​​​ន​យោ​បាយ​ជាតិ​
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
COVID-19៖​ម៉ាឡេស៊ី​ហាម​អ្នកដំណើរ​ពី​កូរ៉េខាងត្បូង ក្រោយ​រកឃើញ​ករណី​ឆ្លង​២​ថ្មី​
29, Feb 2020 , 10:30 pm        
រូបភាព
ប្រភពរូប៖ AFP
ប្រភពរូប៖ AFP
ដោយ:
ម៉ាឡេស៊ី ប្រកាស​ដាក់​បម្រាម​លើ​អ្នកដំណើរ​ពី​កូរ៉េខាងត្បូង ដែល​ក្នុងនោះ​រួមទាំង អ្នក​ដែល​ធ្លាប់បាន​ធ្វើដំណើរ​ទៅកាន់​តំបន់​ផ្ទុះ​ការ​រាលដាល COVID-19 ក្រុង Daegu និង​ខេត្ត North Gyeongsang ក្នុងពេល​១៤​ថ្ងៃ​ចុងក្រោយ​ផងដែរ​។ ក្រសួងសុខាភិបាល​ម៉ាឡេស៊ី បានប្រកាស​បែបនេះ នៅ​ថ្ងៃ​សុក្រ​ទី​២៨ ខែកុម្ភៈ ។​

 
 
​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន លោក​អគ្គនាយក​សុខាភិបាល​ម៉ាឡេស៊ី Hisham Abdullah គូសបញ្ជាក់ថា ចំណាត់ការ​ហាមប្រាម​នេះ​ចូល​ធរមាន​ភ្លាមៗ​តែម្តង​ក្រោយ​ការប្រកាស​។ ហើយ​ម្យ៉ាងទៀត វា​កើតឡើង​ក្រោយពី​ករណី​ឆ្លង COVID-19 ចំនួន​ពីរ​បន្ថែម បាន​បញ្ជាក់ថា​រកឃើញ​ក្នុងប្រទេស​នេះ​។ 
 
​តាម​ការចុះផ្សាយ​របស់​ទូរទស្សន៍​សិង្ហ​បុរី Channel News Asia ដោយ​អនុលោម​តាម​ចំណាត់ការ​នេះ ជនជាតិ​ម៉ាឡេស៊ី​, អ្នកមាន​សិទ្ធ​រស់នៅ​ស្របច្បាប់ (permanent resident ) និង​និស្សិត​ដែល​ធ្លាប់​ធ្វើដំណើរ​ទៅកាន់​ទីក្រុង Daegu ឬ​ខេត្ត North Gyeongsang ក្នុងពេល​១៤​ថ្ងៃ​ចុងក្រោយ នឹងត្រូវ​ឆ្លងកាត់​ការត្រួតពិនិត្យ​សុខភាព​។ 
 
​ម្យ៉ាងវិញទៀត វា ក៏​នឹងមាន​ប៉ុស្តិ៍​អន្តោប្រវេសន៍​ដាច់ដោយឡែក​មួយ​សម្រាប់​អ្នកដំណើរ​មកពី​ប្រទេស​កូរ៉េខាងត្បូង ជប៉ុន អ៊ីតាលី និង​អ៊ីរ៉ង់​នៅ​ទីតាំង​ត្រួតពិនិត្យ​ព្រំដែន​ផងដែរ​។ ទន្ទឹមនេះ លោក Hisham Abdullah អះអាង​ដូច្នេះ​ថា​៖«​ប្រជាជន​ម៉ាឡេស៊ី ក៏ត្រូវ​ផ្ដល់យោបល់​កុំ​ធ្វើដំណើរ​ទៅកាន់​កូរ៉េខាងត្បូង ជប៉ុន អ៊ីតាលី និង​អ៊ីរ៉ង់​»​។ 
 
​តាម​ប្រភពព័ត៌មាន​ដដែល លោក​អគ្គនាយក Hisham គូសបញ្ជាក់​ទៀតថា  អាជ្ញាធរ​ម៉ាឡេស៊ី នឹង​បន្ត​វាយតម្លៃ​កិច្ចប្រឹងប្រែង​នាបច្ចុប្បន្ន ក្នុង​គោលដៅ​គ្រប់គ្រង និង​លុបបំបាត់​ទាំងស្រុង​ការ​រាលដាល​ជំងឺ COVID-19​។ លោក សង្កត់ធ្ងន់ថា ចំណាត់ការ​នេះ នឹងត្រូវ​ដកហូត​វិញ កាលណា​ស្ថានការណ៍​ត្រលប់មក​ល្អប្រសើរ​ឡើងវិញ​។​
 
​សូមបញ្ជាក់ថា ករណី​ឆ្លង COVID-19 ថ្មី​ចំនួន ២ ករណី​ក្នុងប្រទេស​ម៉ាឡេស៊ី ត្រូវបាន​រកឃើញ​កាលពី​ថ្ងៃ​សុក្រ​ទី ២៨ ខែកុម្ភៈ ដែល​បង្កើន​តួលេខ​ឆ្លង​សរុប​ដល់ ២៥ នាក់​។ ក្នុងចំណោម​នោះ ២២ នាក់ បានជា​សះស្បើយ ហើយ​អនុញ្ញាត​ឲ្យ​ចាក​ចេញពី​មន្ទីរពេទ្យ​។ 
 
​ករណី​ទី​២៤ គឺ​កើត​លើ​ស្ត្រី​ជនជាតិ​ជប៉ុន​អាយុ ៤១​ឆ្នាំ ដែល​ធ្វើការ​ក្នុងប្រទេស​ម៉ាឡេស៊ី​។ នាង​បានធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ជប៉ុន ក្នុង​ខែមករា និង​ឥណ្ឌូណេស៊ី ក្នុង​ដើមខែ​កុម្ភៈ​។ ស្ត្រី​រូបនេះ​បានចេញ​រោគសញ្ញា​ក្តៅខ្លួន និង​ទទួល​ការព្យាបាល កាលពី​ថ្ងៃទី ១៧ ខែកុម្ភៈ ហើយ​បាន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ នៅ​ថ្ងៃ​២០ កុម្ភៈ​។ ចុងក្រោយ លទ្ធផល​ធ្វើតេស្ត​នាង បាន​បង្ហាញថា វិជ្ជមាន នៅ​ថ្ងៃ​ព្រហស្បតិ៍​។ ខណៈ​នេះ នាង​កំពុង​សម្រាក​ព្យាបាល​ដាច់ដោយឡែក​នៅ​មន្ទីរពេទ្យក្រុង គូ​ឡា​ឡាំ​ពួ​។​
 
​ចំណែក ករណី​ទី​២៥ គឺ​កើត​លើ​បុរស​ជនជាតិ​អ៊ីតាលី​អាយុ ៤៥​ឆ្នាំ​ម្នាក់​ដែល​រស់នៅ​ក្នុងប្រទេស​ម៉ាឡេស៊ី​។ លោក​បានធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​អ៊ីតាលី ចាប់ពី​ថ្ងៃទី ១៥ ដល់​ថ្ងៃទី ២១ ខែកុម្ភៈ​។ បុរស​រូបនេះ បាន​ផ្ដើមចេញ​រោគសញ្ញា​ក្តៅខ្លួន និង​ក្អក កាលពី​ថ្ងៃ​២២ ខែកុម្ភៈ ។ លោក បានធ្វើ​តេស្ត​វិជ្ជមាន​នៅ​ថ្ងៃ​សុក្រ ទី​២៨ ខែកុម្ភៈ និង​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​នៅ​មន្ទីរពេទ្យ​។ ចំណែក​ករណី​ទី​២៣ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។​
 
​កូរ៉េខាងត្បូង​បាន រកឃើញ​ករណី​ជំងឺ​ផ្លូវដង្ហើម​កូ​រ៉ូ​ណា (COVID-19) ចំនួន ៥៩៤​ករណី​ថ្មី នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ២៩ ខែកុម្ភៈ ដែល​បង្កើន​តួលេខ​ឆ្លង​សរុប​ដល់ ២៩៣១ ករណី​ហើយ​។ ទន្ទឹមនេះ អាជ្ញាធរ​សុខាភិបាល​កូរ៉េខាងត្បូង ក៏បាន​រកឃើញ​អ្នកស្លាប់​ដោយសារ COVID-19 ចំនួន ៣ នាក់​បន្ថែម​ផងដែរ ដែល​បង្កើន​ករណី​ឆ្លង​សរុប ១៦​នាក់​៕
 
 
 

Tag:
 ម៉ាឡេស៊ី​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com