COVID-19
អន្តរជាតិ
លោក ត្រាំ ចាត់តាំង​អនុ​ប្រធានាធិបតី​ឲ្យ​ដឹកនាំ​ការប្រយុទ្ធប្រឆាំង COVID-19
27, Feb 2020 , 9:59 pm        
រូបភាព
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​២៦ ខែកុម្ភៈ និយាយថា លោក​កំពុង​ពិចារណា​ដាក់​ការ​រឹតត្បិត​ការធ្វើដំណើរ​លើ​អ៊ីតាលី និង​កូរ៉េខាងត្បូង​ជាទី​ដែល​កូ​រ៉ូ​ណា​វីរុស​កំពុង​វាយលុក​ខ្លាំង​។ លោក ត្រាំ បាន​ហៅ​ស្ថានការណ៍​វីរុស​នៅ​ទឹកដី​អាមេរិក ស្ថិតនៅ​កម្រិត​ទាប​ដែល​មិនទាន់​ក្លាយជា​ការគំរាមកំហែង​ធ្ងន់ធ្ងរ​ឡើយ​។ លោក ត្រាំ ក៏បាន​ចាត់តាំង​ឲ្យ​អនុ​ប្រធានាធិបតី ម៉ៃ ផេ​ន ដឹកនាំ​ការងារ​ប្រយុទ្ធ​ប្រឆាំងនឹង​វីរុស​ប្រភេទ​ថ្មី​នេះ​។​

 
​នា​សន្និសីទ​សារព័ត៌​មាននៅ​សេត​វិមាន​ស្ដីពី​ជំងឺ​ផ្លូវដង្ហើម​ថ្មី (COVID-19) ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ និយាយថា ហានិភ័យ​របស់​ជំងឺ​មួយ​នេះ​លើ​ប្រជាជន​អាមេរិក ស្ថិតនៅ​កម្រិត​ទាប​នៅឡើយ ស្រប​ពេលដែល​អាជ្ញាធរ​ក៏បាន​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ដោះស្រាយ​បញ្ហា​ផងដែរ​។ បើតាម​លោក ត្រាំ វីរុស​ប្រភេទ​ថ្មី នៅតែ​អាច​រាលដាល​ទ្រង់ទ្រាយ​ធំ​នៅលើ​ទឹកដី​អាមេរិក ដែល​បច្ចុប្បន្ននេះ​មាន​ករណី​ឆ្លង​ជាង​៥០​នាក់​ហើយ​ដែរ​។ 
 
​ជា​វិធានការ​ទប់ស្កាត់​ការឆ្លង​ពី​ខាងក្រៅ លោក ត្រាំ ក៏បាន​ពិចារណា​រឹតត្បិត​ការធ្វើដំណើរ​ពី​ប្រទេស​ដែល​កំពុង​រាតត្បាត​ដោយ COVID-19 មាន​អ៊ីតាលី និង​កូរ៉េខាងត្បូង​។ បច្ចុប្បន្ន អ៊ីតាលី មាន​ករណី​ឆ្លង​៤០០​នាក់ និង​ស្លាប់​១២​នាក់ ឯ​កូរ៉េខាងត្បូង​មាន​ជាង​១៥០០​ករណី និង​ស្លាប់​១៣​នាក់​។ អ៊ីតាលី ត្រូវបាន​ចាត់ទុកជា​ប្រភព​ចម្លង​ធំ​មួយ​នៅ​អឺរ៉ុប ដោយ​ករណី​ឆ្លង​នៅ​ប្រទេស​នានា សុទ្ធតែ​ធ្លាប់មាន​ប្រវត្តិ​ធ្វើដំណើរ​ទៅ​អ៊ីតាលី​។​
 
«​នៅពេល​វេលា​សក្តិសម យើង​ប្រហែល​ធ្វើ​វា តែ​ឥឡូវនេះ មិនមែនជា​ពេលវេលា​ត្រឹមត្រូវ​ឡើយ​។​» លោក ត្រាំ ឆ្លើយ​បែបនេះ​ទៅនឹង​សំណួរ​របស់​អ្នកសារព័ត៌មាន​ពាក់ព័ន្ធ​វិធាន​ការបិទ​ការធ្វើដំណើរ​មកពី​អ៊ីតាលី និង​កូរ៉េខាងត្បូង​។ សព្វថ្ងៃ អាមេរិក បាន​អនុវត្ត​វិធានការ​បែបនេះ​លើ​អ្នកដំណើរ​ទាំងអស់​ទៅ​ពី​ទឹកដី​ចិន​។ សម្រាប់​ករណី​កូរ៉េខាងត្បូង ក្រសួងការបរទេស​អា​មេ​រិ​ក បានស្នើ​ឲ្យ​ប្រជាជន​អាមេរិក​បញ្ចៀស​ការធ្វើដំណើ​រ​មិនចាំបាច់​។​
 
​ពី​កម្មវិធី​នៅ​សេត​វិមាន លោក ត្រាំ ក៏​ប្រកាស​ការចាត់តាំង​ឲ្យ​អនុ​ប្រធានាធិបតី ម៉ៃ ផេ​ន ដឹកនាំ​ការងារ​សម្របសម្រួល​ស្ថាប័ន​ពាក់ព័ន្ធ​នានា​លើ​កិច្ចការ​គ្រប់គ្រង និង​ទប់ស្កាត់ COVID-19 នេះដែរ​។ មុននេះ រដ្ឋមន្ត្រី​សុខាភិបាល Alex Azar ជា​អ្នកទទួលបន្ទុក​មើល​ការខុសត្រូវ​។ ការចាត់តាំង​មន្ត្រី​ថ្នាក់ខ្ពស់​ក្នុងប្រទេស​ឲ្យ​ដឹកនាំ​ការងារ​នេះ ជា​សញ្ញា​បង្ហាញ​ការ​ពី​ការប្រុងប្រយ័ត្ន​ខ្ពស់​របស់​អាមេរិក ប្រឈមមុខ​នឹង​ហានិភ័យ​របស់​វីរុស​ដែល​សម្លាប់​មនុស្ស​ជាង​២៨០០​នាក់​ហើយ​។​
 
​អំឡុង​សន្និសីទ​សារព័ត៌មាន​ដដែល មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺឆ្លង​អាមេរិក (CDC) ក៏បាន​ប្រកាស​ពី​ករណី​ក្នុង​សហគមន៍​លើកដំបូង​លើ​ពលរដ្ឋ​អាមេរិក​ម្នាក់​ផងដែរ​។ មានន័យថា អ្នកជំងឺ​ចុងក្រោយ​នេះ មិន​ធ្លាប់​ធ្វើដំណើរ​ទៅកាន់​ប្រទេស ឬ​តំបន់​ដែល​ងាយ​ឆ្លង COVID-19 ឡើយ តែ​ឆ្លង​ពី​អ្នកជំងឺ​ម្នាក់ទៀត​។ ការឆ្លង​បែបនេះ គឺជា​ក្ដីបារម្ភ​ដ៏​ធំ​មួយ​សម្រាប់​ប្រទេស​ជាច្រើន ព្រោះ​វា​អាច​បង្ក​ឲ្យ​មាន​ករណី​ឆ្លង​កាន់តែច្រើន​ថែមទៀត​៕ 

Tag:
 អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  អ៊ីតាលី​
  កូរ៉េខាងត្បូង​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com