កីឡាអន្តរជាតិ
អន្តរជាតិ
FA ពិន័យ Alli ៦​ប្រកួត ព្រោះ​បង្ហោះ​វីដេអូ​លេងសើច​ជុំវិញ COVID-19
27, Feb 2020 , 4:41 pm        
រូបភាព
Dele Alli ខ្សែបម្រើ​ក្រុម Tottenham Hotspur ត្រូវ​សហព័ន្ធ​កីឡាបាល់ទាត់​អង់គ្លេស (FA) ចោទប្រកាន់​ពីបទ​ប្រព្រឹត្ដទ​ង្វើ​ខុសឆ្គង ក្រោយ​រូបគេ​បង្ហោះ​វីដេអូ​លើ​បណ្ដាញ​សង្គម​បង្ហាញ​ការលេង​សើច និង​រើសអើង​មនុស្ស​ជុំវិញ​ករណី​ជំងឺ​ផ្លូវដង្ហើម​កូ​រ៉ូ​ណា (COVID-19)​។ ឥរិយាបទ​បែបនេះ FA សម្រេច​ដាក់ពិន័យ Alli ចំនួន​៦​ប្រកួត​។​


 
Alli បាន​បង្ហោះ​វីដេអូ​ខ្លី​លើ​បណ្តាញ​សង្គម ទាក់ទង​ទៅនឹង​ជំងឺឆ្លង​ដ៏​កាច​សាហាវ​នេះ​ដោយមាន​ពាក់​ម៉ាស់​ខ្មៅ​ផង​ក្នុង​បន្ទប់​សម្រាក​នៅ​អាកាសយានដ្ឋាន​មួយ​អំឡុងពេល​វិស្សម​កាលពី​ការប្រកួត​នៅ Premier League​។ ក្នុង​វីដេអូ​នោះ​ខ្សែបម្រើ​សញ្ជាតិ​អង់គ្លេស វ័យ​២៣​ឆ្នាំ​រូបនេះ ថែមទាំង​យក​កាមេរ៉ា​ទូរ​សព្ទ​របស់ខ្លួន​ថត​សំដៅ​ឆ្ពោះទៅ​បុរស​អាស៊ី​ម្នាក់​ដែល​អង្គុយ​ក្បែរ​នោះ​មុនពេល​បង្ហាញ​ដប​លាងដៃ​សំលាប់​មេរោគ​មួយ​ដប ហើយ​សរសេរ​ពាក្យ​បែប​បញ្ចើចបញ្ចើ​ផង​។​
 
​ទង្វើ​របស់ Alli បែបនេះ ត្រូវបាន FA កត់សម្គាល់​ឃើញថា ជាការ​រំលោភបំពាន​ធ្ងន់ធ្ងរ និង​បង្ហាញ​ការរើសអើង​អ្នក​ដែល​កើត COVID-19 ដែលជា​ទង្វើ​មិន​សមរម្យ​សម្រាប់​កីឡាករ​អាជីព​។​
«​ការ​បង្ហោះ​វីដេអូ​របស់ Alli ជាការ​រំលោភបំពាន ដែល​ត្រូវ​បានកំណត់​នៅក្នុង​ច្បាប់ FA Rule E3(2) ដោយ​បង្កប់ន័យ​រើសអើង​ពូជសាសន៍ ពណ៌​សម្បុរ ឬ​សញ្ជាតិ​ណាមួយ​»​។ នេះ​ជា​សំណេរ​ក្នុង​សេចក្តី​ថ្លែង​ការ​របស់ FA​។​
 
​ស្ថាប័ន​គ្រប់គ្រង​កីឡាបាល់ទាត់​អង់គ្លេស​មួយ​នេះ បានសម្រេច​ដាក់ពិន័យ Alli មិន​ឲ្យ​លេង​ចំនួន​៦​ប្រកួត​ទៅតាម​បទបញ្ញត្តិ​នៃ​ការដាក់ទណ្ឌកម្ម​របស់​ខ្លួន បើ​ទោះ​ខ្សែបម្រើ​អន្តរជាតិ​អង់គ្លេស​រូបនេះ​លុបចោល​វីដេអូ​នោះ​ភ្លាមៗ នឹង​ចេញមុខ​សូមទោស​ជា​សារ​ធា​រណ​ក៏ដោយ​។​
 
Alli បាន​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម​ចិន Weibo ថា​អ្វីដែល​ខ្លួន​ធ្វើ​មិនមែនជា​រឿង​គួរ​ឲ្យ​លេងសើច​នោះទេ ហើយ​រូបគេ​ក៏បាន​ដក​វីដេអូ​នោះ​ចេញ​ភ្លាមៗ​ហើយ​ដែរ​។​
 
​អវត្តមាន​របស់ Alli តាមរយៈ​ការដាក់ពិន័យ​នេះ នឹងធ្វើ​ឲ្យ​លោក Jose Mourinho ឈឺក្បាល​មិន​ខាន​។ ក្រុម​មាន់​ខ្នាយ​មាស​កំពុងមាន​វិបត្តិ​កីឡាករ​ជាច្រើន ដោយសារ​តារា​ឆ្នើម​របស់​ក្រុម​ជួប​បញ្ហា​របួស ដូចជា​ខ្សែប្រយុទ្ធ Harry Kane និង Son Heung-min ជាដើម​។ ជុំវិញ​ការពិន័យ​នេះ អ្នកចាត់ការ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់ ក៏មាន​យោបល់​ផ្ទាល់ខ្លួន​ថា ការដឹង​ខុស និង​វិប្បដិសារី​របស់ Alli គួរតែ​មិនមាន​ការដាក់ពិន័យ​នោះទេ​៕

Tag:
 Dele Alli
  COVID-19
  Tottenham Hotspur
© រក្សាសិទ្ធិដោយ thmeythmey.com