ជាតិ
​សម្តេច ស ខេង ស្នើ​ឲ្យ​គ្រប់ភាគី​ដែល​ធ្វើ​ផ្លូវ គិតគូរ​រៀប​ប្រព័ន្ធ​ចរាចរណ៍​ផងដែរ
26, Feb 2020 , 10:39 pm        
រូបភាព
ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៦កុម្ភៈ ឆ្នាំ២០២០ ។
ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៦កុម្ភៈ ឆ្នាំ២០២០ ។
ភ្នំពេញ​៖ សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានទាមទារ​ឲ្យ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ដែលមាន​តួនាទី​រៀបចំ​ការចំណាយ​ក្នុង​ការធ្វើ​ផ្លូវ​នីមួយៗ គិត​បញ្ចូល​ទាំង​គម្រោង​ចំណាយ​នៃ​ការរៀបចំ​ប្រព័ន្ធ​ចរាចរណ៍​ផងដែរ​។ រដ្ឋមន្ត្រី​រូបនេះ សង្កត់ធ្ងន់ថា គ្រប់ភាគី​ទាំងអស់​ដែល​ពាក់ព័ន្ធ​ក្នុងការធ្វើ​ផ្លូវ ចាំបាច់​ត្រូវ​ផ្តល់​អាទិភាព​ដល់​ស្លាកស​ញ្ញាច​រាច​រណ៍ ហើយ​មិន​ត្រូវយក​ស្លាក​ផ្សាយពាណិជ្ជកម្ម មក​ដាក់​បាំង​ពីមុខ​ស្លាក​សញ្ញា​ចរាចរណ៍​ឡើយ​។​

 
​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៩ របស់​រដ្ឋបាល​ខេត្តបាត់ដំបង នា​ព្រឹក​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២០ សម្តេច ស ខេង ដែលមាន​ឋានៈ​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ផង​នោះ បានកត់សម្គាល់​ឃើញថា ក្នុងពេល​ធ្វើផ្លូវ​ម្តងៗ ប្រហែល​ក្រសួង​ពាក់ព័ន្ធ មិនបាន​ប​ញ្ជូ​ល​គម្រោង​ថវិកា ដើម្បី​ចំណាយ​ទៅលើ​ការដាក់​ភ្លើង​សញ្ញា​ចរាចរណ៍ នៅ​កន្លែង​ទីប្រជុំជន ទីក្រុង ឬក៏​កន្លែង​ដែល​មិនមាន​ស្លាក​សញ្ញា​សម្រាប់​ចរាចរណ៍​នោះទេ​។ រដ្ឋមន្ត្រី​មហាផ្ទៃ​រូបនេះ បន្តថា ស្លាក​សញ្ញា​ចរាចរណ៍​នៅលើ​ផ្លូវ និង​នៅតាម​ដងផ្លូវ​នានា គឺ​នៅ​ខ្វះ​ច្រើនណាស់​។ 
 
​សម្តេច មានប្រសាសន៍​ដូច្នេះ​ថា​៖«​នេះ​គឺជា​កម្មវត្ថុ​មួយ ដែល​យើង ជជែក ពិភាក្សាគ្នា ថា​តើ​ត្រូវធ្វើ​យ៉ាងម៉េច​...​អាចទៅរួច​ទេ ក្នុងពេលដែល​ធ្វើ​ផ្លូវជាតិ​មួយ ផ្លូវ​ខេត្ត​មួយ តម្លៃ​ផ្លូវ​មួយ​ត្រូវ​គិត​ទាំង​ការធ្វើ​ផ្លូវ​ចាក់​កៅស៊ូ ចាក់​បេតុង​នោះ​ផង ហើយក៏​គិត​ទាំង​ស្លាក​សញ្ញា​ចរាចរណ៍​នោះ​ផង ឲ្យ​ហើយ​តែម្តងទៅ ជៀសវាង​ពេលធ្វើ​ផ្លូវ​រួចហើយ ដល់ពេល​រៀបចំ​ស្លាក​សញ្ញា​ចរាចរណ៍ អត់​មាន​លុយ​»​។ សម្តេច បាន​បន្ថែមថា មកដល់ពេលនេះ ផ្លូវ​នៅ​កន្លែង​ខ្លះ ត្រូវ​ចាំបាច់​ដាក់​កាមេរ៉ា​នៅនឹងកន្លែង មិនមែន​កាមេរ៉ា​ចល័ត​នោះទេ ដើម្បី​ចាប់​លឿន​។​
 
​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​រូបនេះ ទទួលស្គាល់ថា​ការធ្វើ​ផ្លូវ គឺ​ដើម្បី​បម្រើ​ដល់​ការធ្វើដំណើរ ការដឹកជញ្ជូន និង ដំណើរ​ទេសចរណ៍​ជាដើម  ប៉ុន្តែ​បើ​ធ្វើ​ផ្លូវ​ហើយ មិន​បំពាក់​ឧបករណ៍​ឬក៏​ស្លាក​សញ្ញា​ចរាចរណ៍​ត្រឹមត្រូវ វា ប៉ះពាល់​ជីវិត​មនុស្ស  មានន័យថា ការអភិវឌ្ឍ​មិន​គ្រប់​ជ្រុងជ្រោយ ដែល​លែងមាន​សុវត្ថិភាព ក្នុងការ​ធ្វើដំណើរ​។ សម្តេច យល់ថា វា ជា​បញ្ហា​ដែល​ត្រូវ​ជជែក​គ្នា​បន្ថែមទៀត​ជាមួយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​គឺ​ទាក់ទង​នឹង​ការសិក្សា​អំពី​វិសោធនកម្ម​ច្បាប់​ចរាចរណ៍​ផ្លូវគោក​៕ 

Tag:
 ស្លាក​សញ្ញា​ចរាចរណ៍​
  ស្លាក​ផ្សាយពាណិជ្ជកម្ម​
  ស ខេង​
© រក្សាសិទ្ធិដោយ thmeythmey.com