ជាតិ
សម្ដេច ហ៊ុន សែន ប្រាប់​ឱ្យ​ពលរដ្ឋ​រង់ចាំ​មើល​លទ្ធផល​ចុងក្រោយ​នៃ​ទំនាក់ទំនង​កម្ពុជា​-​ចិន ដោយ​កុំ​ទាន់​វាយតម្លៃ​
26, Feb 2020 , 4:57 pm        
រូបភាព
​ភ្នំពេញ​៖ សម្ដេច ហ៊ុន សែន មិន​ចង់ឱ្យ​មជ្ឈដ្ឋាន​ទូទៅ​វាយតម្លៃ​បែប​អវិជ្ជមាន​លើ​ទំនាក់ទំនង​រវាង​កម្ពុ​ជា​-​ចិន ឡើយ​។ ពី​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវជាតិ​លេខ​៥៨ នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយ​ជ័យ នា​ព្រឹក​ថ្ងៃទី​២៦ ខែកុម្ភៈ​នេះ នាយករដ្ឋមន្ត្រី​កម្ពុជា ប្រាប់​ឱ្យ​ពលរដ្ឋ​រង់ចាំ​មើល​លទ្ធផល​ចុងក្រោយ​នៃ​ទំនាក់ទំនង​ភាគី​ទាំងពីរ​សិន មុននឹង​ឈានដល់​ការវាយតម្លៃ​។​


 
«​ខ្ញុំ​គ្រាន់តែ​បញ្ជាក់ថា បើ​ចិន​មិន​ជួយ​កម្ពុជា​ទេ តើ​មាន​វត្តមាន​ផ្លូវជាតិ​លេខ​៥៨ ប្រវែង​១៧៤​គីឡូ​នៅថ្ងៃនេះ​ទេ​?...​។ នេះ​ជាការ​លើកឡើង​របស់​នា​យក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ចាត់ទុក​រាល់​ការរិះគន់​លើ​ទំនាក់ទំនង​រវាង​កម្ពុ​ជា​-​ចិន កន្លងមក​ថា ជាការ​គិត​បែប​អគតិ និង​យល់​មិនទាន់​ច្បាស់​ពី​នយោបាយ​ការទូត​នៃ​ភាគី​ទាំងពីរ​។​



 
​សម្រាប់​លោកនាយក​រដ្ឋមន្ត្រី ទំនាក់ទំនង​កម្ពុជា​-​ចិន គឺ​ផ្ដល់​ផលប្រយោជន៍​ឱ្យ​គ្នា​ទៅវិញទៅមក ដោយ​ស្មើមុខស្មើមាត់​រវាង​រដ្ឋ​និង​រដ្ឋ ហើយ​គ្មាន​ការជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​គ្នា​ឡើយ​។ ដោយសារ​មើលឃើញ​ពី​ភាព​វិជ្ជមាន​នៃ​ទំនាក់ទំនង​ទ្វេភាគី​នេះ ទើប​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា មិន​ចង់ឱ្យ​អ្នកណាម្នាក់​វាយតម្លៃ និង​យល់​ខុស នូវ​អ្វីដែល​រដ្ឋាភិបាល​កំពុង​អនុវត្ត​នោះទេ​។​
 
​សម្ដេច ហ៊ុន សែន ដែល​បាន​លើក​ពី​សមិទ្ធផល​នានា​របស់​កម្ពុជា ក្រោម​ការជួយជ្រោមជ្រែង​ពី​ចិន​នោះ បាន​ឆ្លៀត​រិះគន់​ទៅលើ​អ្នកវាយតម្លៃ​អវិជ្ជមាន​នៃ​ទំនាក់ទំនង​កម្ពុជា​-​ចិន ដូច្នេះ​ថា​៖«​អ្នក​បានគិត​(​អវិជ្ជមាន​លើ​ទំនាក់ទំនង​កម្ពុជា​-​ចិន​) ខុស​ហើយ​។ អ្នក​គិតពី​បញ្ហា​អ្វី​ជា​រឿង​របស់​អ្នក ប៉ុន្តែ​អ្នក​បាន​បំផ្លិចបំផ្លាញ​ផលប្រយោជន៍​នៃ​ប្រជាជន​កម្ពុជា​លើ​ភាពជាក់ស្ដែង​»​។​
 
​កាលពី​ខែធ្នូ ឆ្នាំ​២០១០ កម្ពុជា និង​ចិន បានសម្រេច​ដំឡើង​ទំនាក់ទំនង​ការទូត​ឲ្យ​ដល់​កម្រិត «​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​» ដែលជា​កម្រិត​ខ្ពស់បំផុត​នៃ​ទំនាក់ទំនង​ការទូត​ទ្វេភាគី​។ ការសម្រេច​នេះ ធ្វើឡើង​អំឡុង​ជំនួប​វាង​នាយករដ្ឋមន្ត្រី​កម្ពុជា សម្ដេច ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​ចិន វេន ជា​ប៉ាវ (Wen Jiabao) ។​
 
​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ គឺ​សុទ្ធតែ​ផ្ដល់​ប្រយោជន៍​ដល់​ភាគី​ទាំងសងខាង​។  ជារួម​ភាគី​ទាំងពីរ នឹង​ជួយ​គាំទ្រ​គ្នា​ទៅវិញទៅមក​លើ​វិស័យ​ជាច្រើន ស្ទើរតែ​ទាំងអស់​ទាំង​សេដ្ឋកិច្ច​, នយោបាយ​, សន្តិសុខ​,​ការទូត​,​ហិរញ្ញវត្ថុ​, ពាណិជ្ជកម្ម​, វប្បធម៌​និង​ទំនាក់ទំនង​រវាង​ប្រជាជន​និង​ប្រជាជន​ផងដែរ​។ ទំនាក់ទំនង​បែបនេះ វា​នឹង​ជួយ​ឱ្យសម្រេចបាន​គោលដៅ​ដែល​បានដាក់​ចេញ ក៏ដូចជា​បង្កើន​ទំនាក់ទំនង​សេដ្ឋកិច្ច ពង្រីក​ទំហំ​ពាណិជ្ជកម្ម​រវាង​ភាគី​ទាំងពីរ និង​ការជួយ​គ្នា​ទៅវិញទៅមក​លើ​ឆាក​អន្តរជាតិ​ផ្សេង​។​
 
​ព្រោះតែ​ភាព​វិជ្ជមាន​ទាំងនេះហើយ ទើប​ធ្វើឱ្យ​នាយករដ្ឋមន្ត្រី​កម្ពុជា ជឿជាក់​លើ​នយោបាយ​ការទូត​របស់ខ្លួន​។ «​សូមអ្នក​ទាំងអស់គ្នា រង់​ចាំមើល​លទ្ធផល​ចុងក្រោយ នូវ​លទ្ធផល​ចុងក្រោយ តើ​កម្ពុជា​នឹង​សម្រេចបាន​នូវ​ទំនាក់ទំនង​នេះ យ៉ាងម៉េច​?...​។ នេះ​ជាការ​បញ្ជាក់​របស់​ប្រមុខ​រដ្ឋាភិបាល​។​
 
អត្ថបទទាក់ទង
 
​ដ្បិត​ចិន​ជួយ​កម្ពុជា កសាង​ស្ពាន មន្ទី​ពេទ្យ ផ្លូវថ្នល់ និង​អគារ​ធំៗ​ពិតមែន ប៉ុន្តែ​វា​ក៏​សុទ្ធតែជា​ហិរញ្ញប្បទាន ឬ​បំណុល ដែល​កម្ពុជា ខ្ចី​យកមក​កសាង និង​ត្រូវ​បង់​សង​ត្រឡប់​ទៅវិញ​ដែរ​។ នោះ​ក៏​ព្រោះ​វា ស្ថិតនៅក្នុង​ក្រោម​គម្រោង​គំនិត​ផ្ដួចផ្ដើម​ថ្មី​របស់​ចិន​មាន «​ខ្សែក្រវ៉ាត់​មួយ វិថី​មួយ​» «​ផ្លូវ​សូត្រ​សមុទ្រ​» និង ធនាគារ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី ដែល​កំពុង​ដើរតួ​សំខាន់​ផ្ដល់​ប្រយោជន៍​ដល់​កម្ពុជា​យ៉ាងច្រើន​ដែរ​។ គំនិត​ផ្ដួចផ្ដើម​ទាំងនេះ បាន​ផ្ដល់ឱកាស​ទូលំទូលាយ​ឲ្យ​កម្ពុជា ដែល​ត្រូវការ​ការវិនិយោគ​ពី​បរទេស ដើម្បី​អភិវឌ្ឍ​ប្រទេស​នោះ​។​
 
​តើ​វា​ជា​អន្ទាក់​បំណុល​មែន​ទេ​?​នេះ​ជាការ​លើកឡើង​សាធារណជន​ដែល​ព្រួយបារម្ភ និង​រិះគន់ថា កម្ពុជា​នឹង​ធ្លាក់ចូល​អន្ទាក់​បំណុល​ចិន តាមរយៈ​គម្រោង​«​ខ្សែក្រវាត់ និង​វិថី​» របស់​ចិន បើ​ទោះ​គម្រោង​នេះ ផ្ដល់​ប្រយោជន៍​ដល់​ប្រទេស​ជា​ដៃគូ​សហការ​ក្តី​។​
 
«​ខ្ញុំ​មិន​ជឿថា កម្ពុជា​ធ្លាក់ចូល​អន្ទាក់​បំណុល​ចិន​ឡើយ​»​។ សម្ដេច ហ៊ុន សែន ហ៊ាន​អះអាង​កន្លងមក​បែបនេះ ដោយ​សម្អាងថា រដ្ឋាភិបាល​ខ្លួន មានការ​គ្រប់គ្រង និង​ចាត់ចែង​រាល់​ប្រាក់កម្ចី​ពី​បរទេស​ច្បាស់លាស់ ដែល​មិន​ធ្វើឱ្យ​ងាយ​ផុង​ចូល​អន្ទាក់​បំណុល​ទេ​។ សម្រាប់​ប្រមុខ​រដ្ឋាភិបាល ការរិះគន់​កម្ពុជា​ថា កំពុង​ធ្លាក់ចូល​អន្ទាក់​បំណុល​ចិន​នោះ គឺជា​ការមើលស្រាល​កម្ពុ​ជា​។​
 
​បើ​មេដឹកនាំ​កម្ពុជា ពិតជា​មាន​ជំហរ​ការពារ​ប្រយោជន៍​ជាតិ​ច្បាស់ នោះ​ក៏​មិន​ជាប់អន្ទាក់​បំណុល​ចិន​ឡើយ​។ ជំហរ​ការពារ​ប្រយោជន៍​ជាតិ​របស់​មេដឹកនាំ​កម្ពុជា ដែល​គេ​ចង់ឃើញ​នោះ គឺ​ការចរចា​ដោយ​ស្មើភាព និង​ផ្ដល់​ប្រយោជន៍​រួម ដល់​ប្រជាពលរដ្ឋ ប្រកបដោយ​តម្លាភាព និង​ចីរភាព ។ ជាពិសេស​ការបើក​ទូលាយ​ឲ្យ​មានការ​ចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ សិក្សា​ស្រាវជ្រាវ និង​ពិភាក្សា រាល់​ការវិនិយោគ​របស់​ចិន តាមរយៈ​គម្រោង​«​ខ្សែក្រវាត់ និង​វិថី​» ដើម្បី​បញ្ចៀស​ហានិភ័យ និង​ភាព​រងគ្រោះ​ដល់​ប្រជាពលរដ្ឋ​។ រដ្ឋាភិបាល​ត្រូវ​គ្រប់គ្រង​ហិរញ្ញប្បទាន​សាងសង់​គម្រោង​នីមួយៗ ឲ្យ​មាន​តម្លាភាព និង​គណនេយ្យភាព ទប់ស្កាត់​អំពើពុករលួយ ដែល​នាំ​ឲ្យ​ជាប់អន្ទាក់​បំណុល​បរទេស​ជាដើម​។ នេះ​ជាការ​លើកឡើង​របស់លោក ឈាង វណ្ណា​រិ​ទ្ធ ប្រធាន​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​៕

Tag:
 ​ហ៊ុន សែន​
  ការទូត​
  កម្ពុជា​-​ចិន​
© រក្សាសិទ្ធិដោយ thmeythmey.com