កីឡាជាតិ
ជាតិ
គ្រូ Bali សរសើរ​ស្វាយរៀង​លេង​វាយបក​បានល្អ តែ​លោក Conor ហាក់​មិន​ពេញចិត្ត​
26, Feb 2020 , 9:59 pm        
រូបភាព
លោក Conor Nestor (រូបក្នុងរង្វង់ខាងលើ) និងគ្រូជំនួយក្រុម Bali United, រូបភាពពីក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង
លោក Conor Nestor (រូបក្នុងរង្វង់ខាងលើ) និងគ្រូជំនួយក្រុម Bali United, រូបភាពពីក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង
ដោយ:
​លោក Eko Purdjianto គ្រូ​ជំនួយ​ក្រុម Bali United សរសើរ​ទម្រង់​លេង​វាយបក​របស់​ព្រះខ័ន​រាជ​ស្វាយរៀង ដែល​ជួយ​ក្រុម​នេះ​អាច​យកឈ្នះ​ក្រុម​ខ្លួន​ក្នុង​លទ្ធផល ២-១ នា​ការប្រកួត​ពូ​ល G នៃ​ពានរង្វាន់ AFC Cup កាលពី​ថ្ងៃ​ពុធ ម្សិលមិញ​។ ផ្ទុយទៅវិញ​លោក Conor Nestor គ្រូបង្វឹក​ព្រះខ័ន​រាជ​ស្វាយរៀង ហាក់​មិន​ពេញចិត្ត​ចំពោះ​ទម្រង់​លេង​នេះឡើយ​។

   
 
​នា​សន្និសីទ​សារព័ត៌មាន​ក្រោយ​ជំនួប​ព្រះខ័ន​រាជ​ស្វាយរៀង​យកឈ្នះ Bali United ២-១ លោក Eko Purdjianto គ្រូ​ជំនួយ ក្រុម Bali United សរសើរ​ព្រះខ័ន​រាជ​ស្វាយរៀង​ថា ជា​ក្រុម​មាន​សមត្ថ​ភាពខ្លាំង និង​មានការ​រៀបចំ​បានល្អ​។ លើសពីនេះ​លោក​សរសើរ​លើ​ប្រព័ន្ធ​លេង​វាយបក​របស់​ក្រុម​មាន​មូលដ្ឋាន​នៅ​ខេត្តស្វាយរៀង​មួយ​នេះ​។ លោក​អះអាងថា​ប្រព័ន្ធ​លេង​វាយបក​របស់​ស្វាយរៀង​មានគុណ​ភាព​ខ្ពស់ ដែល​បាន​បង្ក​គ្រោះថ្នាក់​ដល់​ក្រុម​របស់លោក​។ 
 
​គ្រូ​ជំនួយ​រូបនេះ​សង្កេតឃើញថា កូនក្រុម​របស់លោក​បាន​បង្កកំហុស​មួយចំនួន​នៅ​តំបន់​ការពារ​ក្នុង​តង់​ទី​១ ដែល​ហុច​ឱកាស​ឲ្យ​កីឡាករ​ព្រះខ័ន​រាជ​ស្វាយរៀង​អាច​រក​គ្រាប់​បាល់​នាំមុខ ២-០ នៅ​តង់​ទី​១​។  ការលើកឡើង​បែបនេះ ទំនងជា​លោក​ចង់​សំដៅ​ទៅលើ​គ្រាប់​បាល់​ទី​ពីរ​របស់​ព្រះខ័ន​រាជ​ស្វាយរៀង ដែល​ខ្សែប្រយុទ្ធ Jean Befolo Mbarga បាន​ឆាប​យក​បាល់​ក្រោយ​កា​រប​ញ្ចូ​ន​របស់​កីឡាករ Bali ទៅ​តំបន់​ការពារ​។ 
 
​តែ​យ៉ាងណា​គ្រូ​ជំនួយ​រូបនេះ ទទួលស្គាល់ថា ការប្រកួត​ជាមួយ​ព្រះខ័ន​រាជ​ស្វាយរៀង គឺមាន​ភាព​តានតឹង​និង​លំបាក​ខ្លាំង​សម្រាប់​ក្រុម Bali ដ្បិត​ពួកគេ​បិទ​បាន​យ៉ាង​ល្អ​មិន​ឲ្យ​កីឡាករ​របស់ Bali លេង​ស្រួល​នោះទេ ទោះបី​ក្រុម​នេះ​បាន​គ្រប់គ្រង​បាល់​បាន​ច្រើន​ក្នុង​តង់​ទី​២​ក៏ដោយ​។ លោក ហាក់​ខកចិត្ត​ជាមួយ​កីឡាករ​របស់លោក ដែល​ទទួលបាន​ឱកាស​ជាច្រើន តែ​ធ្វើ​មិនបាន​សម្រេច​។​
 
«​ខ្ញុំ​បាន​និយាយ​រួចហើយ វា​មិនមែនជា​រឿង​ងាយស្រួល​ឡើយ​ក្នុង​ការលេង​ជាមួយ ព្រះខ័ន​រាជ​ស្វាយរៀង​។ វា​ជាការ​ប្រកួត​ដ៏​ល្អ និង​លំបាក​ខ្លាំង​សម្រាប់ Bali ប៉ុន្តែ​យើង​បាន​បង្កើត​ឱកាស​ជាច្រើន តែ​ធ្វើ​មិនបាន​សម្រេច នេះ​គឺជា​បាល់ទាត់​។ នៅ​តង់​ទី​១ យើង​បាន​បង្កើត​កំហុស​ដល់​ទៅ​ពីរ និង​មិនអាច​រក​គ្រាប់​បាល់​បាន​។ ប៉ុន្តែ​នៅ​តង់​ទី​២ យើង​ធ្វើ​បានល្អ​ជាង​មុន និង​អាច​រកបាន​១​គ្រាប់​»​។ នេះ​ជាការ​លើកឡើង​របស់លោក Eko Purdjianto​។   
 
​ផ្ទុយទៅវិញ គ្រូបង្វឹក​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង លោក Conor Nestor ហាក់​មិន​ពេញចិត្ត​ចំពោះ​ទម្រង់​លេង​បែប​វាយបក​របស់​កូនក្រុម​ឡើយ ទោះបី​ពួកគេ​អាចជួយ​ឲ្យ​ស្វាយរៀង​ទទួលបាន​ជ័យជម្នះ​ក្នុងការ​ប្រកួត​នេះ​ក៏ដោយ​។ សម្រាប់​លោក​ការប្រើ​ទម្រង់​លេង​វាយបក​នេះ គឺ​បង្ហាញ​ពី​ភាពកំសោយ​របស់​កីឡាករ​ក្នុងការ​គ្រប់គ្រង​បាល់ ឬ​លេង​ប្រយុទ្ធ​តប​ទល់​ជាមួយ​គូប្រកួត​។  
 
​គ្រូបង្វឹក​សញ្ជាតិ​អៀរ​ឡង់​រូបនេះ ក៏បាន​បង្ហាញ​អារម្មណ៍​មិន​ពេញចិត្ត​ផងដែរ ចំពោះ​ទម្រង់​លេង​បែប​ការពារ​របស់​កូនក្រុម​នៅ​តង់​ទី​២​។ លោក Conor Nestor អះអាងថា លោក​មិនបាន​រៀបចំ​ឲ្យ​ប្រើ​ទម្រង់​លេង​បែប​ការពារ​នោះទេ ពោលគឺ​កាលៈទេសៈ​បង្ខំ​ឲ្យ​កីឡាករ​លេង​បែបនេះ ក្រោយ​រង​ការដាក់​សម្ពាធ​ខ្លាំង​ពី​សំណាក់​ក្រុម Bali United​។ សម្រាប់ លោក​ការលេង​បែប​ការពារ​មិនមែនជា​ការលេង​ដោយ​ល្បិចកល​នោះទេ ហើយ​ការលេង​បែបនេះ បង្ខំ​ឲ្យ​កីឡាករ​ត្រូវ​ធ្វើការ​ច្រើនជាង​មុន ដើម្បី​ទប់ទល់​នឹង​ការ​វាយ​សម្រុក​របស់​គូប្រកួត​។  
 
​តែ​យ៉ាងណា គ្រូបង្វឹក​រូបនេះ សរសើរ​ការខិតខំ​ប្រឹង​ប្រែង​របស់​កីឡាករ​ព្រះខ័ន​រាជ​ស្វាយរៀង ដែល​អាច​ទប់​មិន​ឲ្យ​មានការ​ស៊ុត​បញ្ចូល​ទី​ពី​ក្រុម Bali United ដែល​ព្យាយាម​ដាក់​សម្ពាធ​មកលើ​ពួកគេ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ពួកគេ ថែមទាំង​អាច​រក​គ្រាប់​បាល់​នាំ​ជ័យជម្នះ​ជូន​ក្រុម និង​អ្នកគាំទ្រ​ទៀតផង​។ ជាមួយគ្នានេះ លោក ក៏បាន​អរគុណ​ផងដែរ​ដល់​អ្នកគាំទ្រ ដែល​បាន​មកជួយ​លើក​ទឺ​ក​ចិត្ត និង​ផ្តល់​កម្លាំងចិត្ត​ឲ្យ​កីឡាករ រហូត​អាចធ្វើ​រឿង​ដ៏​អស្ចារ្យ​មួយ​នេះ​ជូន​ជាតិ​មាតុភូមិ​៕   

Tag:
 AFC Cup 2020
  Conor Nestor
  Eko Purdjianto
© រក្សាសិទ្ធិដោយ thmeythmey.com