COVID-19
អន្តរជាតិ
COVID-19៖ អ៊ីរ៉ង់ អ៊ីតាលី និង​ជប៉ុន កើន​អ្នកស្លាប់ ឯ​១០​ប្រទេស​ទៀត​កើន​អ្នកជំងឺ​
27, Feb 2020 , 11:12 pm        
រូបភាព
ដោយ: រួបរួម
គិត​ត្រឹម​ម៉ោង​៩​យប់​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២០ នេះ ករណី​ឆ្លង​ជំងឺ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (COVID-19) ឡើងដល់​ជាង​៨២០០០​នាក់ ក្នុងនោះ ២៨១៤​នាក់ បាន​ស្លាប់ និង​ជាង​៣៣០០០​នាក់ ជាសះស្បើយ​។ ក្នុងចំណោម​៤៧​ប្រទេស ក្រៅពី​ចិន និង​កូរ៉េខាងត្បូង ករណី​ស្លាប់​នៅ​អ៊ីរ៉ង់ ជប៉ុន និង​អ៊ីតាលី បន្ត​កើនឡើង ខណៈ​ប្រទេស​ប្រមាណ​១០​ទៀត រកឃើញ​ករណី​ឆ្លង​ថ្មី​ជា​បន្តបន្ទាប់​។​



​របាយការណ៍​ដំបូង​បង្ហាញថា ចិន មាន​អ្នកជំងឺ​ជិត​៧៩០០០​នាក់ ដែល​ក្នុងនោះ ២៧៥០​នាក់​បាន​ស្លាប់ ដោយ​រាប់បញ្ចូល​ទាំង​២​ករណី​នៅ​ហុងកុង និង​១​ករណី​នៅ​តៃវ៉ាន់​។ កូរ៉េខាងត្បូង​កើន​អ្នកជំងឺ​ជាង​៥០០​នាក់​ទៀត​ដែល​ធ្វើ​ឲ្យ​ចំនួន​សរុប​ឡើងដល់​១៧៦៦​នាក់ រីឯ​អ្នក​ស្លាប់មាន​១៣​នាក់​។​

​សម្រាប់​តួលេខ​ចុងក្រោយ ជប៉ុន រកឃើញ​៣៥​ករណី​បន្ថែមទៀត ដោយ​ធ្វើ​ឲ្យ​ចំនួន​សរុប​ឡើងដល់​ជាង​២០០​ករណី និង​អ្នកស្លាប់​៤​ករណី បន្ថែម​ពីលើ​ចំនួន​អ្នកជំងឺ​លើ​នាវា Diamond Princess ជាង​៧០០​ករណី និង​ស្លាប់​៤​ករណី​ដូចគ្នា​។​

​ស្របពេល​ជាមួយគ្នានេះ អ៊ីតាលី កើនឡើង​ដល់​៥២៨​ករណី ខណៈ​អ្នកស្លាប់​ឡើងដល់​១៤​នាក់ ខណៈ​អ៊ីរ៉ង់ មាន​កំណើន​បន្ថែម​១០៦​នាក់​ទៀត ដែល​ធ្វើ​ចំនួន​សរុប​ឡើងដល់​២៤៥​ករណី រីឯ​អ្នកស្លាប់​មាន​រហូតដល់​ទៅ​២៦​នាក់​ហើយ​។​

​ប្រទេស​ផ្សេងទៀត​ដែលមាន​ករណី​ឆ្លង​កើនឡើង​នា​ថ្ងៃទី​២៧ ខែកុម្ភៈ រួមមាន សិង្ហ​បុរី កើន​៣​ករណី (​សរុប​៩៦), កូ​វ៉ែត កើន​១៧​ករណី (​សរុប​៤៣), អេ​ស្ប៉ា​ញ កើន​២​ករណី (​សរុប​១៥), អង់គ្លេស កើន​២​ករណី (​សរុប​១៥), អ៊ីរ៉ាក់​កើន​១​ករណី (​សរុប​២), ស្វី​ស​កើន​៣​ករណី (​សរុប​៤), អូទ្រីស​កើន​១​ករណី (​សរុប​៤), ក្រិ​ក​កើន​២​ករណី (​សរុប​៣), អ៊ីស្រាអែល កើន​១​ករណី (​សរុប​៣) ខណៈ​ដា​ណឺ​ម៉ាក និង​អេ​ស្តូ​នី ទើប​មាន​ករណី​ដំបូង​៕




© រក្សាសិទ្ធិដោយ thmeythmey.com