អន្តរជាតិ
រដ្ឋាភិបាលឡាវ ទទូចឲ្យពលរដ្ឋសន្សំសំចៃអគ្គិសនី ខណៈប្រឈមនឹងកង្វះអគ្គិសនីខ្លាំងអំឡុងខែមេសា-មិថុនា រូបភាព Laotian Times
× រដ្ឋាភិបាលឡាវ បានចេញប្រកាសជូនដំណឹងដល់ពលរដ្ឋរបស់ខ្លួនឲ្យមានការត្រៀមលក្ខណៈ និងចូលរួមសន្សំសំចៃអគ្គិសនី ដោយត្រូវប្រើប្រាស់អគ្គិសនីក្នុងកម្រិតអប្បរមាបំផុត។ សេចក្តីថ្លែងការណ៍នេះ ធ្វើឡើងបន្ទាប់ពីមានការព្យាករណ៍ថាអំឡុងពេលប៉ុន្មានខែខាងមុខនេះ ឡាវ នឹងត្រូវប្រឈមនឹងកង្វះថាមពលអគ្គិសនី។
ក្រសួងរ៉ែ និងថាមពលឡាវ បានឲ្យដឹងថា អគ្គិសនីឡាវ នឹងត្រូវប្រឈមនឹងកង្វះខាតថាមពលដើម្បីផ្គត់ផ្គង់ទៅគ្រប់តំបន់នៅក្នុងប្រទេសក្នុងខែមេសា ដល់ខែមិថុនា ដែលជារដូវកាលក្តៅបំផុតប្រចាំឆ្នាំ។ តាមការរំពឹងទុករោងចក្រ និងតំបន់ក្នុងរដ្ឋធានីវៀងចន្ទន៍ នឹងត្រូវរងផលប៉ះពាល់ខ្លាំងជាងគេដោយសារតែកង្វះថាមពលនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានឡាវ Laotian Times។
តាមប្រភពព័ត៌មានដដែល ក្រសួងរ៉ែ និងថាមពល បានព្រមានដល់សាធារណៈ និងអាជីវករ ត្រូវរក្សាអគ្គិសនី និងប្រើប្រាស់ក្នុងស្ថានភាពចាំបាច់បំផុតក្នុងអំឡុងពេលអាកាសក្តៅខាងមុខនេះ។ ក្រសួងសាម៉ី បានគូសបញ្ជាក់ថា ប្រភពដែលជាកន្លែងទាញថាមពល មានសមត្ថភាពផ្គង់ផ្គត់បានត្រឹមតែពាក់កណ្តាល នៃប្រភពដើមប៉ុណ្ណោះ។
ភ្ជាប់ជាមួយនឹងបញ្ហានេះ ក្រសួងធនធានធម្មជាតិ និងបរិស្ថានឡាវ ក៏បានចេញសារព្រមានមួយស្តីពីកង្វះទឹកប្រើប្រាស់ស្ទើរតែទូទាំងប្រទេសនៅខែបន្ទាប់ខាងមុខនេះ ដោយសារតែកម្រិតទឹកទន្លេ និងស្ទឹង បានស្រកចុះខុសពីធម្មតា។ ស្របនឹងស្ថានភាពខ្វះខាតទឹកនេះដែរ ឡាវ ក៏ត្រូវរំពឹងជួបគ្រោះរាំងស្ងួតជាថ្មីនៅអំឡុងខែមីនា និងមេសាខាងមុខ។
គួរជម្រាបផងដែរថា ឡាវ ដែលជាប្រទេសគ្មានព្រំដែនជាប់សមុទ្រសូម្បីតែបន្តិចសោះនោះ ត្រូវបានចាត់ទុកថាជាអាគុយមួយប្រចាំតំបន់អាស៊ី។ ក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ ឡាវ បានបង្កើនការនាំចេញថាមពលអគ្គិសនីទៅក្រៅប្រទេស ជាពិសេសប្រទេសជិតខាង ដែលចំណុចនេះ ក៏ជាហេតុផលមួយ ធ្វើឲ្យត្រូវផ្គត់ផ្គង់មិនគ្រប់គ្រាន់សម្រាប់តម្រូវការក្នុងប្រទេស។
តាមរបាយការណ៍របស់ក្រសួងរ៉ែ និងថាមពល ឡាវ បានពង្រីកសមត្ថភាពអគ្គិសនីក្នុងកម្លាំង ៦៤៥៧ មេហ្កាវ៉ាត់ សម្រាប់ការលក់ចេញទៅក្នុងទីផ្សារក្នុងអំឡុងឆ្នាំ២០១៦ និង២០២០។ សក្តានុពល ក្នុងការផ្គត់ផ្គង់ថាមពលអគ្គិសនីដែលបានមកពីទំនប់វារីអគ្គិសនីជាច្រើនកន្លែងក្នុងប្រទេសនេះ បានរកចំណូលសម្រាប់រដ្ឋាភិបាលប្រមាណ ១៤ លានដុល្លារ៕
Tag:
ឡាវ
អាស៊ាន
អគ្គិសនី
© រក្សាសិទ្ធិដោយ thmeythmey.com