សង្គមអន្តរជាតិ
អន្តរជាតិ
ហេតុអ្វីបានជាសត្វប្រចៀវដេកបញ្ច្រាសជើងឡើងលើ?
× នៅពេលដែលមេឃងងឹត និងសត្វនានាត្រៀមចូលដំណេក សត្វប្រចៀវចាប់ផ្តើមងើបពីកន្លែងសម្រាកដើម្បីចេញទៅរកស៊ី។ អ្នកនិពន្ធរឿងជាច្រើនបានបង្ហាញថា សត្វប្រចៀវជាភាវៈដែលរស់នៅក្នុងកន្លែងងងឹត ជាពិសេសនៅតាមរូងភ្នំ។ តែពពួកសត្វទាំងនេះក៏អាចរស់នៅតាមក្រោមស្ពាន និងតាមដើមឈើមួយចំនួនផងដែរ។ តែមានលក្ខណៈប្លែកមួយដែលពួកគេបង្ហាញ នោះគឺការដេកបញ្ច្រាសជើងទៅខាងលើ និងក្បាលចុះមកក្រោម។ សម្រាប់ថនិកសត្វ វាមិនមានជារឿងដែលយើងឧស្សាហ៍ឃើញនោះទេ។
ប្រចៀវដេកដាំក្បាលចុះក្រោមដោយសារតែមូលហេតុមួយចំនួន។ គេហទំព័រ Wonderopolis បានពន្យល់ថា មូលហេតុដំបូងគឺទាក់ទងជាមួយនឹងការហោះហើរ។ សត្វប្រចៀវមិនមានស្លាបដែលពោរពេញទៅដោយរោមដូចបក្សីនោះទេ។ ពោល ប្រចៀវជាថនិកសត្វដូចមនុស្សដែរ ដោយសារពួកវាបង្កើតកូន (មិនពងដូចបក្សី) និងចិញ្ចឹមកូនដោយទឹកដោះ។
ហេតុដូចនេះ ជាមួយនឹងស្លាបស្បែក ប្រចៀវមិនអាចចាប់ផ្តើមហោះភ្លាមៗពីលើដីដូចបក្សីទេ។ ក្នុងការជួយសម្រួលបញ្ហា ប្រចៀវតែងឡើងទៅទីខ្ពស់ ទម្លាក់ខ្លួន ក្នុងពេលមានអាសន្ន ដើម្បីទទួលបានល្បឿនលឿនភ្លាមៗសម្រាប់ហោះហើរ។ មួយវិញទៀត ការដេកបែបនេះក៏អាចជួយការពារសត្វប្រចៀវពីសត្វរំពារដែលចង់មកស៊ីពួកវាផងដែរ។
សត្វរំពារខ្លះមិនចាប់អារម្មណ៍ថាសត្វប្រចៀវជាចំណីនោះទេ ជាមួយលក្ខណៈនៃការដេកបែបនេះ។ ចុះបើពួកវាដេកបែបនេះ ពួកវាមិនទទួលរងភាពឈឺក្បាលដោយសារតែឈាមរត់មិនត្រូវចលនាដែរឬទេ? ការវិវត្តជាច្រើនម៉ឺនឆ្នាំមកបានធ្វើឲ្យវាក្លាយជារឿងធម្មតាសម្រាប់ប្រជៀវទៅហើយ។ សូម្បីតែជើងទាំងពីររបស់ប្រជៀវក៏មានលក្ខណៈពិសេសសម្រាប់ការដេកបែបនេះដែរ។
សម្រាប់មនុស្ស សាច់ដុំជាច្រើនប្រភេទធ្វើការជុំគ្នា ប្រើប្រាស់ថាមពលច្រើនក្នុងការធ្វើឲ្យបាតជើងមានចលនានៅពេលដើរ។ តែសម្រាប់ប្រចៀវវិញ បាតជើងរបស់ពួកវាមានលក្ខណៈដូចជាទំពក់ ដែលខ្ទាស់មិនចាំបាច់ប្រើថាមពលច្រើន។ ទំពក់ជើងនេះ និងខ្ទាស់នៅពេលដែលទម្ងន់ខ្លួនរបស់ប្រចៀសំយ៉ុងចុះក្រោម៕
© រក្សាសិទ្ធិដោយ thmeythmey.com