ជាតិ
ដើមឆ្នាំ​២០២០ មាន​អ្នកស្លាប់​២០៦​នាក់ និង​របួស​​៥៥៨​នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​
27, Feb 2020 , 3:00 pm        
រូបភាព
រូបពីគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក
រូបពីគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក
​ភ្នំពេញ​៖ ខែមករា ដើមឆ្នាំ​២០២០​នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍ កើតឡើង​ចំនួន​៣៥៨​លើក ដែល​បណ្តាលឱ្យ​មនុស្ស​ស្លាប់​ចំនួន ២០៦​នាក់ និង​របួស​ចំនួន​៥៥៨​នាក់​។ តួលេខ​គ្រោះថ្នាក់​នេះ បាន​កើនឡើង​២៧​លើក ស្មើនឹង​៨​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ​២០១៩ ។ ចំណែក​ចំនួន​អ្នកស្លាប់​កើនឡើង​៥៨​នាក់ និង​របួស​ក៏​កើនឡើង​៤១​នាក់​ដែរ​។ នេះ​បើតាម​របាយការណ៍​ការ​ងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ប្រចាំ​ខែមករា ឆ្នាំ​២០២០ ។​

 
​លោកស្រី មឹន មាណវី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​អគ្គ​ល​ខា​ធិ​ការ​នៃ​គណៈ ក​ម្មា​ធិ​ការ​ជាតិ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​បញ្ជាក់ថា មូលហេតុ​គ្រោះថ្នាក់​បណ្តាលមកពី​ការបើកបរ​លើស​ល្បឿន​កំណត់ ៤១​ភាគរយ​, មិន​គោរព​សិទ្ធិ ២២​ភាគរយ ,​មិន​ប្រកាន់​ស្តាំ ១០​ភាគរយ ,​វ៉ា​ជែង ១១​ភាគរយ ,​បត់ ៧​ភាគរយ ,​ស្រវឹង ៦​ភាគរយ និង​កត្តា​យានយន្ត ៣​ភាគរយ​។​
 
​ភូមិសាស្ត្រ​មាន​អ្នកស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខែមករា​នេះ​ច្រើនជាងគេ​នោះ គឺ​រាជធានី​ភ្នំពេញ មាន​ចំនួន​៣៤​នាក់​, ខេត្ត​ព្រះសីហនុ ចំនួន​១៩​នាក់​, ខេត្តកំពង់ស្ពឺ ចំនួន​១៥​នាក់ និង​តាម​បណ្ដា​ខេត្ត​ផ្សេងៗ​ទៀត ។ នេះ​បើតាម​លោកស្រី មាណវី ដែល​បាន​អាន​របាយការណ៍​ការងា​រ​ចរាចរណ៍​ផ្លូវគោក នៅ​ថ្ងៃទី​២៧ កុម្ភៈ​។​


រូបពីគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក
 
​កន្លងមក​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បានប្រកាសថា បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ បាន​ឈានដល់​ចំណុច​ប្រកាសអាសន្ន​ហើយ ដែល​ត្រូវការ​យកចិត្តទុកដាក់​ខ្ពស់ ក្នុងការ​ដោះស្រាយ​។ សម្ដេច ស ខេង ដែល​បារម្ភ​ពី​ភាពអវិជ្ជមាន​នៃ​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​បញ្ជា​ឱ្យ​មន្ត្រី​ជំនាញ និង​អ្នកពាក់ព័ន្ធ​គ្រប់ផ្នែក​ទាំងអស់ ចាត់វិធានការ​ទប់ស្កាត់ និង​បង្ការ​កុំឱ្យ​គ្រោះថ្នាក់​ចរាចរណ៍​កើនឡើង កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត​។​
 
​ដើម្បី​ដោះស្រាយ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ឱ្យមាន​ប្រសិទ្ធភាព​ប្រមុខ​ក្រសួងមហាផ្ទៃ បាន​បញ្ជា​ឱ្យ​មន្ត្រី​ទាំងអស់ ពង្រឹង​យន្តការ​ច្បាប់​ឱ្យបាន​តឹងរឹង ក្នុង​គោលដៅ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​។ «​ខ្ញុំ​សូម​ប្រកាសថា ឆ្នាំ​២០២០​នេះ គឺជា​ឆ្នាំ​រឹតបន្ដឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ជាសំខាន់ ហើយ​ការអប់រំ​យើង​នៅតែ​យកចិត្តទុកដាក់​អប់រំ​។ ក៏ប៉ុន្ដែ​យក​ការអនុវត្ត​ច្បាប់​ជាសំខាន់​»​។ នេះ​ជាការ​បញ្ជាក់​របស់​សម្ដេច ស ខេង កាលពី​ខែមករា ឆ្នាំ​២០២០ ។​
 
​នៅ​ឆ្នាំ​២០១៩​កន្លងមក គ្រោះថ្នាក់​ចរាចរ​នៅ​ទូទាំងប្រទេស​បានកើត​ឡើង​ចំនួន ៤,១២១​លើក​កើនឡើង ៨៤៥​លើក ស្មើនឹង ២៦​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៨​។ ចំណែក​ចំនួន​មនុស្ស​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នេះ មាន ១,៩៨១​នាក់ និង​រងរបួស ៦,១៤១​នាក់​។​អត្រា​អ្នកស្លាប់​នៅ​ឆ្នាំ​២០១៩​នេះ កើន ២២០​នាក់ ស្មើនឹង ១២​ភាគរយ ខណៈ​អ្នករងរបួស​កើន ១,៣៧១​នាក់ ស្នើ​នឹង​ប្រមាណ ២៩​ភាគរយ បើ​ធៀប​ឆ្នាំ​២០១៨៕

រូបពីគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក


Tag:
 ស ខេង​
  ចរាចរណ៍​
  ក្រសួងមហាផ្ទៃ​
© រក្សាសិទ្ធិដោយ thmeythmey.com