COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
COVID-19៖ អូឡាំពិកក្រុងតូក្យូ បន្តឬផ្អាក នឹងសម្រេចជាថ្មីនៅសប្តាហ៍ក្រោយ
× អ្នកនាំពាក្យគណៈកម្មាធិការរៀបចំការប្រកួតកីឡាអូឡាំពិក នៅថ្ងៃទី២៨ ខែកុម្ភៈនេះអះអាង ថាកម្មវិធីកីឡាអូឡាំពិកទីក្រុងតូក្យូឆ្នាំ ២០២០ នឹងប្រកាសចុងក្រោយថាដំណើរការ ឬមិនដំណើរការនៅសប្តាហ៍ក្រោយ។ ការលើកឡើងបែបនេះ ក៏ព្រោះដោយសារតែការរីករាលដាលខ្លាំងនៃកូរ៉ូណាវីរុស (COVID-19) ក្នុងប្រទេសជប៉ុន។
គិតត្រឹមថ្ងៃទី២៨ ខែកុម្ភៈ ករណីឆ្លង ជំងឺរលាកសួតបង្កដោយមេរោគកូរ៉ូណាប្រភេទថ្មី (COVID-19) នៅជប៉ុនមានចំនួន១៨៧ និង៨នាក់ស្លាប់។ នៅលើនាវា Diamond Princess វិញ ករណីឆ្លងមានច្រើនជាង៧០០ឯណោះ។ COVID-19 បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ការប្រកួតកីឡាជាច្រើននៅតំបន់អាស៊ី រហូតត្រូវបង្ខំចិត្តលុបចោលការប្រកយត និងពន្យារពេល។
នាយកប្រតិបត្តិកីឡាអូឡាំពិកក្រុងតូក្យូលោក Toshiro Muto ថាអ្នករៀបចំព្រឹត្តិការណ៍នេះ បានបង្កើតក្រុមការងារដើម្បីប្រឆាំងនឹងការរីករាលដាលនៃកូរ៉ូណាវីរុសដែលបានសម្លាប់មនុស្សជាបន្តបន្តាប់។ លោកថែមទាំងធ្លាប់បានសន្យាថាការប្រកួតកីឡាលំដាប់ពិភពលោកនេះនឹងមិនត្រូវបង្អាក់ឡើយ។
ស្របពេលគ្នានេះលោក Muto ក៏បង្ហាញការព្រួយបារម្ភពីផលប៉ះពាល់នៃមេរោគ COVID-19 ដែលអាចសម្លាប់មនុស្សអំឡុងការប្រកួតកីឡារដូវក្តៅនៅក្នុងប្រទេសជប៉ុននេះ។ លោកថែមទាំងសង្ឃឹមថា វីរុសថ្មីក្នុងប្រទេសចិននេះ នឹងអាចរកវិធីទប់ស្កាត់បានយ៉ាងឆាប់រហ័ស ដើម្បីបង្កើនទំនុកចិត្តក្នុងការឈានទៅកាន់ការប្រកួតកីឡាលំដាប់ពិភពលោកនាខែកក្កដា ខាងមុខ។
បើទោះជាធ្លាប់បានលើកឡើងបែបនេះក្តី ស្របពេលវីរុសដ៏កាចសាហាវនេះបានវាយលុកកាន់តែខ្លាំងឡើងនៅទឹកដីជប៉ុន និងតំបន់អាស៊ីផ្សេងទៀតនារយៈពេលចុងក្រោយនេះ ទើបតម្រូវឲ្យមានការសម្រេចចិត្តជាថ្មីអំពីដំណើរការព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ២០២០ ថាតើត្រូវផ្អាក ឬបន្តតាមការគ្រោងទុកនៅថ្ងៃទី២៤ ខែកក្កដា ខាងមុខនេះ។ សម្រេចបែបណានោះ នឹងដឹងលទ្ធផលនៅសប្តាហ៍ក្រោយនេះហើយ៕
Tag:
កីឡាអូឡាំពិក
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com