ជាតិ
សិល្បះ
ក្រុមនិស្សិត​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង បាន​លេខ​១ ក្នុង​កម្មវិធី «​យុវជន​ដើម្បី​វប្បធម៌​ជាតិ​»
27, Feb 2020 , 7:39 pm        
រូបភាព
ជ័យ​លាភីទាំង​៣​ក្រុម​ (រូប​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ)
ជ័យ​លាភីទាំង​៣​ក្រុម​ (រូប​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ)
​ភ្នំពេញ​៖ ការប្រកួតប្រជែង​សមត្ថភាព​យល់ដឹង​លើ​វិស័យ​សិល្បៈ​វប្បធម៌​ជាតិ លើ​ប្រធានបទ «​យុវជន​ដើម្បី​វប្បធម៌​ជាតិ​» បាន​រកឃើញ​ម្ចាស់​ជ័យលាភី​លេខ​១ លេខ​២ និង​លេខ​៣​ហើយ ដែល​វគ្គ​ផ្ដាច់ព្រ័ត្រ​បានបញ្ចប់​នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ​។ ការប្រកួតប្រជែង​សមត្ថភាព​នេះ ធ្វើឡើង​ដើម្បី​អបអរសាទរ​ទិវា​វប្បធម៌​ជាតិ​៣​មីនា​លើក​ទី​២២ ឆ្នាំ​២០២០​នេះ​។


 
​ការប្រកួតប្រជែង​សមត្ថភាព​យល់ដឹង លើ​វិស័យ​សិល្បៈ​វប្បធម៌​ជាតិ ដែលមាន​៣​វគ្គ ក្រោម​ប្រធានបទ «​យុវជន​ដើម្បី​វប្បធម៌​ជាតិ​» មាន​សាកលវិទ្យាល័យ​និង​វិទ្យាស្ថាន​ចំនួន​១២ ចូលរួម និង​បាន​ជម្រុះ​នៅសល់តែ​៣​សាកលវិទ្យាល័យ ដើម្បី​ដណ្ដើមយក​ពានរង្វាន់​។ 
 
​សាកលវិទ្យាល័យ​ទាំង​៣​ដែល​ទទួលបាន​ជ័យលាភី​រួមមាន សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង  ដណ្ដើមបាន​ចំណាត់​លេខ​១ ហើយ​សាកលវិទ្យាល័យ​ប៊ែ​ល​ធី​អន្តរជាតិ បាន​លេខ​២ ចំណែក​ចំណាត់ថ្នាក់​លេខ​៣ គឺ​បាន​ទៅលើ​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ​។​
 
​លោក ប្រាក់ សុ​ណ្ណា​រ៉ា រដ្ឋលេខាធិការ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ការប្រកួតប្រជែង​នេះ​ធ្វើឡើង​ដោយ​ចែកចេញជា​៣​ដំណាក់កាល​ឬ​៣​វគ្គ ដោយ​វគ្គ​នីមួយៗ​មាន​សំណួរ​ផ្សេងៗ​គ្នា ប៉ុន្តែ​សុទ្ធតែ​ផ្ដោតលើ​សិល្បៈ​វប្បធម៌​ជាតិ​។​


យុវជន​នៃ​សកលវិទ្យាល័យ​ជាតិ​គ្រប់​គ្រង ដែល​ទទួល​បាន​ជ័យ​លាភី​លេខ​១(រូប​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ)
 
​លោក​ពន្យល់​៖«​សំណួរ​របស់​យើង​ផ្ដោតលើ​ការអភិរក្ស​លើ​មូលដ្ឋាន​អភិវឌ្ឍន៍ ឬ​អភិវឌ្ឍន៍​លើ​មូលដ្ឋាន​អភិរក្ស ដូចជា ថា តើ​ផលប៉ះពាល់​ចំពោះ​តំបន់​រមណីយដ្ឋាន​វប្ប​ធម៌ ក្នុងដំណាក់កាល​ប្រទេសជាតិ​កំពុងមាន​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​ក្រោម​ម្លប់​សន្តិភាព កើតឡើង​ដោយ​កត្តា​អ្វីខ្លះ​? តើ​ប្អូន​មាន​វិធាន​ឬ​ដំណោះស្រាយ​យ៉ាងណា ចំពោះ​បញ្ហា​នេះ​? ខ្ញុំ​សុំ​សរសើរ​ប្អូនៗ​ដែល​មក​ប្រកួតប្រជែង គាត់​មានចំណេះដឹង​ច្រើន​ពាក់ព័ន្ធ​នឹង​វប្បធម៌​ជាតិ​។ តែ​ទោះជា​យ៉ាងណា​គាត់​ក៏​នៅមាន​ចំណុច​ខ្វះខាត​ខ្លះ​ដែរ ហើយ​គណៈកម្មការ​បាន​បំពេញបន្ថែម​លើ​ចំណុច​ទាំង​នោះដែរ​ជូន​ពួកគាត់ ដើម្បីឱ្យ​គាត់​ពង្រីក​ចំណេះដឹង​បន្ថែម​»​។ 
 
​សម្រាប់​ការវាយតម្លៃ​ដាក់ពិន្ទុ​វិញ លោក ប្រាក់ សុ​ណ្ណា​រ៉ា បានបញ្ជាក់​ដូច្នេះ​៖«​គណៈកម្មការ​៧​រូប ដែល​មកពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដាក់ពិន្ទុ​ទៅលើ​សំណេរ ខ្លឹមសារ កាយវិកា ការលើកដាក់​សំឡេង ការគោរព​ពេលវេលា និង​ទៅលើ​សំណួរចម្លើយ​»​។ 
 
​រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​រូបនេះ បាន​សង្កត់ធ្ងន់ថា ការចូលរួម​របស់​យុវជន ក្នុងការ​ផ្សព្វផ្សាយ​ចំណេះដឹង​ដែល​ខ្លួន​មាន​លើ​វិស័យ​សិល្បៈ​វប្បធម៌ ទៅកាន់​សាច់ញាតិ មិត្ត​ភ័ក្ដិ និង​មនុស្ស​ដែល​នៅ​ជុំវិញខ្លួន គឺជា​រឿង​ដ៏​សំខាន់ ដើម្បី​ថែរក្សា​ការពារ អភិរក្ស​ក៏ដូចជា​អភិវឌ្ឍន៍ សិល្បៈ​វប្បធម៌​ជាតិ​ឱ្យ​កាន់តែ​រុងរឿង​៕


យុវជន​នៃសកលវិទ្យាល័យ​ប៊ែលធីអន្តរជាតិ​ ដែល​ទទួល​បាន​ជ័យ​លាភី​លេខ​២ (រូប​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ)


លោក ប្រាក់ សុណ្ណារ៉ា រដ្ឋលេខាធិការ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ (រូប​ផ្ដល់​ឱ្យ)


យុវជននៃសកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ​ ដែល​ទទួល​បាន​ជ័យ​លាភី​លេខ​៣ (រូប​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ)


គណៈកម្មការវាយតម្លៃ​ទាំង​៧​រូប ដែល​ធ្វើ​ការ​នៅ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ (រូប​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ)


Tag:
 វប្បធម៌​
  សិល្បៈ​
  ក្រសួង​វប្បធម៌​
  ប្រកួតប្រជែង
© រក្សាសិទ្ធិដោយ thmeythmey.com