អ្នកនាំពាក្យ៖ អាចមានរោងចក្រជិត២០០ ដែលខ្វះវត្ថុធាតុដើម ហើយអាចប៉ះពាល់កម្មករដល់ទៅ១៦ម៉ឺននាក់
ជាតិ
សង្គមជាតិ
អ្នកនាំពាក្យ៖ អាចមានរោងចក្រជិត២០០ ដែលខ្វះវត្ថុធាតុដើម ហើយអាចប៉ះពាល់កម្មករដល់ទៅ១៦ម៉ឺននាក់
27, Feb 2020 , 12:10 pm        
រូបភាព
លោក ហេង សួរ ធ្វើជាវាគ្មិនក្នុងសន្និសីទសារព័ត៌មានស្តីពីវឌ្ឍនភាពនិងទិសដៅការងាររបស់ក្រសួងការងារ ដែលរៀបចំឡើងនៅទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០
លោក ហេង សួរ ធ្វើជាវាគ្មិនក្នុងសន្និសីទសារព័ត៌មានស្តីពីវឌ្ឍនភាពនិងទិសដៅការងាររបស់ក្រសួងការងារ ដែលរៀបចំឡើងនៅទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០
តាមរយៈការព្យាករ និងការវាយតម្លៃ អាចនឹងមានរោងចក្រ-សហគ្រាសចូលដល់ខ្ទង់ជិត២០០ ដែលប្រឈមនឹងការខ្វះវត្ថុធាតដើមពីចិន ហើយអាចនឹងប៉ះពាល់ដល់កម្មករ-កម្មការីកម្ពុជាប្រហែល១៦ម៉ឺននាក់ឯណោះ នៅក្នុងអំឡុងខែមីនា ឆ្នាំ២០២០។ នេះបើតាមការបង្ហើបរបស់លោក ហេង សួរ​ អ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។



ធ្វើជាវាគ្មិនក្នុងសន្និសីទសារព័ត៌មានស្តីពីវឌ្ឍនភាពនិងទិសដៅការងាររបស់ក្រសួងការងារ ដែលរៀបចំឡើងនៅទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ លោក ហេង សួរ ផ្តល់ព័ត៌មានថា គិតត្រឹមព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ មានរោងចក្រ១០ហើយ ដែលបានដាក់សំណើសុំព្យួរការងារ។ ប៉ុន្តែ លោក បញ្ជាក់ថា រោងចក្រទាំងនោះ គ្រាន់តែព្យួរការងារផ្នែកខ្លះ ដោយមិនព្យួរទាំងស្រុង ហើយបិទរោងចក្រនោះទេ។

 

លោក លើកឡើងថា កម្មករ-កម្មការិនីតាមរោងចក្រទាំង១០នោះ មានប្រមាណ៣ពាន់នាក់ ដែលនឹងត្រូវព្យួរការងារ។ លោក ថ្លែងថា ក្រសួងការងារ កំពុងសម្របសម្រួលជាមួយម្ចាស់រោងចក្រ ដើម្បីគិតគូរដោះស្រាយប្រាក់ខែនិងអត្ថប្រយោជន៍ផ្សេងៗជូនកម្មករ-កម្មការិនីប្រមាណ៣ពាន់នាក់នោះ។

បន្តថា ក្រុមការងាររបស់ក្រសួង ក៏កំពុងទាក់ទងទៅកម្មករ-កម្មការិនីដែលត្រូវព្យួរការងារទាំងនោះដែរ ដើម្បីហៅពួកគាត់ ឲ្យទៅចុះឈ្មោះរៀនជំនាញទន់ ហើយនឹងទទួលបានប្រាក់ឧបត្ថម្ភបន្ថែមពីរដ្ឋាភិបាល។

អ្នកនាំពាក្យរូបនេះ បង្ហាញពីវិធានការរបស់រដ្ឋាភិបាលថា៖«...រដ្ឋាភិបាល បានត្រៀមគ្រប់សេណារិយោ គ្រប់ធនធានទាំងអស់ ដើម្បីដោះស្រាយទៅតាមចំនួនតម្រូវការជាក់ស្តែងនៃផលប៉ះពាល់...»។ 

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសកន្លងមកថា កម្មករ-កម្មការិនី ដែលត្រូវព្យួរការងារ នឹងទទួលបានប្រាក់៦០ភាគរយ ស្មើនឹងប្រមាណ១២០ដុល្លារ នៃប្រាក់ខែគោល១៩០ដុល្លារ ដោយក្នុងនោះម្ចាស់រោងចក្រ ចេញ៤០ភាគរយ ហើយរដ្ឋាភិបាល ជួយចេញ២០ភាគរយ។

ទន្ទឹមនេះ ប្រមុខរដ្ឋាភិបាល ស្នើឲ្យភាគីចិន ប្រើយន្តហោះនិងកប៉ាល់ ដឹកវត្ថុធាតុដើម ជាពិសេសសាច់កំណាត់ពីចិន មកកាន់កម្ពុជាជាប្រញាប់ ដើម្បីជួយទប់ទាល់កុំឲ្យមានការបិទរោងចក្រ។ ជាមួយគ្នានេះ ភាគីកម្ពុជា ក៏នឹងបញ្ជូនយន្តហោះ ទៅដឹកសាច់កំណាត់មកពីចិនដែរ។

អត្ថបទទាក់ទង



រោងចក្រទាំងនោះ ត្រូវព្យួរការងារ ដោយសារតែអស់វត្ថុធាតុដើម ដែលនាំចូលមកពីចិន។ ដោយសារតែរងការវាយប្រហារពីវីរុស COVID-19 រោងចក្រនិងក្រុមហ៊ុនជាច្រើននៅចិន ត្រូវបិទទ្វារ ហើយផ្អាកការផ្គត់ផ្គង់វត្ថុធាតុដើម ទៅកាន់បណ្តាប្រទេសនានា រួមទាំងកម្ពុជាផងដែរ។

សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បង្ហាញតួលេខកន្លងមកថា កម្ពុជា នាំចូលវត្ថុធាតុដើមប្រមាណ៦០ភាគរយពីចិន។ ចំណែប្រមុខរដ្ឋាភិបាល ធ្លាប់អះអាងថា ក្នុងចំណោមរោងចក្រទាំងអស់នៅកម្ពុជា គ្រាន់តែរោងចក្រចិន មានដល់ទៅប្រមាណ៧០ភាគរយ។

នាពេលថ្មីៗនេះ ប្រមុខរដ្ឋាភិបាល បានអំពាវនាវ កុំឲ្យអ្នករកស៊ីចិន ជាពិសេសថៅកែក្នុងវិស័យកាត់ដេរ រត់ចោលកកម្ពុជា ដូចដែរកម្ពុជា មិនរត់ចោលចិន ក្នុងពេលដែលចិន កំពុងជួបការលំបាក ដោយសារការរាលដាលនៃវីរុស COVID-19៕

Tag:
 ហេង សួរ
  COVID-19
  បិទរោងចក្រ
  កម្មករ
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម