ជាតិ
ជប៉ុន ផ្តល់ជំនួយ​ជាង​១,៤​លាន​ដុល្លារ លើ​វិស័យ​កសិកម្ម អាហារូបត្ថម្ភ និង បោសសម្អាត​មីន​
26, Feb 2020 , 8:19 pm        
រូបភាព
ពិធីចុះហត្ថលេខារវាង លោក ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា (អង្គុយពាក់អាវខ្មៅ) និង លោក ស៊ុអេណាហ្គា ណូរិយូស៊ី ប្រធានតំណាងអង្គការ JMAS
ពិធីចុះហត្ថលេខារវាង លោក ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា (អង្គុយពាក់អាវខ្មៅ) និង លោក ស៊ុអេណាហ្គា ណូរិយូស៊ី ប្រធានតំណាងអង្គការ JMAS
​ភ្នំពេញ​៖ ជប៉ុន​ផ្ដល់​ជំ​នួន​ឥត​សំណង​ជាង​១,៤​លាន​ដុល្លារ សម្រាប់​ជួយ​លើ​វិស័យ​កសិកម្ម អាហារូបត្ថម្ភ និង បោសសម្អាត​មីន នៅក្នុង​ខេត្តកំពង់ឆ្នាំង កំពង់ធំ និង កំពង់ចាម​។


 
​លោក មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ប្រារព្ធ​ពិធី​ចុះហត្ថលេខា​ប្រគល់​ជំនួយ​នេះ ដល់​អង្គការ​៣ នៅ​ស្ថានទូត​ជប៉ុន នា​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២០​។ 
 
​អង្គការ​មូលនិធិ​សម្រាប់​ការអភិវឌ្ឍន៍​និង​ជំនួយ​សង្គ្រោះ​អន្តរជាតិ (FIDR) ទទួលបាន​ជំនួយ​ជាង​២៦​ម៉ឺន​ដុល្លារ​។ ជំនួយ​នេះ គឺ​សម្រាប់​គម្រោង​សន្តិសុខ​ស្បៀង​និង​អាហារូបត្ថម្ភ​ក្នុង​ខេត្តកំពង់ឆ្នាំង រយៈពេល​ឆ្នាំ​ទី​៣​។ លោក​ឯកអគ្គរាជទូត បានលើកឡើង​ក្នុង​ពិធី​ចុះហត្ថលេខា​ថា អង្គការ FIDR រួមចំណែក​យ៉ាងសំខាន់​ក្នុងការ​លើកកម្ពស់​ជីវ​ភាព​ពលរដ្ឋ ដោយបាន​ណែនាំ​ធ្វើ​កសិកម្ម​និង​ស្ថានភាព​សុខភាព តាម​ការអប់រំ​អនាម័យ​និង​អាហារូបត្ថម្ភ​ក្នុង​ខេត្តកំពង់ឆ្នាំង​។ 
 
​លោក មានប្រសាសន៍ថា​៖«​ឆ្នាំនេះ ជា​ឆ្នាំ​ចុងក្រោយ សម្រាប់​គម្រោង​នេះ ដូច្នេះ​យើង​រំពឹង​តំបន់​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព តាមរយៈ​ការជំរុញ​រក្សា​ឲ្យ​បាន​បច្ចេកទេស និង​ចំណេះដឹង​ពីរ​ឆ្នាំកន្លងមក និង​ពង្រឹង​ការបណ្ដុះបណ្ដាល​អ្នកដឹកនាំ​ក្នុង​តំបន រួមទាំង​ធ្វើ​បណ្ដាញ​ប្រជាជន​និង​ប្រជាជន ដើម្បី​អភិវឌ្ឍ​ថែមទៀត ក្នុង​តំបន់​ក្រោយ​គម្រោង​នេះ​បញ្ចប់​»​។ 


ការថតរូបជុំគ្នារវាងក្រុមអង្គការ FIDR ជាមួយឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា
 
​ចំណែក អង្គការ​សកម្មភាព​ក​ម្ចា​ត់​មីន​ជប៉ុន (JMAS) ទទួលបាន​ជំនួយ​ជាង​៧២​ម៉ឺន​ដុល្លារ សម្រាប់​គម្រោង​ផ្ទេរ​បច្ចេកទេស​មេកានិច​គ្រប់​ជ្រុងជ្រោយ ក្នុងការ​បោសសម្អាត​មីន​នៅ​ខេត្តកំពង់ធំ ឆ្នាំ​ទី​៣​។ លោក​ឯកអគ្គរដ្ឋទូត បាន​បញ្ជាក់ថា គម្រោង​ផ្ទេរ​បច្ចេកទេស​នេះ ក៏​ជា​ឆ្នាំ​ចុងក្រោយ​ដែរ សម្រាប់​ការផ្ទេរ​បច្ចេកទេស​ទៅដល់​មជ្ឈមណ្ឌល​សកម្ម​ភាព​កម្ចាត់មីន​កម្ពុជា (CMAC)​។ លោក បង្ហាញ​ក្តី​រំពឹងថា​៖«​តាមរយៈ​គម្រោង​នេះ សហគមន៍​មូលដ្ឋាន នឹងមិន​មានការ​ភ័យខ្លាច​ពី​មីន​និង​អាវុធយុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ទេ ហើយនឹង​មានការ​អភិវឌ្ឍ​សហគមន៍​បន្ថែម​»​។ 
 
​រីឯ វិទ្យាស្ថាន​កែលម្អ​និង​អភិរក្ស​បរិស្ថាន (ERECON) ទទួលបាន​ជំនួយ​ជាង​៤៣​ម៉ឺន​ដុល្លារ សម្រាប់​គម្រោង​លើកកម្ពស់​ស្ថានភាព​កសិកម្ម​ប្រកបដោយ​ចីរភាព ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ ក្នុង​ខេត្តកំពង់ចាម រយៈពេល​ឆ្នាំ​ទី​៣​។ លោក​ឯកអគ្គរាជទូត និយាយថា គម្រោង​របស់ ERECON គឺ​ឆ្នាំ​ចុងក្រោយ​ដូចគ្នា ហើយ​លោក សង្ឃឹមថា ERECON នឹង​ជំរុញ​ការផ្សព្វផ្សាយ​អំពី​វិធី​ប្រើប្រាស់​ឡើងវិញ​នូវ​ធនធានធម្មជាតិ​ដល់​កសិករ​ធម្មតា និង​លក់​ផលិតផល​កសិកម្ម​តាមរយៈ​ប្រព័ន្ធ​ចែកចាយ​៕

ការថតរូបជុំគ្នារវាងក្រុមអង្គការ JMAS និង ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា


Tag:
 ជប៉ុន​
  ជំនួយឥតសំណង
© រក្សាសិទ្ធិដោយ thmeythmey.com