កីឡាអន្តរជាតិ
អន្តរជាតិ
Man City លើកមុខ​ក្រុម​អង់គ្លេស ដែល​ធ្វើ​ឲ្យ Real ចាញ់​ដំណាលគ្នា​ជាមួយ Juventus
27, Feb 2020 , 10:36 am        
រូបភាព
Manchester City បាន​វាយបក​យកឈ្នះ​ម្ចាស់​ជើងឯក​ច្រើនជាងគេ Real Madrid ក្នុង​លទ្ធផល ២-១ ក្នុងការ​ប្រកួត​ជើង​ទី​១ វគ្គ​១៦​ក្រុម​ចុងក្រោយ ពានរង្វាន់ UEFA Champions League​។ Lyon ដែល​ធ្វើ​ម្ចាស់ផ្ទះ​សម្រាប់​ជើង​ទី​១​នេះ បាន​យកឈ្នះ Juventus ១-០​។ ការប្រកួត​កន្លងមក ក្រុម​អង់គ្លេស​៣​ផ្សេងទៀត រួមមាន Chelsea, Tottenham និង Liverpool សុទ្ធតែ​បរាជ័យ​នា​ជំនួប​ជើង​ទីមួយ​។​

 
​ក្រោម​ក្រសែភ្នែក​អ្នកទស្សនា ៧៥០០០នាក់ នា​ការប្រកួត​ក្នុង​កីឡដ្ឋាន Santiago Bernabeu នៅ​រាត្រី​ថ្ងៃទី​២៦ ខែកុម្ភៈ ម្ចាស់ផ្ទះ Real និង Man City បញ្ចប់​វគ្គ​ទី​១​ដោយ​គ្មាន​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​គ្នា​។ ចូលដល់​វគ្គ​ទី​២ ខណៈ​ការប្រកួត​ដំណើរការបាន​១៥​នាទី ខ្សែបម្រើ Isco បាន​ស៊ុត​គ្រាប់​នាំមុខ​ឲ្យ​ក្រុម​ស្តេច​ស​មុន មុនពេល​ខ្សែប្រយុទ្ធ Gabriel Jesus រក​គ្រាប់​តាម​ស្មើ​ឲ្យ​ក្រុម​រហស្សនាម​មេឃ​ខៀវ​វិញ​នៅ​នាទី​៧៨​។​


 
​ឱកាស​មាស​បាន​កើតឡើង​សម្រាប់​ក្រុម​របស់លោក Pep Guardiola បន្ទាប់ពី​ខ្សែការពារ Daniel Carvajal ឈូស​ជើង​ខ្សែបម្រើ Raheem Sterling នៅ​តំបន់​គ្រោះថ្នាក់ ហើយ​អាជ្ញាកណ្តាល​សម្រេច​ផ្តល់​បាល់​១១​ម៉ែត្រ​ទៅ​ឲ្យ Man City​។ តារា​ឆ្នើម Kevin De Bruyne ជា​អ្នករ៉ាប់រង​ការ​ស៊ុត​បាល់​ពិន័យ​នេះ ដោយ​ធ្វើបាន​សម្រេច​នៅ​នាទី​៨៣​។ ចប់​ការប្រកួត​ក្រុម​ភ្ញៀវ Man City ឈ្នះ Real Madrid ២-១​។​
 
​ជ័យជម្នះ​ក្រៅ​ដី​នេះ បានធ្វើ​ឲ្យ​ក្រុម​អង់គ្លេស​មានប្រៀប ដ្បិត​ជើង​ទី​២​ត្រូវធ្វើ​នៅ​ទឹកដី Etihad វិញ​។ ដោយឡែក​ខ្សែការពារ Sergio Ramos ក៏ត្រូវ​អវត្តមាន​នៅ​ប្រកួត​ក្រោយ​ដែរ បន្ទាប់ពី​ទទួលបាន​កាត​ក្រហម​នៅ​ជំនួប​ទី​១​នេះ​។​


 
​នា​ជំនួប​មួយគូ​ទៀត Lyon បាន​យកឈ្នះ​ក្រុម​ភ្ញៀវ Juventus ក្នុង​លទ្ធផល ១-០​។ ក្រុម​រហស្សនាម​សេះបង្កង់ បើ​ទោះ​គ្រប់គ្រង​បាល់​បាន​ច្រើន​រហូតដល់​៦០​ភាគរយ ប៉ុន្តែពួកគេ​ស៊ុត​ចំ​គោលដៅ​មួយ​លើក​ប៉ុណ្ណោះ​ក្នុងការ​ប្រកួត​ពេញ​៩០​នាទី ខណៈ​ម្ចាស់ផ្ទះ Lyon ស៊ុត​ចំ​គោលដៅ​៣​លើក និង​សម្រេច​ទី​បាន​១​គ្រាប់​។​
 
​ជំនួប​ជើង​ទី​២​ នឹង​ធ្វើ​នៅ​ទឹកដី Allianz របស់ Juventus ក្នុងប្រទេស​អ៊ីតាលី​វិញ​ម្តង នាថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២០៕



Tag:
 UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com