ជាតិ
សង្គមជាតិ
កន្រ្ដកវិលកម្ពស់៨៥ម៉ែត្រ រំពឹងទាក់ទាញទេសចរមកពីគ្រប់មជ្ឈដ្ឋាន
26, Feb 2020 , 10:40 pm        
រូបភាព
សៀមរាប៖ កន្រ្ដកវិលដែលវិនិយោគរួមគ្នារវាងសហគ្រិនជនជាតិខ្មែរ និងជប៉ុន បានដាក់ឱ្យដំណើរការហើយចាប់ពីពេលនេះតទៅ។ កន្រ្ដកវិលដែលមានកម្ពស់៨៥ម៉ែត្រ និងខ្ពស់ជាងគេលំដាប់ទី៣នៅអាស៊ីអាគ្នេយ៍ គឺជាកញ្ចប់ទេសចរណ៍ថ្មីមួយបន្ថែមទៀតសម្រាប់ខេត្តសៀមរាប និងត្រូវបានរំពឹងថា អាចទាក់ទាញទេសចរចូលមកកម្សាន្តពីគ្រប់មជ្ឈដ្ឋាន។



លោក ម៉េង ហៀង អគ្គនាយកក្រុមហ៊ុនអង្គរអាយ ដែលវិនិយោគកន្រ្ដកវិលរួមគ្នាជាមួយជនជាតិជប៉ុន បានលើកឡើងថា៖« ខ្ញុំសង្ឃឹមថា កន្រ្ដកវិលនឹងចូលរួមចំណែកវិស័យទេសចរណ៍ ផ្តល់លទ្ធភាពឱ្យទេសចរកម្សាន្តទទួលបានបទពិសោធន៍ថ្មី ពិសេសអាចមើលក្រុងសៀមរាបទាំងមូល ឃើញអង្គរវត្ត និងបឹងទន្លេសាប...»។ ដ្បិតថា ការបើកសម្ពោធជាផ្លូវការនៃសេវាកម្មទេសចរណ៍ថ្មីនៅពេលនេះ ចំពេលដែលខេត្តសៀមរាបកំពុងជួបវិបត្តិធ្លាក់ភ្ញៀវក្ដី តែសម្រាប់អគ្គនាយកក្រុមហ៊ុនអង្គរអាយ ជឿថាស្ថានការណ៍នឹងត្រឡប់មករកសភាពដើមវិញនាពេលឆាប់ខាងមុខនេះ។ លោកបញ្ជាក់ថា៖«កាលៈទេសៈនេះពិបាកបន្ដិច ភ្លៀវធ្លាក់ចុះបន្ដិច...តែខ្ញុំគិតថាជារយៈពេលខ្លីទេ យើងត្រូវអត់ធ្មត់បន្ដិច»។

ក្នុងសន្និសីទសារព័ត៌មានស្ដីពីការបើកសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការកន្រ្ដកវិលអង្គរអាយ នៅព្រឹកថ្ងៃទី២៤ កុម្ភៈ នាសណ្ឋាគារ មេរិខល លោក តាគីយូស៊ី ស៊ីណូមីយ៉ា (Takeyoshi Shinomiya) ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន CQ Amenic Co, ដែលជាក្រុមហ៊ុនវិនិយោគកន្រ្ដកវិលតាំងពីឆ្នាំ១៩៩០នៅប្រទេសជប៉ុន ឱ្យដឹងថា កន្រ្ដកនេះសាងសង់ដោយប្រើបច្ចេកទេស និងសម្ភារពីប្រទេសជប៉ុន។ កន្រ្ដកនេះមានចំនួន ៤៨កន្រ្ដក ដែលអាចផ្ទុកភ្ញៀវទេសចរចំនួន ១៩២នាក់ គឺក្នុងមួយកន្រ្ដកអាចជិះបាន៤នាក់។ កន្រ្ដកនេះខ្ពស់ជាងគេលំដាប់ទី៣នៅអាស៊ីអាគ្នេយ៍បន្ទាប់ពីសិង្ហបុរី និងវៀតណាម។ តាមការបញ្ជាក់ពីលោក ស៊ីណូមីយ៉ា កន្រ្ដកវិលដំបូងគេនៅខេត្តសៀមរាបវិនិយោគអស់ទឹកប្រាក់ ៧,២លានដុល្លារ បូកនឹងចំណាយផ្សេងៗសរុបប្រមាណ ៩លានដុល្លារសហរដ្ឋអាមេរិក៕















Tag:
 កន្រ្ដកវិល
© រក្សាសិទ្ធិដោយ thmeythmey.com