លោក លើកឡើងថា កម្មករ-កម្មការិនីតាមរោងចក្រទាំង១០នោះ មានប្រមាណ៣ពាន់នាក់ ដែលនឹងត្រូវព្យួរការងារ។ លោក ថ្លែងថា ក្រសួងការងារ កំពុងសម្របសម្រួលជាមួយម្ចាស់រោងចក្រ ដើម្បីគិតគូរដោះស្រាយប្រាក់ខែនិងអត្ថប្រយោជន៍ផ្សេងៗជូនកម្មករ-កម្មការិនីប្រមាណ៣ពាន់នាក់នោះ។
បន្តថា ក្រុមការងាររបស់ក្រសួង ក៏កំពុងទាក់ទងទៅកម្មករ-កម្មការិនីដែលត្រូវព្យួរការងារទាំងនោះដែរ ដើម្បីហៅពួកគាត់ ឲ្យទៅចុះឈ្មោះរៀនជំនាញទន់ ហើយនឹងទទួលបានប្រាក់ឧបត្ថម្ភបន្ថែមពីរដ្ឋាភិបាល។
អ្នកនាំពាក្យរូបនេះ បង្ហាញពីវិធានការរបស់រដ្ឋាភិបាលថា៖«...រដ្ឋាភិបាល បានត្រៀមគ្រប់សេណារិយោ គ្រប់ធនធានទាំងអស់ ដើម្បីដោះស្រាយទៅតាមចំនួនតម្រូវការជាក់ស្តែងនៃផលប៉ះពាល់...»។
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសកន្លងមកថា កម្មករ-កម្មការិនី ដែលត្រូវព្យួរការងារ នឹងទទួលបានប្រាក់៦០ភាគរយ ស្មើនឹងប្រមាណ១២០ដុល្លារ នៃប្រាក់ខែគោល១៩០ដុល្លារ ដោយក្នុងនោះម្ចាស់រោងចក្រ ចេញ៤០ភាគរយ ហើយរដ្ឋាភិបាល ជួយចេញ២០ភាគរយ។
ទន្ទឹមនេះ ប្រមុខរដ្ឋាភិបាល ស្នើឲ្យភាគីចិន ប្រើយន្តហោះនិងកប៉ាល់ ដឹកវត្ថុធាតុដើម ជាពិសេសសាច់កំណាត់ពីចិន មកកាន់កម្ពុជាជាប្រញាប់ ដើម្បីជួយទប់ទាល់កុំឲ្យមានការបិទរោងចក្រ។ ជាមួយគ្នានេះ ភាគីកម្ពុជា ក៏នឹងបញ្ជូនយន្តហោះ ទៅដឹកសាច់កំណាត់មកពីចិនដែរ។
រោងចក្រទាំងនោះ ត្រូវព្យួរការងារ ដោយសារតែអស់វត្ថុធាតុដើម ដែលនាំចូលមកពីចិន។ ដោយសារតែរងការវាយប្រហារពីវីរុស COVID-19 រោងចក្រនិងក្រុមហ៊ុនជាច្រើននៅចិន ត្រូវបិទទ្វារ ហើយផ្អាកការផ្គត់ផ្គង់វត្ថុធាតុដើម ទៅកាន់បណ្តាប្រទេសនានា រួមទាំងកម្ពុជាផងដែរ។
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បង្ហាញតួលេខកន្លងមកថា កម្ពុជា នាំចូលវត្ថុធាតុដើមប្រមាណ៦០ភាគរយពីចិន។ ចំណែប្រមុខរដ្ឋាភិបាល ធ្លាប់អះអាងថា ក្នុងចំណោមរោងចក្រទាំងអស់នៅកម្ពុជា គ្រាន់តែរោងចក្រចិន មានដល់ទៅប្រមាណ៧០ភាគរយ។
នាពេលថ្មីៗនេះ ប្រមុខរដ្ឋាភិបាល បានអំពាវនាវ កុំឲ្យអ្នករកស៊ីចិន ជាពិសេសថៅកែក្នុងវិស័យកាត់ដេរ រត់ចោលកកម្ពុជា ដូចដែរកម្ពុជា មិនរត់ចោលចិន ក្នុងពេលដែលចិន កំពុងជួបការលំបាក ដោយសារការរាលដាលនៃវីរុស COVID-19៕