ជាតិ
សង្គមជាតិ
មហោស្រពអាណាចក្រអង្គរ បានរ៉ៃអង្គាសប្រាក់ជាង៥ម៉ឺនដុល្លារ ដើម្បីជួយប្រជាជននៅក្រុងវ៉ូហាន ដែលផ្ទុះCOVID-19
× សៀមរាប៖ សាលមហោស្រពអាណាចក្រអង្គរ ដោយមានការគាំទ្រពីរដ្ឋបាលខេត្តសៀមរាប និងកាកបាទក្រហមខេត្ត បានរៀបចំរាត្រីសម្ដែងសិល្បៈមនុស្សធម៌មួយដើម្បីស្វែងរកមូលនិធិជួយប្រជាជនចិននៅទីក្រុង វ៉ូហាន ខេត្តហឺបី នៃសាធារណរដ្ឋប្រជាមានិតចិន ខណៈកំពុងញាំញីដោយជំងឺ កូវីត ១៩ (COVID-19)។ ថ្លែងក្នុងពិធីនោះ អភិបាលខេត្តសៀមរាបប្រាប់ដល់ប្រជាពលរដ្ឋទាំងអស់ កុំឱ្យរើសអើងជនជាតិចិនដែលកំពុងរស់នៅកម្ពុជាក៏ដូចជាខេត្តសៀមរាប ខណៈដែលប្រជាជាតិពួកគេកំពុងស្ថិតក្នុងស្ថានភាពលំបាក។
ការសម្ដែងសិល្បៈមនុស្សធម៌មួយត្រូវបានរៀបចំឡើង ដោយបានរៃអង្គាសថវិកាបានសរុបចំនួនជាង ៥ម៉ឺនដុល្លារ,ម៉ាសចំនួន១ពាន់ និងអាកុលសម្លាប់មេរោគ ៣៥០គីឡូក្រាម ដើម្បីជួយដល់ប្រជាជននៅក្រុង វ៉ូហាន ដែលកំពុងផ្ទុះនូវជំងឺ កូវីត១៩។ អភិបាលខេត្តសៀមរាប បានហៅព្រឹត្តិការណ៍នេះថាបានឆ្លុះបញ្ចាំងពីទឹកចិត្តសប្បុរសធម៌ដ៏ធំធេង ក្នុងការរួមចំណែកជួយជនជាតិចិនគ្រាកំពុងលំបាក។ បន្ថែមពីនេះ លោក ទៀ សីហា ក៏អរគុណដល់ក្រុមហ៊ុនចិន ពិសេសអាណាចក្រអង្គរដែលរៀបចំព្រឹត្តិការណ៍នេះឡើង ដើម្បីឱ្យរដ្ឋបាលខេត្តក៏ដូចជាស្ថាប័ន សមាគមនានារួមចំណែកក្នុងកិច្ចការមនុស្សធម៌នេះ។
ក្នុងពិធីនោះ លោក ទៀ សីហា ប្រាប់ឱ្យពលរដ្ឋកុំមានការរើសអើងដល់ប្រជាជនចិន ដែលពេលដែលកំពុងផ្ទុះជំងឺ កូវីត១៩នេះ ដ្បិតថាជំងឺនេះមិនកាចសាហាវដូចអ្វីដែលបានផ្សព្វផ្សាយនោះទេ។ លោកអភិបាលខេត្តបានលើកឧទាហរណ៍នៃការផ្ទុះឡើងនូវជំងឺឆ្លងផ្សេងៗនាពេលកន្លងមក ដូចជាជំងឺសារ (SARS)ជំងឺមឺស(MERS) និងប្រភេទជំងឺផ្ដាសសាយបក្សីជាដើម ដែលជំងឺទាំងនោះមានអ្នកឆ្លង និងស្លាប់ច្រើនជាងជំងឺកូវីត១៩នៅពេលនេះទៅទៀត។ លោក ទៀ សីហា ជឿជាក់ថា រដ្ឋាភិបាលចិននឹងដោះស្រាយបញ្ហានេះនាពេលឆាប់ៗខាងមុខ ហើយលោកគាំទ្រនូវអនុសាសន៍របស់សម្ដេច ហ៊ុន សែន ដែលលើកឡើងថា «ជួយគ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងពេលលំបាក» ផងដែរ។
គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ នេះ ករណីឆ្លងជំងឺរលាកសួតបង្កដោយមេរោគកូរ៉ូណាប្រភេទថ្មី (COVID-19) ឡើងដល់ជាង៨៤០០០នាក់ ក្នុងនោះ ២៩២៣នាក់ បានស្លាប់ និងជិត៤០០០០នាក់ ជាសះស្បើយ។ ប្រទេសំនួន៥៧ហើយ ដែលផ្ទុះវីរុសកូរ៉ូណាប្រភេទថ្មីនេះ។ នេះបើតាមតួលេខរបស់គណៈកម្មការសុខាភិបាលជាតិចិន។
បើតាមរបាយការណ៍ដដែល នៅចិនករណីឆ្លងឡើងដល់ប្រមាណ៨ម៉ឺននាក់ ក្នុងនោះស្លាប់ ២៨៣៨នាក់ និងសះស្បើយជាង៣៩០០០នាក់។ កូរ៉េខាងត្បូង មាន២៣៣៧ករណី (ស្លាប់១៦នាក់), អ៊ីតាលីមាន៨៨៩ករណី (ស្លាប់២១នាក់), អ៊ីរ៉ង់ មាន៣៨៨ករណី (ស្លាប់៣៤នាក់), នាវា Diamond Princess មាន៧០៥ករណី (ស្លាប់៦នាក់) ជប៉ុនមាន២៣៤ករណី (ស្លាប់៥នាក់)។ ករណីស្លាប់ផ្សេងទៀតមាន បារាំង២ករណី និងហ្វីលីពីន១ករណី៕
Tag:
កូរ៉ូណាវីរុស
COVID-19
ទៀ សីហា
© រក្សាសិទ្ធិដោយ thmeythmey.com