ជាតិ
ពិធីស្រោចស្រពព្រះសុគន្ធវារីប្រគេនសម្តេចព្រះអង្គនាយករងទាំងបីព្រះអង្គ រូបពីលេខាធិការដ្ឋានគណៈសង្ឃនាយក
× ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងចូលរួមពិធីស្រោចស្រពព្រះសុគន្ធវារីប្រគេនសម្តេចព្រះអង្គនាយករងទាំងបីព្រះអង្គ នៃគណៈមហានិកាយ ដែលប្រារព្ធនៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ នៅវត្តមុនីសុវណ្ណ(ចំពុះក្អែក) សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សម្ដេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង ត្រូវបានតែងតាំងជា សម្ដេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា បន្តពីសម្តេចសង្ឃ ព្រះធម្មលិខិត លាស់ ឡាយ បានសោយព្រះទិវង្គតកាលពីថ្ងៃអង្គារ ទី២៩ ខែតុលា ឆ្នាំ២០១៩ ក្នុងព្រះជន្មាយុ១០៦ព្រះវស្សា ដោយព្រះជរាពាធ។
ស្របពេលជាមួយគ្នា សម្ដេចព្រះវនរ័ត្ន កិត្តិបណ្ឌិត ណយ ច្រឹក ត្រូវបានតែងតាំងឲ្យឡើងជា សម្ដេចព្រះសង្ឃនាយករងទី២ រីឯសម្ដេចព្រះឧត្តមវង្សា មួង រ៉ា ដែលជាលេខាថេរសភា ត្រូវបានតែងតាំងឡើងជា សម្ដេចព្រះសង្ឃនាយករងទី៣ នៃព្រះរាជាណាចក្រកម្ពុជា។
រចនាសម្ព័ន្ធគណៈសង្ឃនាយក គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយសម្តេចព្រះមហាសង្ឃរាជាធិបតី ទេព វង្ស និងសម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត ជាព្រះព្រះសង្ឃនាយក។
គណៈកម្មការមួយត្រូវបានបង្កើតឡើងដើម្បីរៀបចំពិធីស្រោចស្រពព្រះសុគន្ធវារីនេះ ដែលដឹកនាំដោយលោកទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម ជាប្រធាន និងមានសម្ដេចព្រះពុទ្ធជ័យមុនី ឃឹម សន លោក យូ ស៊ុនឡុង និងលោក រង្សី វិស្សុត ជាអនុប្រធាន។
គណៈកម្មការនេះមានភារកិច្ចសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីរៀបចំពិធីបុណ្យស្រោចស្រពព្រះសុគន្ធវារី តាមប្រពៃណីព្រះពុទ្ធសាសនា ឱ្យប្រព្រឹត្តទៅបានល្អប្រសើរ។
គណៈកម្មការនេះអាចបង្កើតអនុគណៈកម្មការ និងក្រុមការងារបន្ថែមជាជំនួយការ និងប្រើប្រាស់មន្ត្រីក្រោមឱវាទតាមការចាំបាច់ ដើម្បីធានាឱ្យការរៀបចំពិធីបុណ្យប្រព្រឹត្តទៅតាម ប្រពៃណីព្រះពុទ្ធសាសនា បានល្អប្រសើរ។ គណៈកម្មការនេះអាចប្រើប្រាស់ត្រាក្រសួងធម្មការ និងសាសនា ដើម្បីដំណើរការសកម្មភាពរបស់ខ្លួន៕
Tag:
សាសនា
ព្រះសង្ឃ
គណៈកម្មការ
សម្ដេច
ស្រោចស្រព
សុគន្ធវារី
រដ្ឋាភិបាល
© រក្សាសិទ្ធិដោយ thmeythmey.com