ជាតិ
អ្នកជំនាញ​ផ្តល់យោបល់​ដើម្បី​ឲ្យ​បន្លែ​ខ្មែរ​អាច​ប្រជែង​ទីផ្សារ​ឈ្នះ​បន្លែ​គីមី​ពី​បរទេស​
27, Feb 2020 , 4:02 pm        
រូបភាព
​ភ្នំពេញ​៖ បន្លែ​នៅ​កម្ពុជា នាបច្ចុប្បន្ន​នេះ កំពុង​ចាញ់​ប្រៀប​បន្លែ​ដែល​នាំចូល​ពី​បរទេស ជាពិសេស​ពី​វៀតណាម ទាំង​តម្លៃ និង​បរិមាណ​។ ទោះបីជា​យ៉ាងណាក៏ដោយ អ្នកជំនាញ​កសិកម្ម​នៅតែ​មើលឃើញ​ច្រក​សម្រាប់​កម្ពុជា​លើ​ការប្រកួតប្រជែង​លើ​ទីផ្សារ តាមរយៈ​ការពង្រីក​ផលិតផល​បន្លែ​សុវត្ថិភាព ហើយ​រដ្ឋាភិបាល​ត្រូវ​រឹតត្បិត និង​តម្លើង​តម្លៃ​ជា​អតិបរិមា​ចំពោះ​បន្លែ​ដែល​នាំចូល​ពី​បរទេស​។​

 
«​បន្លែ​ដែល​ដាំ​ដុះ​នៅ​កម្ពុជា អាច​ប្រកួត​ឈ្នះ​បន្លែ​នាំចូល​ពី​បរទេស​បាន លុះត្រាតែ​ប្រជាកសិករ​នាំគ្នា​ពង្រីក​ការផលិត​បន្លែ​សុវត្ថិភាព ដោយ​ផ្តោតលើ​គុណភាព និង​សុខភាព​ដល់​អ្នក​បរិភោគ ព្រោះ​វា​ជា​លក្ខណៈ​ដាច់ដោយឡែក​នៃ​ការ​នាំចូល​បន្លែ​គីមី​ពី​បរទេស​។ ទន្ទឹមនឹង​គ្នា​នេះ  រដ្ឋាភិបាល រឹតត្បិត​នៃ​ការនាំ​ចូល​ពី​បរទេស​ផងដែរ ដោយ​ធ្វើយ៉ាងណា​កុំឱ្យ​បន្លែ​នាំចូល​ក្នុងស្រុក​មានតម្លៃ​ទាប​ជាង​១,៥០០​រៀល ក្នុង​មួយ​គីឡូក្រាម​»​។ អ្នកជំនាញ​កសិកម្ម ជាច្រើន មើលឃើញ​ដូចគ្នាៗ​ចំពោះ​បញ្ហា​នេះ​។​
 
​លោក ប៉ាត សុវណ្ណ មន្ត្រី​បច្ចេកទេស​កសិកម្ម​នៃ​អង្គការ GRET   បាន​លើកឡើងថា កសិករ​ខ្មែរ​ត្រូវ​ដាំ​ប្រភេទ​បន្លែ​ណា​ដែល​ខុសពី​ប្រភេទ​បន្លែ​នាំចូល ដើម្បី​ប្រកួតប្រជែង​ឈ្នះ​គេ​។ ការដាំ​បន្លែ​ខុសពី​បន្លែ​នាំចូល​នោះ  ត្រូវបាន​លោក សុវណ្ណ ពន្យល់​បន្ថែមថា មិនមែន​ន័យ​ថា គេ​ដាំ​តាសក់ កសិករ​ខ្មែរ​ទៅ​ដាំ ត្រឡាច នោះទេ​។  «​បន្លែ​មួយ​មុខ​ដូចគ្នា ខ្ញុំ​លើកយក​ការដាំ​តាសក់​ធ្វើជា​ឧទាហរណ៍​!... គេ​ដាំ​តាសក់​គីមី ប៉ុន្តែ​យើង​ផលិត​ឬ​ដាំ​តាសក់​សុវត្ថិភាព​ហើយ​យើង​ផលិត​បន្លែ​សុវត្ថិភាព​នេះ គឺជា​ប្រភេទ​បន្លែ​ដែល​ខុសពី​ប្រភេទ​បន្លែ​នាំចូល​ពិសេស​ប្រភេទ​បន្លែ​គីមី​នាំចូល​ពី​វៀតណាម តែម្តង​»​។ 
 
​មន្ត្រី​បច្ចេកទេស​កសិកម្ម​រូបនេះ បាន​ជំរុញ និង​លើក​ចិត្ត​ដល់​កសិករ​ខ្មែរ​គ្រប់រូប ឱ្យ​ផលិត​បន្លែ​សុវត្ថិភាព​ឱ្យបាន​កាន់តែច្រើន ដើម្បី​ប្រកួតប្រជែង​លើ​គុណភាព ជាមួយនឹង​បន្លែ​គីមី​ដែល​នាំចូល​ពី​បរទេស ខណៈដែល​បន្លែ​នាំចូល​ពី​ប្រទេស​ទាំងនោះ មានតែ​បរិមាណ និង​តម្លៃថោក​ប៉ុណ្ណោះ​។  លោក ប៉ាត សុវណ្ណ បាន​បញ្ជាក់ថា​គុណភាព​នៃ​បន្លែ ដែល​ធានា​សុវត្ថិភាព ដល់​សុខភាព​ទាំង​អ្នក​ដាំ និង​អ្នក​ទទួលទាន  គឺជា​តម្លៃ​ជោគជ័យ​ក្នុង​ការផលិត​បន្លែ ទាំង​តម្រូវការ និង​តម្លៃ រត់​រក​អ្នក​ដាំ​បន្លែ​ទាំងនោះ​។ 
 
​បើតាម​លោក ប៉ាត សុវណ្ណ ប្រសិនបើ​កសិករ​ខ្មែរ​នៅតែ​បន្ត​អនុវត្ត​ការដាំ​បន្លែ​ដោយ​គ្មាន​បច្ចេកទេស​នៃ​ការប្រើប្រាស់​ជី និង​ថ្នាំពុល​គីមីកសិកម្ម​មិន​ត្រឹមត្រូវ ឬ​លើស​កម្រិត​ទៀត  បន្លែ​ទាំងនោះ​ដាច់ខាត​មិនអាច​ប្រកួត​ឈ្នះ​នឹង​បន្លែ​គីមី​នាំចូល​ពី​បរទេស​បានឡើយ ព្រោះ​ជាធម្មតា​ការផលិត​បន្លែ​ដោយ​ប្រើប្រាស់​ជី​និង​ថ្នាំពុល​គីមី​ច្រើន កសិករ​ខ្មែរ​គឺ​ត្រូវ​ចំណាយ​ថ្លៃដើម​ផលិត​ខ្ពស់​។ ប៉ុន្តែ​ការលក់​បន្លែ​គីមី​ដែល​ដាំ​បាន​នោះ បែរជា​លក់​មិន​ឈ្នះ​នឹង​បន្លែ​នាំចូល​ទៅវិញ   ដោយសារ​បន្លែ​គីមី​គេ​មានតម្លៃ​ទាប​ជាង​បន្លែ​គីមី​ដាំ​នៅក្នុង​ស្រុក​ទៅទៀត​។ 


បន្លែសុវត្ថិភាពជាច្រើន កំពុងតាំងលក់នៅផ្សារទំនើបអ៊ីអន។ រូបថតផផ្តល់ដោយ អ្នកស្រី ប៊ុន សៀង ប្រធានក្រុមហ៊ុន ភូមិកសិកម្មធម្មជាតិ។
 
«​យើង​អត់​អាច​ផលិត​បន្លែ​គីមី​ទៅ​ប្រកួតប្រជែង​នឹង​បន្លែ​នាំចូល​ឡើយ​។ ព្រោះ​ចង្វាក់​ផលិតកម្ម​នៃ​ការដាំដុះ​បន្លែ​គេ​ខ្លាំង​ជាង​យើង​»​។ នេះ​ជាការ​លើកឡើង​របស់លោក ប៉ាត សុវណ្ណ ដែល​បាន​សង្កត់ធ្ងន់ថា​៖« គេ​ដាំ​បន្លែ​បាន​ទិន្នផល​ច្រើនជាង​យើង គេ​ផលិត​បន្លែ​មាន​រូបរាង​ល្អ​ជាង​យើង និង​តម្លៃថោក​ជាង​យើង ហើយ​បើ​គេ​នាំ​បន្លែ​ចូលមក​យើង បន្លែ​គេ​ក៏​នូវមាន​តម្លៃថោក​ជាង​បន្លែ​គីមី​ដែល​ដាំ​ក្នុងស្រុក​។  យើង​គឺ​មិនអាច​ប្រកួតប្រជែង​ឈ្នះ​គេ​ទេ​។ ប៉ុន្តែ​បើ​យើង​ប្តូរ​ពី​ការផលិត​គីមី​ទៅ​ការផលិត​បន្លែ​សុវត្ថិភាព​វិញ យើង​នឹង​ចំណាយ​ថ្លៃដើម​តិច ហើយ​ចំណេញ​ច្រើន តាមរយៈ​ការបន្ថយ​ការប្រើប្រាស់​ជី​និង​ថ្នាំពុល​គីមីកសិកម្ម​...​ដោយឡែក​បន្លែ​សុវត្ថិភាព​ដែល​យើង​ដាំ​មានគុណ​ភាពល្អ គឺមាន​តម្លៃ​ខ្ពស់ និង​មាន​អ្នក​ចាំ​បញ្ជា​ទិញ​ជានិច្ច​»​។  
 
​ពាក់ព័ន្ធ​នឹង​ការពង្រីក​ក្នុង​ការដាំ​បន្លែ​សុវត្ថិភាព​របស់​ប្រជាកសិករ​ក្នុងស្រុក ដើម្បី​កាត់បន្ថយ​ការ​នាំចូល​បន្លែ​គីមី​ពី​បរទេស ពិសេស​ប្រទេស​វៀតណាម អ្នកស្រី ប៊ុន សៀង ប្រធាន​ក្រុមហ៊ុន​កសិកម្ម​ធម្មជាតិ ក៏​ទាមទារ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​រឹតត្បិត ឬ​កំណត់​តម្លៃ​នៃ​ការ​នាំចូល​បន្លែ​ពី​វៀតណាម ឱ្យ​ស្ថិត​ក្នុងតម្លៃ​បោះ​ដុំ​លើ​ទីផ្សារ​ស្រុក​ខ្មែរ​មិន​ក្រោម​១,៥០០​រៀល​ក្នុង​មួយ​គីឡូក្រាម​។ 
 
​អ្នកស្រី  ប៊ុន សៀង បាន​និយាយថា ការកំណត់ថ្លៃ​បន្លែ​នាំចូល​ដែលមាន​តម្លៃ​ប្រហែល​ឬ​លើស ពី​បន្លែ​ដាំ​ក្នុងស្រុក គឺជា​ការរក្សា និង​លើកកម្ពស់ ផលិតផល​បន្លែ​ក្នុងស្រុក ក្នុង​ការជំរុញឱ្យ​កសិករ​ទាំងនោះ នាំគ្នា​ផលិត​បន្លែ​មាន​សុវត្ថិភាព​កាន់​ច្រើនតែ​ក្នុង​ទីផ្សារ​។​
 

លោក ប៉ាត សុវណ្ណ ​មន្ត្រីជំនាញកសិកម្មនៃអង្គការGRET
 
​អ្នកស្រី ប៊ុន សៀង បាន​អះអាង​ដូច្នេះ​៖ «​អ្នកទិញ​ជាទូទៅ​ពួកគាត់​តែងតែ​ប្រៀបធៀប​តម្លៃ​គ្នា បើទោះបី​ដឹងថា​បន្លែ​យើង​មាន​សុវត្ថិភាព​ក៏ដោយ តែបើ​បន្លែ​យើង​ថ្លៃ​ជាង​ខ្លាំងពេក អ្នកទិញ​ទាំងនោះ​នៅតែ​រារែក​ក្នុងការ​សម្រេចចិត្ត​ទិញ តែបើ​ខុស​តម្លៃ​គ្នា​រវាង​បន្លែ​នាំចូល​និង​បន្លែ​សុវត្ថិភាព​យើង​តិចតួច អ្នកទិញ​នឹង​ទិញ​បន្លែ​សុវត្ថិភាព​យើង​ហើយ​»​។ អ្នកស្រី​បាន​បន្ថែមថា​កន្លងមក បញ្ហា​ដែល​បន្លែ​ដាំ​ក្នុងស្រុក​មិនអាច​លក់​ឈ្នះ​បន្លែ​នាំចូល​គឺ​ដោយសារ​ប្រភេទ​បន្លែ​គីមី​នាំចូល​មួយចំនួន​មានតម្លៃ​បោះ​ដុំ​ត្រឹម​២០០​ឬ​៣០០​រៀល​ប៉ុណ្ណោះ ក្នុង​មួយ​គីឡូក្រាម ហើយ​បញ្ហា​តម្លៃ​បន្លែ​នាំចូល​ថោក​ដូច្នេះ គឺជា​ហេតុផល​ក៏​ធំ​មួយ​ក្នុងការ​ទាញ​បន្លែ​ក្នុងស្រុក ពិសេស​បន្លែ​សុវត្ថិភាព មានតម្លៃ​ថោក​ដែរ ធ្វើឱ្យ​កសិករ​ខាតបង់ និង​លែង​ចង់​ដាំ​បន្លែ​ត​ទៀត​។​
 
​កាលពី​ថ្ងៃទី​១៨​កុម្ភៈ ឆ្នាំ​២០២០ នា​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​គរុ​សិស្ស​-​គរុ​និស្សិត  សម្តេច ហ៊ុន សែន បាន​បំផុស​ឱ្យ​ពលរដ្ឋ​ដាំ​បន្លែ​ដោយ​មិន​ប្រើប្រាស់​សារធាតុ​គីមី ដើម្បី​ធានា​សុវត្ថិភាព​អ្នក​ដាំ និង​អ្នក​ទទួលទាន ហើយ​កាត់បន្ថយ​ការ​នាំចូល​បន្លែ​គីមី​ពី​បរទេស ។ សម្តេច មានប្រសាសន៍​ដូច្នេះ​៖ «​ជា​វិធាន​ការដែល​យើង​ត្រូវប្រកាន់យក ដោយ​ជំរុញ​ការដាំដុះ​ក្នុងស្រុក ហើយ​ជំរុញ​ចូលក្នុង​ទីផ្សារ​។ ទីផ្សារ​របស់​យើង​គឺ​មិន​សំដៅ​ការនាំ​ចេញទៅ​ក្រៅ​នោះទេ  ព្រោះ​សព្វថ្ងៃនេះ​ភ្ញៀវទេសចរ​របស់​យើង​ប្រើប្រាស់​របស់​ផ្គត់ផ្គង់​ពី​ខាងក្រៅ រាប់ទាំង​បន្លែ ផងដែរ​។ ដូច្នេះ​យើង​ត្រូវ​ពង្រឹងសមត្ថភាព​ក្នុង​ការដាំដុះ​របស់​កសិក​រ​ខ្មែរ​យើង​ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​នៅតាម​សណ្ឋាគារ​»​។​
 
​ក្រៅពី​ការពង្រឹង​លើ​ដាំ​ដុះ​បន្លែ សម្តេច​ក៏​ជំ​រុញឱ្យ​កសិករ ពង្រីក​ការចិញ្ចឹម​សត្វ មាន់ ត្រី​ជាដើម ដើម្បី​ផ្គត់ផ្គង់​ឱ្យ​សណ្ឋាគារ​ក្នុងស្រុក ដោយ​សម្តេច​សំដៅ​ការនាំ​ចូល​នៅ​ហ្នឹង​កន្លែង ដោយ​មិន​ចម្រោះ ឬ​ពឹង​ផ្អែកទៅលើ​ទីផ្សារ​ខាងក្រៅ​ឡើយ ដោយ​ការកាត់បន្ថយ​ការនាំចេញ​រូបិយប័ណ្ណ ទៅ​ទិញ​ផលិតផល​កសិកម្ម​ខាង​ក្រៅប្រទេស​។​
 
​សូមជម្រាបថា ក្នុង​មួយឆ្នាំៗ​កម្ពុជា​បាន​ចំណាយលុយ​មិន​ក្រោម​២០០​លាន​ដុល្លារ​ឡើយ ដើម្បី​នាំចូល​បន្លែ និង ផ្លែឈើ​ពី​ប្រទេសជិតខាង​។ ដោយ កម្ពុជា​បាន​នាំ​បន្លែ​ចន្លោះ​ពី​២០០​ទៅ​៤០០​តោន​ក្នុង​មួយថ្ងៃៗ ពី​ប្រទេស​វៀតណាម ដើម្បី​បំពេញតម្រូវការ​ក្នុងស្រុក​សរុប​១,០៦៦​តោន​។ បើតាម​លោក គៀន សុភា  ប្រធាន​នាយកដ្ឋាន​សាកវប្បកម្ម និង​ដំណាំ​រួមផ្សំ បាន​អះអាង​ប្រាប់​សារព័ត៌មាន ThmeyThmey25 ថា កម្ពុជា​អាច​ផលិត​បន្លែ​ចម្រុះ បានជា​មធ្យម​៥០០​ទៅ​៦០០​តោន​ក្នុង​មួយថ្ងៃ កម្ពុជា​អាច​ផលិត​បន្លែ​សុវត្ថិភាព​បាន​ត្រឹម​៦០​តោន​ប៉ុណ្ណោះ​។ ខេត្ត​ដែល​ផលិត​អាច​ផលិត​បន្លែ​បាន​ច្រើនជាងគេ មាន​បាត់ដំបង ត្បូងឃ្មុំ កណ្តាល និង​ខេត្តព្រៃវែង​៕ 

Tag:
 បន្លែ​សុវត្ថិភាព​
 ​បន្លែ​គីមី​
© រក្សាសិទ្ធិដោយ thmeythmey.com