COVID-19
អន្តរជាតិ
ប៉ូលិសចិនប្រមាណ៥០នាក់ស្លាប់ដោយសារ COVID-19 ក្រោយប្រឹងសង្គ្រោះអ្នកដទៃ
× លោក Du Hangwei អនុរដ្ឋមន្ត្រីទទួលបន្ទុកសុវត្ថិភាពសាធារណៈចិន បានអះអាងនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធថា យ៉ាងហោចណាស់មន្ត្រីប៉ូលិស៤៩នាក់នៅទូទាំងប្រទេសបានស្លាប់ដោយសារតែជំងឺរលាកសួតកូរ៉ូណាវីរុស (COVID-19) ដោយសារតែពួកគេជាកម្លាំងនាំមុខគេក្នុងយុទ្ធនាការសង្គ្រោះពលរដ្ឋដែលញាំញីដោយសារជំងឺមួយនេះ។
យោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua លោក Du Hangwei បានលើកឡើងពីកិច្ចប្រឹងប្រែងរបស់កងកម្លាំងមានសមត្ថកិច្ចក្នុងការជួយសង្គ្រោះមនុស្ស ក៏ដូចជាការប្រឹងប្រែងទប់ស្កាត់ភាពអសកម្មផ្សេងៗ ខណៈដែលប្រទេសទាំងមូលកំពុងញាំញីដោយ COVID-19។
អនុរដ្ឋមន្ត្រីទទួលបន្ទុកសុវត្ថិភាពសាធារណៈរូបនេះ បានលើកឡើងពីបទល្មើសប្រមាណ២២០០០ករណីជុំវិញ COVID-19 ដែលក្នុងនោះមានជនសង្ស័យជាង៤០០០នាក់ត្រូវបានឃុំខ្លួន។ ករណីល្មើសទាំងនោះ មានដូចជា ការតម្លើងថ្លៃម៉ាស់ និងទឹកសម្អាត ការលក់ផលិតផលក្លែងក្លាយ និងការបំប៉ោងព័ត៌មានផ្សេងៗ។
ជាមួយគ្នានេះ លោកបានសម្តែងការសោកស្តាយចំពោះការបាត់បង់ជីវិតមន្ត្រីប៉ូលិស៤៩នាក់នៅទូទាំងប្រទេសចិន បើគិតចាប់តាំងពីការរាលដាល COVID-19 ពីខែធ្នូ ឆ្នាំ២០១៩ មក។ អ្នកទាំងនោះ បានស្លាប់ដោយសារ COVID-19 ៕
© រក្សាសិទ្ធិដោយ thmeythmey.com