អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
សម្ព័ន្ធភាព PH ប្រកាស​គាំទ្រ​លោក​មហា​ធៀ​ពេញទំហឹង​ធ្វើ​នាយករដ្ឋមន្ត្រី​
29, Feb 2020 , 11:59 am        
រូបភាព
លោកនាយករដ្ឋមន្ត្រី មហាធៀ មហាម៉ាត់
លោកនាយករដ្ឋមន្ត្រី មហាធៀ មហាម៉ាត់
ដោយ:
​សម្ព័ន្ធភាព Pakatan Harapan (PH) នៅ​ថ្ងៃ​សៅរ៍ ទី​២៩ ខែកុម្ភៈ បានប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​លោក មហា​ធៀ មហាម៉ាត់ ឲ្យ​ក្លាយជា​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​បន្ទាប់​។ ការប្រកាស​បែបនេះ ធ្វើឡើង​៣​ថ្ងៃក្រោយ​តែងតាំង​លោក អាន់​វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) សម្រាប់​ជា​បេក្ខភាព​តំណែង​កំពូល​នេះ​។​

 
​ក្នុង​សេចក្តីថ្លែងការណ៍ សម្ព័ន្ធភាព​នយោបាយ​នេះ បានសរសេរថា ខ្លួន​បន្ត​តតាំង​ក្នុង​គោលដៅ​ប្រកាន់ខ្ជាប់​នូវ​សេចក្តីប្រកាស​ជា​សាធារណៈ​ស្តីពី​គោលនយោបាយ​របស់ខ្លួន​ក្នុង​រដ្ឋាភិបាល​នេះ​។ ត្រង់នេះ ពួកគេ បញ្ជាក់​បែបនេះ​៖«Pakatan Harapan គឺជា​សម្ព័ន្ធភាព​ដែល​ទទួលបាន​អាណត្តិ​ដឹកនាំ​យ៉ាង​ច្បាស់លាស់​មួយ​ក្នុងការ​បោះឆ្នោត​ទូទៅ​ទី​១៤​។ យើង​ប្រឆាំង​រាល់​កិច្ចប្រឹងប្រែង​ណា​ទាំងអស់​ដែល​ចង់​បង្កើត​រដ្ឋាភិបាល​ទ្វារក្រោយ​»​។ 
 
​តាម​ការចុះផ្សាយ​របស់​ទូរទស្សន៍​សិង្ហ​បុរី Channel News Asia សេចក្តីថ្លែងការណ៍​នេះ បញ្ជា​ក់ទៀត​៖«​ហេតុដូច្នេះ សម្ព័ន្ធភាព Pakatan Harapan  ប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង​សម្រាប់​លោក​បណ្ឌិត មហា​ធៀ ធ្វើជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​»​។​
 
​សេចក្តីថ្លែងការណ៍​នេះ ត្រូវបាន​បញ្ចេញ​ជា​សារ​ធារ​ណៈ​ស្របពេល​ជាមួយនឹង​សេចក្តីថ្លែងការណ៍​មួយ​របស់​នាយករដ្ឋមន្ត្រី​បណ្ដោះអាសន្ន មហា​ធៀ ដែល​បាន​ចេញមក​បញ្ជាក់ថា សម្ព័ន្ធភាព Pakatan Harapan បានសម្រេច​តែងតាំង​លោក​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី ក្រោយ​ជំនួប​មួយ​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​។​
 
«​ឥឡូវនេះ ខ្ញុំ​ជឿជាក់ថា ខ្ញុំ​មាន​ចំនួន​ដែល​ត្រូវការ​ដើម្បី​ប្រមូល​ការគាំទ្រ​លើសលប់​ក្នុង​សភា (Dewan Rakyat)​។ ដូច្នេះហើយ ខ្ញុំ​ត្រៀមខ្លួន​ដើម្បី​ឈរ​ជា​បេក្ខភាព​អនាគត​សម្រាប់​តំណែង​នាយ​យក​រដ្ឋមន្ត្រី​»​។ លោក មហា​ធៀ បញ្ជាក់​បែបនេះ​។  
 
​សភា​ជាន់​ទាប​ម៉ាឡេស៊ី (Dewan Rakyat) មាន​កៅអី ២២២ អាសនៈ​។ ដើម្បី​បង្កើត​រដ្ឋាភិបាល​បាន វា​ត្រូវបាន​សំឡេងគាំទ្រ​ក្នុង​សភា ១១២ ។ 
 
​សម្ព័ន្ធភាព Pakatan Harapan មាន​សមាជិកសភា ៩៣​នាក់​មកពី​បក្ស​ចំនួន ៣ រួមមាន បក្ស PKR, បក្ស DAP និង​បក្ស Parti Amanah Negara ។ លោក​មហា​ធៀ ស្ថិតនៅ​បក្ស Bersatu ដែល​បានសម្រេច​ចាក​ចេញពី​សម្ព័ន្ធ PH កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ​។ ជាមួយ​ការចាកចេញ​របស់​បក្ស Bersatu ដែលមាន​សមាជិកសភា ២៦​នាក់ និង​ការចាកចេញ​របស់​សមា​ជិ​ក​សភា​មកពី​បក្ស PKR រដ្ឋាភិបាលចម្រុះ PH បាន​បាត់បង់​សំឡេងគាំទ្រ​ភាគច្រើន​លស់​លប់​។​
 
​សូមបញ្ជាក់ថា លោក អាន់​វ៉ា បានប្រកាស​ក្នុង​សន្និសីទ​ព័ត៌មាន​កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​នេះ​ថា សម្ព័ន្ធភាព PH បានតែងតាំង​លោក​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​។ ហើយ​កាលពី​ថ្ងៃ​សុក្រ​ទី ២៨ ខែកុម្ភៈ បក្ស Bersatu បានចេញ​សេចក្តីថ្លែងការណ៍​តែងតាំង​លោក Muhyiddin Yassin ប្រធាន​បក្ស Bersatu ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​៕

Tag:
 ម៉ាឡេស៊ី​
  មហា​ធៀ​មហាម៉ាត់
© រក្សាសិទ្ធិដោយ thmeythmey.com