ជាតិ
បង់​ក្លា​ដែ​ស​សម្ពោធ​វិថី «King Norodom Sihanouk Road» នៅ​ដា​ក្កា​
27, Feb 2020 , 8:59 am        
រូបភាព
បង់ក្លាដែស និងទូតកម្ពុជា សម្ពោធវិថី King Norodom Sihanouk Road កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០។ រូបថត Royal du Cambodge
បង់ក្លាដែស និងទូតកម្ពុជា សម្ពោធវិថី King Norodom Sihanouk Road កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០។ រូបថត Royal du Cambodge
​ឈ្មោះ​ផ្លូវ «Park Road» ដែល​ស្ថិតនៅ​តំបន់​ការទូត Baridhara ក្នុង​ក្រុង​ដា​ក្កា ប្រទេស​បង់​ក្លា​ដែ​ស ត្រូវបាន​ប្តូរ​ទៅជា «King Norodom Sihanouk Road» ហើយ​ត្រូវបាន​សម្ពោធ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ពុធ ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២០​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន Dhaka Tribune​។​



​វិថី «King Norodom Sihanouk Road» ដែល​យកតាម​ព្រះរាជ​នាម​ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ នោះ ជាការ​ឧទ្ទិស​ដល់​ទំនាក់ទំនង​ដ៏​ល្អ​រវាង​ប្រទេស​ទាំងពីរ ខណៈ​វិថី​ដែល​ឈ្មោះថា​«Bangabandhu Sheikh Mujibur Rahman Road» ក៏​នឹងត្រូវ​សម្ពោធ​នៅ​រាជធានី​ភ្នំពេញ នា​ខែមេសា ខាងមុខនេះ​ផងដែរ​។​

​ដូចជា​សម្តេច​ព្រះវររាជ​បិតា​កម្ពុជា ផងដែរ លោក Sheikh Mijubur Rahman គឺជា​បិតា​ឯករាជ្យ​ជាតិរ​បស់បង់​ក្លា​ដែ​ស «Father of Benali Nation»​។ លោក​ជា​ប្រធានាធិបតី​ដំបូងរ​បស់បង់​ក្លា​ដែ​ស នៅ​ឆ្នាំ​១៩៧១ ហើយ​បន្ត​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​រហូត​ដល់​ថ្ងៃ​ដែល​លោក​ត្រូវបាន​គេ​ធ្វើឃាត​នៅ​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​១៩៧៥​។​



លោក Md Tajul Islam រដ្ឋមន្ត្រី​រដ្ឋាភិបាល​មូលដ្ឋាន អភិវឌ្ឍន៍ជនបទ និង​កិច្ចសហប្រតិបត្តិការ (LGRAD) ជា​អ្នក​ដែល​បានប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវ​ថ្មី «King Norodom Sihanouk Road» មួយ​នេះ​នៅ​ក្រុង​ដា​ក្កា ក្រោម​ការរៀបចំ​របស់​អង្គភាព Dhaka North City Corporation (DNCC)​។​

​យោងតាម Dhaka Tribune កិច្ចព្រមព្រៀង​ប្រសិទ្ធ​នាម​ឈ្មោះ​ផ្លូវ «King Norodom Sihanouk Road» និង «Bangabandhu Sheikh Mujibur Rahman Road» ត្រូវបាន​ផ្តួចផ្តើមឡើង​នា​អំឡុង​នៃ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់លោក​ស្រី​នាយករដ្ឋមន្ត្រី​បង់​ក្លា​ដែ​ស Sheikh Hasina នៅ​កម្ពុជា កាលពី​ឆ្នាំ​២០០១៕

© រក្សាសិទ្ធិដោយ thmeythmey.com