កីឡាអន្តរជាតិ
អន្តរជាតិ
Europa League៖ Man Utd និង Wolves ឡើងទៅ​វគ្គ​បន្ត ខណៈ Arsenal ធ្លាក់​
28, Feb 2020 , 11:00 am        
រូបភាព
​ក្រុម​អង់គ្លេស Manchester United និង Wolverhampton Wanderers បាន​កៅអី​ទៅកាន់​វគ្គ​១៦​ក្រុម​ចុងក្រោយ​ក្របខណ្ឌ UEFA Europa League ស្របពេល Arsenal ធ្លាក់​ត្រឹម​វគ្គ​៣២​ក្រុម ក្រោយ​ចាញ់​ក្រុម​ក្រិ​ក Olympiacos ក្នុង​ម៉ោង​បន្ថែម​ដោយ​លទ្ធផល ២-១ នា​ជំនួប​ជើង​ទី​២​។​


 
​គ្រាប់​ស៊ុត​បញ្ចូល​ទី​ចំនួន​៥​គ្រាប់​បានកើត​ឡើង​នៅ Old Trafford នា​ជំនួប​ជើង​ទី​២ វគ្គ​៣២​ក្រុម​ចុងក្រោយ រវាង Man Utd ទល់នឹង Club Brugge នៅ​រាត្រី​ថ្ងៃទី​២៧ ខែកុម្ភៈ​។ ៥​គ្រាប់​នេះ​គឺ​សុទ្ធតែ​ធ្វើបាន​ដោយ​ក្រុម​ម្ចាស់ផ្ទះ​បិសាច​ក្រហម ក្នុង​ជ័យជម្នះ ៥-០ លើ​ក្រុម​ភ្ញៀវ​ដែល​មកពី​លី​គ​កំពូល​បែលហ្ស៊ិក​។​
 
​ខ្សែបម្រើ Bruno Fernandes ជា​អ្នករក​គ្រាប់​បាល់​នាំមុខ​ឲ្យ​ក្រុម​លោក Ole Gunnar Solskjaer មុន​នៅ​នាទី​២៧ ដោយ​ការទា​ត់បាល់​ពិន័យ​១១​ម៉ែត្រ ក្រោយ​ខ្សែការពារ Simon Deli យកដៃ​រារាំង​បាល់​នៅ​តំបន់​គ្រោះថ្នាក់​និង​ទទួលបាន​កាត​ក្រហម​បណ្តេញចេញ​ផង​។​
 
​កីឡាករ​ចំណូល​ថ្មី​ម្នាក់ទៀត Odion Ighalo បានសម្រេច​គ្រាប់​ទី​២​នៅ​នាទី​៣៤ មុនពេល​ខ្សែបម្រើ​ដែល​ទើប​ជា​ពីរ​បួស Scott McTominay បន្ថែម​គ្រាប់​ទី​៣​មុន​បញ្ចប់​វគ្គ​ទី​១​នាទី​៤១​។ ខ្សែបម្រើ​ប្រេ​ស៊ី​ល Fred ស៊ុត​បញ្ចូល​ទី​២​គ្រាប់​ម្នាក់​ជា​បន្តបន្ទាប់​នៅ​នាទី​៨២ និង​៩០ ដើម្បី​ជួយ Man Utd យកឈ្នះ Club Brugge ៥-១ និង​លទ្ធផល​សរុប​ទាំងពី​ជើង ៦-១​។​


 
Wolves ក៏បាន​កៅអី​ទៅ​វគ្គ​១៦​ក្រុម​ផងដែរ បើ​ទោះ​ពួកគេ​ចាញ់ RCD Espanyol ៣-២ ក្នុងជំនួប​ជើង​ទី​២​នេះ​ក៏ដោយ​។ កាលពី​ជើង​ទី​១ ក្រុម​អង់គ្លេស​បាន​យកឈ្នះ​ក្រុម​អេ​ស្ប៉ា​ញ​ក្នុង​លទ្ធផល ៤-០ ឯណោះ ដូច្នេះ​សរុប​ទាំងពីរ​ជើង Wolves ឈ្នះ Espanyol ៦-៣​។​
 
​ដោយឡែក​ក្រុម​ពី​ក្របខណ្ឌ​អង់គ្លេស​មួយទៀត​គឺ Arsenal សល់​ត្រឹម​ការខកចិត្ត​ប៉ុណ្ណោះ​ក្រោយ​ធ្លាក់​ត្រឹម​វគ្គ​៣២​ក្រុម​នៃ​ពានរង្វាន់​លំដាប់​ទី​២​អឺរ៉ុប​នេះ​។ ក្រុម​ដែល​ដឹកនាំ​ដោយ​អ្នកចាត់ការ​ទូទៅ Mikel Arteta ភ្លាត់ស្នៀត​ចាញ់ Olympiacos ក្នុង​ដី​ខ្លួនឯង​សម្រាប់​ជំនួប​ជើង​ទី​២​ក្នុង​លទ្ធផល ២-១ ខណៈ​ជើង​ទី​១​ដែល​ធ្វើ​នៅ​ទឹកដី​ក្រិ​ក កាំភ្លើង​ធំ​យកឈ្នះ ១-០ ទៅហើយ​។​
 
​ខ្សែការពារ Pape Abou Cisse តែ​ត​បញ្ចូល​ទី​១​គ្រាប់​ជួយ Olympiacos នាំមុខ​មុន​នៅ​នាទី​៥៣​។ ដោយសារ​លទ្ធផល​ប្រកួត​ផ្លូវការ​៩០​នាទី​បានបញ្ចប់​ដោយ​លទ្ធផល ១-០ និង​សរុប​លទ្ធផល​ទាំងពីរ​ជើង ១-១ នោះ​តម្រូវ​ក្រុម​ទាំងពីរ​បន្ថែម​ម៉ោង​ប្រកួត​១៥​នាទី​២​ដង​។ នៅ​នាទី ១១៣ ខ្សែប្រយុទ្ធ​ឆ្នើម Pierre-Emerick Aubameyang បានសម្រេច​គ្រាប់​នាំមុខ​ដោយ​ប្រើ​ក្បាច់​កាប់​ចាន ប៉ុន្តែ​អ្វីៗ​ត្រូវបាន​បញ្ចប់​សម្រាប់​ក្រុម Arsenal ក្រោយ​ខ្សែប្រយុទ្ធ Youssef El Arabi ស៊ុត​គ្រាប់​តាម​ឈ្នះ​ឲ្យ Olympiacos នៅ​នាទី​១២០​វិញ​។ ចប់​ការប្រកួត Olympiacos ឈ្នះ Arsenal ២១ និង​សរុប​លទ្ធផល​ទាំងពីរ​ជើង ២-២​។ បើ​ទោះ​លទ្ធផល​ទាំងពីរ​ជើង​ស្មើគ្នា​ក្តី ប៉ុន្តែ Olympiacos ជា​ក្រុម​ទទួលបាន​កៅអី​ទៅ​វគ្គ​១៦​ក្រុម ដ្បិត​មាន​ក្រុម​ស៊ុត​ក្រៅ​ដី​ល្អ​ជាង (away goal)​។​
 
​ក្រុម​ដែល​ឈានទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​ពានរង្វាន់ Europa League រដូវ​កាល ២០១៩-២០ មាន​៖ Shakhtar Donetsk (​អ៊ុយ​ក្រែ​ន​) Sevilla (​អេ​ស្ប៉ា​ញ​) Roma (​អ៊ីតាលី​) Rangers (​ស្កុ​តឡែ​ន​) Olympiacos (​ក្រិ​ក​) Man Utd (​អង់គ្លេស​) Leverkusen (​អាល្លឺម៉ង់​) LASK (​អូទ្រីស​) Inter Milan (​អ៊ីតាលី​) İstanbul Başakşehir (​តួ​ក​គី​) Getafe (​អេ​ស្ប៉ា​ញ​) Copenhagen (​ដា​ណឺ​ម៉ាក​) Basel (​ស្វ៊ី​ស​)៕





Tag:
 UEFA Europa League
© រក្សាសិទ្ធិដោយ thmeythmey.com