ជាតិ
សម្ដេច ហ៊ុន សែន ស្នើឱ្យ​ក្រសួង​ធម្មការ​ពិនិត្យមើល​ព្រះសង្ឃ​ទេសនា​បែប​កំប្លែង​
28, Feb 2020 , 10:41 am        
រូបភាព
​ភ្នំពេញ​៖ សម្ដេច ហ៊ុន សែន ស្នើឱ្យ​ក្រសួង​ធម្មការ​ពិនិត្យមើល​ព្រះសង្ឃ ដែល​ទេសនា​បែប​កំប្លែង​នៅក្នុង​វី​ធី​នានា ដើម្បី​ចង់ដឹងថា ការ​ទេសនា​បែបនេះ វា​ប៉ះពាល់​ដល់​វិស័យ​សាសនា​ដែរ​ទេ​។ នាយករដ្ឋមន្ត្រី​ថ្លែង​បែបនេះ នៅក្នុង​ពិធី​ស្រោចស្រព​ព្រះ​សុគន្ធវារី ប្រគេន​សម្តេចព្រះ​សង្ឃនាយក​រង​៣​ព្រះអង្គ នៅ​ព្រឹក​ថ្ងៃទី​២៨ កុម្ភៈ​។​


 
«​ឥឡូវ​ហ្នឹង (​ព្រះសង្ឃ​)​ចាប់ផ្ដើម​ទេសនា​កំប្លុកកំប្លែង​ហ្នឹង ខ្ញុំ​កូរ​ណា​ខ្ញុំ​ចេះតែ​ចង់​សួរថា ព្រះ​តេជគុណ​តើ​(​ការ​ទេសនា​នេះ​)​ត្រូវ​ឬ​អត់​?...​។ នេះ​ជា​ចម្ងល់​របស់​សម្ដេច ហ៊ុន សែន ដែលស្នើឱ្យ​ក្រសួង​ធម្មការ និងសាសនា រួមទាំង​គណៈសង្ឃ ជួយ​ពិនិត្យ​លើ​ករណីនេះ​។​



 
​សម្ដេច ហ៊ុន សែន ក៏​មិន​ហ៊ាន​វាយតម្លៃថា ការ​ទេសនា​បែបនេះ វា​ខុសឆ្គង​ដែលនាំឱ្យ​ប៉ះពាល់​ដល់​វិស័យ​សាសនា​ដែរ ប៉ុន្តែ​សម្ដេច គ្រាន់តែ​មិន​ចង់ឃើញ​ការយក​សាសនា ទៅ​លាយឡំ​ជាមួយ​កំប្លែង និង​ចម្រៀង​ប៉ុណ្ណោះ នៅពេល​ទេសនា​។ 
 
​ត្រង់ចំណុច​នេះ សម្ដេច ហ៊ុន សែន ក៏បាន​លើក​ឧទាហរណ៍​ពី​វីដេអូ​ទេសនា​របស់​ព្រះសង្ឃ​មួយអង្គ ព្រះនាម​លោកតា ស៊ុ​ច ដែល​បាន​ទេសនា​ប្រៀបធៀប​ជីវិត​រវាង​អ្នកមាន និង​អ្នកក្រ ឱ្យ​ពុទ្ធ​បរិ​ស័​ទ្ធ​ស្ដាប់ ។​ក្នុងពេល​ទេសនា​នោះ​លោកតា ស៊ុ​ច មាន​សង្ឃដីកា​ពន្យល់ថា «​អ្នកមាន​»​គិត​វី​ធី​រកលុយ​គ្រប់ពេលវេលា ចំណែក«​អ្នកក្រ» គិតតែ​ជុំគ្នា​ផឹកស៊ី និង​ស្រែកច្រៀង​។ លោកតា ស៊ុ​ច ក៏បន្ត​សង្ឃដីកា​លើកយក​បទ «​ចាប់​យំ​ល្វើយៗ​» ដោយ​ព្រះអង្គ​បង្ហើរ​ព្រះ​សំនៀង ត្រាប់​តាម​បទ​ចម្រៀង​នេះ​ផងដែរ​។ វីដេអូ​ទេសនា​របស់​លោកតា ស៊ុ​ច ដែល​មានការ​លាយឡំ​បែប​កំប្លែង​នៅលើ​បណ្ដាញ​យូ​ធូប​នេះ មាន​អ្នក​ចូល​ទស្សនា​រាប់ម៉ឺន​នាក់​។​
 
​លោកនាយក​រដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់​ដូច្នេះ​ថា​៖«​ព្រះសង្ឃ​ខ្លះ ក៏​ទេសនា​តាមរបៀប​កំប្លែង​អ៊ីចឹងទៅ ហើយ​ពុទ្ធ​បរិ​ស័​ទ្ធ លោកយាយ លោកតា ក៏​ចេះតែ​សើច​អ៊ីចឹងទៅ ដល់​អ៊ីចឹង​ ទៅជា​ដណ្ដើម​ការងា​រ​របស់ ព្រហ្ម​ម៉ាញ (​អ្នក​អា​យ៉ៃ​បែប​កំប្លែង​) អស់​ទៅ​។ អ៊ីចឹង​ទេ ក៏ត្រូវ​គិត​ទៅដល់​ពេល​អនុ​សំ​វច្ចរ​(​មហាសន្និបាត​សង្ឃ​)​មន្ត្រី​សង្ឃ​ទូទាំងប្រទេស​ហ្នឹង ក៏​គួរតែ​ពិនិត្យ​កែលម្អ​កន្លែង​ហ្នឹង ក្រសួង​ធម្មការ​ក៏ត្រូវ​ពិនិត្យថា តើ​ត្រូវ​នឹង​បែបបទ​ព្រះពុទ្ធសាសនា​ឫ​អត់​? បើសិនជា​ឡើង​គ្រែ​ទេសនា ហាក់ដូចជា​គ្រែ​កំប្លែង​។ ខ្ញុំ​កូរ​ណា​ខ្ញុំ​មិន​ហ៊ាន​ថា​យ៉ាងម៉េច​ទេ ទុកឱ្យ​ព្រះសង្ឃ​បកស្រាយ​ទៅ​ចុះ​»​។​
 
​សម្រាប់​សម្ដេច ហ៊ុន សែន ការ​ទេសនា​បែប​កំប្លែង​នេះ ក៏​មិនមែនជា​រឿង​អាក្រក់​អ្វី​នោះដែរ ប៉ុន្តែ​ក៏​មិន​អាចឱ្យ​ប៉ះពាល់​ដល់​បា​វនា​ជាតិខ្មែរ «​ជាតិ សាសនា ព្រះមហាក្សត្រ​» នោះទេ​។ បើតាម​សម្ដេច ហ៊ុន សែន ដើម្បីឱ្យ​ពលរដ្ឋ​មាន​ជំនឿ និង​ប្រកាន់ខ្ជាប់​នូវ​សាសនា​នោះ គឺ​អាស្រ័យ​លើ​អ្នក​អប់រំ​សាសនា​តែម្ដង​។ «​យើង​មិនអាច​បន្ទោស​ប្រជាពលរដ្ឋ​បានទេ បញ្ហា​ស្ថិត​នៅត្រង់ថា ព្រះពុទ្ធសាសនា ផ្ដល់នូវ​ជំនឿ​ជឿជាក់​ដល់​ប្រជាជាតិ​ឬ​អត់​?...»​។​នេះ​ជាការ​បន្ថែម​របស់​ប្រមុខ​រដ្ឋាភិបាល​៕
 

Tag:
 ​ហ៊ុន សែន​
  សាសនា​
  ក្រសួង​ធម្មការ
© រក្សាសិទ្ធិដោយ thmeythmey.com