ពីនេះ ពីនោះ
ព័ត៍មានសុខភាព
តើ​អ្វី​ទៅ​ដែល​នៅ​ពីក្រោយ​មួយថ្ងៃ​ញ៉ាំ​ផ្លែ​ប៉ោម​មួយ​ផ្លែ នឹងមិន​ត្រូវការ​គ្រូពេទ្យ​ព្យាបាល​ជំងឺ​ទៅ​?
28, Feb 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​របប​អាហារ​មាន​តុល្យភាព​រួមមាន​អាហារ​បានមកពី​ក្រុម​អាហារ​ទាំងអស់​ដូចជា បន្លែ ផ្លែឈើ សាច់ ឬ​អាហារ​ធ្វើ​ពី​ទឹកដោះគោ​។​ល​។ តែ​ផ្លែឈើ​ជា​ប្រភព​ដ៏​សំខាន់បំផុត​នៃ​ជីវជាតិ​ដែល​រាងកាយ​ត្រូវការ​។ ផ្លែឈើ​ផ្តល់នូវ​ជាតិ​សរសៃ វីតាមីន អង់​ទី​អុកស៊ីដ​ង់ និង​ជាតិ​រ៉ែ​ដែលមាន​ប្រយោជន៍​ចំពោះ​សុខភាព​ច្រើន​។ ផ្លែឈើ​មួយ​ដែលមាន​ប្រយោជន៍​ខ្លាំង​គឺជា​ផ្លែ​ប៉ោម​តែម្តង ហើយ​វា​ក៏ត្រូវ​បាន​គេ​ពេញនិយម​ច្រើនជាងគេ​ដែរ បូករួម​នឹង​ប្រយោជន៍​ចំពោះ​សុខភាព​យ៉ាងច្រើន​។ 


 
​ដូច្នេះ​តើ​វា​មាន​ប្រយោជន៍​អ្វីខ្លះ​ទៅ​?
 
​ផ្លែ​ប៉ោម​គឺជា​ផ្លែឈើ​មាន​ជីវជាតិ​បំផុត​
 
​រាងកាយ​របស់​យើង​ត្រូវការ​មីក្រូ​ជីវជាតិ​ដើម្បី​ធ្វើការ​បាន​កាន់តែ​ល្អ​។ ជីវជាតិ​មួយ​នេះ​មិន​ត្រូវបាន​ផលិត​ចេញ​ដោយ​រាងកាយ​យើង​ឡើយ​តែ​វា​ត្រូវការ​ដើម្បី​រាងកាយ​ធ្វើ​ការងារ​ជាច្រើន​។ ដូច្នេះហើយ ទើប​រាងកាយ​ត្រូវការ​អាហារ​ដែល​យើង​ញ៉ាំ​ដើម្បី​ទទួលបាន​ជីវជាតិ​មួយ​នេះ​។ នេះ​ជា​ហេតុផល​មួយ​ដែល​វា​គឺជា​រឿង​សំខាន់បំផុត​ក្នុងការ​ញ៉ាំ​អាហារ​មាន​ជីវជាតិ​ច្រើន និង​ជីវជាតិ​ច្រើន​ប្រភេទ ហើយ​អាហារ​មួយ​នោះ​គឺជា​ផ្លែ​ប៉ោម​តែម្តង ព្រោះ​វា​មាន​ជាតិ​វីតាមីន រ៉ែ យ៉ាងច្រើន​។ នៅពេល​រាងកាយ​ទទួលបាន​ជីវជាតិ​សំខាន់ៗ​ទាំងអស់​តាម​តម្រូវការ​រាងកាយ វា​នឹងធ្វើ​ឲ្យ​រាងកាយ​ធ្វើការ​កាន់តែ​មាន​ប្រសិទ្ធភាព រក្សា​រាងកាយ​ឲ្យ​មាន​សុខភាព​ល្អ និង​បន្ថយ​ការកើត​ជំងឺ​។ 
 
​ជួយ​ដល់​ការ​សម្រក​ទម្ងន់​
 
​ផ្លែ​ប៉ោម​ក៏មាន​សមត្ថភាព​ជំនួយ​ដល់​ការ​សម្រក​ទម្ងន់​ផងដែរ​។ វា​សម្បូរ​ទៅដោយ​ជាតិ​សរសៃ​ដែល​អាចជួយ​ឲ្យ​យើង​ឆាប់​ឆ្អែត​បានយូរ​។ មាន​ក៏មាន​កាឡូរី​ទាប​ផងដែរ ដូច្នេះ​នឹង​អាចជួយ​ដល់​ការ​សម្រក​ទម្ងន់​បាន​។ ភាពធាត់​ជ្រុល​គឺជា​កត្តា​ប្រឈមមុខ​មួយ​សម្រាប់​ជំងឺ​រ៉ាំរ៉ៃ​ជាច្រើន​រួមទាំង​ទឹកនោមផ្អែម និង​មហារីក​ផងដែរ​។ ដូច្នេះហើយ ការ​សម្រក​ទម្ងន់​អាចជួយ​ការពារ​ជំងឺ​ទាំងនេះ​បាន​។ ផ្លែ​ប៉ោម​ក៏​ដើរតួនាទី​ជា Prebiotic ដែល​អាច​បង្កើន​សុខភាព​របស់​បាក់តេរី​ក្នុង​ពោះវៀន និង​ជួយ​ឲ្យ​រំលាយ​អាហារ​កាន់តែ​ល្អ​ជាង​មុន​ថែមទៀត​។ កាលណា​ការរំលាយ​អាហារ​កាន់តែ​ល្អ នឹង​ជំរុញ​ដល់​ការ​សម្រក​ទម្ងន់​។ 
 
​ល្អ​ចំពោះ​បេះដូង​
 
​យោងទៅតាម​ការសិក្សា​បាន​ឲ្យ​ដឹងថា ផ្លែ​ប៉ោម​ផ្ទុក​ទៅដោយ​ជាតិ​សរសៃ​រលាយ ដែល​អាចជួយ​បន្ថយ​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​ក្នុង​រាងកាយ​បាន​។ អង់​ទី​អុកស៊ីដ​ង់​ក្នុង​ផ្លែ​ប៉ោម​ក៏​ប្រហែលជា​ជួយ​ថែរក្សា​សម្ពាធ​ឈាម និង​ពង្រឹង​ដល់​មុខងារ​របស់​បេះដូង​ទៀត​។ ការសិក្សា​ក៏បាន​រកឃើញថា អ្នក​ញ៉ាំ​ផ្លែ​ប៉ោម​មានការ​ថយចុះ​ការ​ប្រឈម​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។​
 
​ជួយ​ប្រឆាំងនឹង​ជំងឺហឺត​

​ផ្លែ​ប៉ោម​សម្បូរ​ទៅដោយ​អង់​ទី​អុកស៊ីដ​ង់ ហើយ​អង់​ទី​អុកស៊ីដ​ង់​នេះ​នឹង​ជួយ​បន្ថយ​ការខូចខាត​ដោយសារ​អុកស៊ីតកម្ម​របស់​សួត ព្រមទាំង​អាច​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺហឺត និង​ទប់ស្កាត់​ជំងឺ​កាន់តែ​ល្អ​។ ការ​ញ៉ាំ​ផ្លែ​ប៉ោម​មួយ​ថ្ងៃមួយ​ផ្លែ​ត្រូវបាន​គេ​ដឹងថា​អាច​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺហឺត​បាន ១០​ភាគរយ​ដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com