 អ្នកលក់​អន​ឡាញ​
© រក្សាសិទ្ធិដោយ thmeythmey.com