ភ្នំពេញ៖ ប្រទេសស៊ុតអែត និងទីភ្នាក់ងារសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិសហរដ្ឋអាមេរិក(USAID) បន្តផ្តល់ជំនួយ៥លានក្រូណា (៥៣ម៉ឺនដុល្លារ) ដល់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល សម្រាប់ពង្រឹងសេវាកម្មដោះស្រោយវិវាទក្នុងវិស័យការងារនៅកម្ពុជា។ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតស៊ុយអែតប្រចាំកម្ពុជា នៅថ្ងៃទី២៧ ខែកុម្ភៈ ថវិកាដែលជាជំនួយឥតសំណងនេះ គឺសម្រាប់អនុវត្តគម្រោងរយៈពេល២ឆ្នាំ គឺឆ្នាំ២០២០-២០២១។
សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា គម្រោងអនុវត្តរយៈពេល២ឆ្នាំនេះ គឺដើម្បីលើកកម្ពស់ប្រព័ន្ធមជ្ឈត្តវិនិច្ឆ័យដោះស្រាយវិវាទការងារដោយអាជ្ញាកណ្តាលដែលអាចជឿជាក់បាន និងប្រកបដោយប្រសិទ្ធភាព។
លោក សាម៉ូអ៊ែល ហ៊ូទីក (Samuel Hurting) ប្រធានផ្នែកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិរបស់ស្ថានទូតស៊ុតអែតប្រចាំកម្ពុជា បាននិយាយថា ទីផ្សារការងារនៅគ្រប់ប្រទេសទាំងអស់កំពុងលូតលាស់ទៅមុខ ហើយត្រូវការសម្របទៅនឹងការប្រែប្រួល។ លោកបានបន្តថា អ្នកផលិតទាំងឡាយត្រូវតែបង្កើនគុណភាពទំនិញ និងរក្សាផលចំណេញដោយថ្លឹងថ្លែងជាមួយនឹងតម្រូវការសិទ្ធិការងារ ដូចជាស្តង់ដារការងារសមរម្យ និងប្រាក់ឈ្មួលដោយយុតិ្តធម៌ សមភាពយែនឌ័រ បញ្ហាបរិស្ថាន ដែលប៉ះពាល់ដល់ផលិតកម្ម និងលក្ខខណ្ឌការងារនានា។
លោក លើកឡើងថា សហជីពគឺជាតួអង្គសំខាន់ ដើម្បីតំណាងឲ្យសិទ្ធិកម្មករ និងគួរត្រូវបានការពារដោយច្បាប់។ លោក បញ្ជាក់ថា ដូច្នេះ៖«យន្តការដោះស្រាយវិវាទការងារដែលអាចជឿទុកចិត្តបាននិងឯករាជ្យ គឺជាធាតុផ្សំដ៏ចំបាច់ សម្រាប់ទីផ្សារការងារប្រកបដោយប្រសិទ្ធភាព។ តួរនាទីរបស់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលក្នុងការដោះស្រោយវិវាទនៅក្នុងទីផ្សារការងារគឺមានសារៈសំខាន់ណាស់ ហើយស្ថានទូតស៊ុតអែត នឹងបន្តគាំទ្រមូលនិធិក្រុមប្រឹក្សាកណ្តាល ដើម្បីធានាថាក្រុមប្រឹក្សាកណ្តាលនឹងបន្តតួនាទីរបស់ខ្លួនដោយឯករាជ្យ និងប្រកបដោយវិជ្ជាជីវៈ»។
ជាមួយគ្នានេះ លោក ហាវ្យា ខាស្តាណូ (Javier Castano) ប្រធានស្តីទី USAID មានប្រសាសន៍ថា ការដោះស្រាយវិវាទការងារដោយអាជ្ញាកណ្តាល គឺជាសារៈសំខាន់ដែលត្រូវរក្សា និងអនុវត្តក្នុងប្រព័ន្ធដោះស្រោយវិវាទការងាររួម ដែលមានអំណាចកាត់សេចក្តី និងដោះស្រោយដោយសន្តិវិធី ដោយស្ថាប័នទាំងភាគីនិយោជក ទាំងនិយោជិត ទទួលស្គាល់ថា មានអព្យាក្រឹត និងមិនលំអៀង។ ប្រធានស្តីទី USAID រូបនេះ បានបន្ថែមដូច្នេះថា៖«នេះជាមូលហេតុ ដែលយើងជ្រើសរើសគាំទ្រដល់តួនាទីស្នួលសំខាន់របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល ក្នុងការបង្កើតឡើងនូវបរិយាកាសប្រកបដោយភាពជឿជាក់សម្រាប់និយោជិត និយោជក និងអ្នកវិនិយោគនានា ជាប្រព័ន្ធដោះស្រោយវិវាទដែលមានការចូលរួមគ្រប់ភាគីពាក់ព័ន្ធ»។
លោក ម៉ែន និម្មិត នាយកប្រតិបត្តិមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល យល់ថា ក្រុមប្រឹក្សាអាជ្ញាកណ្តាល ដើរតួនាទីយ៉ាងសំខាន់ និងសម្រេចបានសមិទ្ធផលគួរឲ្យកត់សម្គាល់ជាច្រើន ដោយរួមចំណែកជួយដល់ផ្នែកសង្គមកិច្ច និងសេដ្ឋកិច្ច ព្រមទាំងទទួលបានកេរ្តិ៍ឈ្មោះ និងការទទួលថ្នាក់ជាតិ និងអន្តជាតិក្នុងការដោះស្រោយវិវាទការងារកន្លងមក។
លោក អះអាងថា ការអនុវត្តការងាររបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល មកដល់ឆ្នាំ២០១៩ ក្រុមប្រឹក្សាអាជ្ញាកណ្តាលទទួលបានសំណុំរឿងចុះបញ្ជីចំនួន២,៨៨២ករណី ដែលមានវិនិយោជិតពាក់ព័ន្ធជាង១លាននាក់ មកពីវិស័យកាត់ដេរ និងវិស័យផ្សេងៗទៀតនៅទូទាំងកម្ពុជា។ លោក ម៉ែន និម្មិត បង្ហាញតួលេខថា ក្នុងចំណោមសំណុំរឿងដែលបានចុះបញ្ជីទាំងអស់នេះ ក្រុមប្រឹក្សាអាជ្ញាកណ្តាល បានដោះស្រោយវិវាទជោគជ័យ៧៥ភាគរយ។
សូមញ្ជាក់ថា កាលពីឆ្នាំ២០១៤ USAID បានផ្តល់១,៥លានដុល្លារ ដល់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល ក្នុងគម្រោងរយៈ៥ឆ្នាំលើគម្រោងស្តីពីសិទ្ធិការងារនៅកម្ពុជា។ ការផ្តល់មូលនិធិទាំងពីរនេះ គឺមានគោលបំណងដូចគ្នា ដើម្បីឲ្យប្រព័ន្ធទំនាក់ទំនងការងារ និងសេវាដោះស្រោយវិវាទការងារនៅកម្ពុជាឲ្យកាន់តែមានប្រសិទ្ធភាព បង្កើនការយល់ដឹងពីក្រុមប្រឹក្សាអាជ្ញាកណ្តាល និងលើកកម្ពស់សុចរិតភាព និងនិរន្តរភាពរបស់ស្ថាប័នក្រុមប្រឹក្សាអាជ្ញាកណ្តាល៕