ជាតិ
សង្គមជាតិ
លោក ទៀ សីហា បង្ហើប​ពី​យុទ្ធនាការ​ធំ​មួយ​ដើម្បីឱ្យ​ក្រុង​សៀមរាប​លែងមាន​ដី​ហុយ​
29, Feb 2020 , 10:59 pm        
រូបភាព
​សៀមរាប​៖ រដ្ឋបាលខេត្ត​សៀមរាប​នឹង​រៀបចំ​សន្និបាត​សរុប​ការងារ​ប្រចាំឆ្នាំ​របស់ខ្លួន​នៅ​ដើមខែ មីនា ខាងមុខនេះ​។ អភិបាលខេត្ត​សៀមរាប បាន​បង្ហើប​ថា ក្នុង​សន្និបាត​នាពេលខាងមុខ​នឹង​ផ្តោត​ជជែក​ពី​យុទ្ធនាការ​ដ៏​ធំ​មួយ ឈ្មោះថា «​សៀមរាប​ផ្ទះ​ខ្ញុំ​»​។ យុទ្ធនាការ​នេះ​នឹងធ្វើ​យ៉ាងណា​ឱ្យ​ក្រុង​សៀមរាប​ស្អាត និង​លែងមាន​ដី​ហុយ​តទៅទៀត​។​

 
​អភិបាលខេត្ត​សៀមរាប បាន​បង្ហើយ​ពី​យុទ្ធនាការ «​សៀមរាប​ផ្ទះ​ខ្ញុំ​» ដែល​ផ្តួចផ្តើមឡើង​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តសៀមរាប​សម្រាប់​កម្ម​វិធី​បរិស្ថាន​ក្នុង​ក្រុង​សៀមរាប​។ នៅពេលនេះ​លោក ទៀ សីហា ប្រាប់ថា លោក​នឹង​យក​យុទ្ធនា​ការធ្វើជា​ថ្នាក់​ខេត្ត ក្នុង​គោលដៅ​រយៈពេល​៣​ឆ្នាំ ពី​ឆ្នាំ​២០២០ ដល់​២០២៣ ធ្វើយ៉ាងណា​ឱ្យ​បរិស្ថាន​ក្នុង​ក្រុង​សៀមរាប​មាន​សោភ័ណភាព ពិសេស​លែងមាន​ដី​ហុយ​។ «​សៀមរាប​ផ្ទះ​ខ្ញុំ​បាន​អនុវត្តន៍​ច្រើន​ឆ្នាំ​មកហើយ ពេលនេះ​សាលាខេត្ត​នឹង​យក​យុទ្ធនាការ​នេះ​ទៅប្រើ​ដែរ​...​រយៈពេល​៣​ឆ្នាំនេះ ក្រុង​សៀមរាប​នឹង​កែប្រែ​សុភា​ចិន​ដែល​តែង​លើកឡើងថា ខ្យល់​បក់​ដី​ហុយ ឱ្យទៅ ខ្យល់​បក់​លែង​ដី​ហុយ​ហើយ​»​។ លោក ទៀ សីហា បញ្ជាក់​។​
 
 
​ថ្លែង​ក្នុង​ពិធី​សម្ដែង​សិល្បៈ​មនុស្សធម៌​រៃអង្គាស​ថវិកា​ជួយ​ប្រជាជន​នៅ​អាណាចក្រ​អង្គរ​នា​រសៀល​ថ្ងៃទី​២៧ កុម្ភៈ អភិបាលខេត្ត​សៀមរាប​រំពឹងថា អភិបាលក្រុង​សៀមរាប​នឹង​រៀបចំ​ក្រុង​ទេសចរណ៍​នេះ​ឱ្យ​ស្អាត ពិសេស​រៀបចំ​អភិវឌ្ឍន៍​ផ្លូវ​ដែល​នៅ​សេសសល់ និង​បន្ត​ដោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ​ដើម្បីឱ្យ​ការងារ​អភិវឌ្ឍ​ប្រព្រឹត្តិ​ទៅដោយ​រលូន និង​ឆាប់រហ័ស​។ លោក​អភិបាល​ក៏​ចង់ឃើញ​ប្រជាពលរដ្ឋ​សម្បទាន​ក្នុង​កិច្ចការ​អភិវឌ្ឍ​ផ្លូវថ្នល់​នេះ​ផងដែរ ខណៈដែល​អាជ្ញាធរ​កំពុង​មមាញឹក​ការងារ​ទាំងនេះ​។ លោក ទៀ សីហា បន្ថែមថា រដ្ឋបាល​ក្រុង​កំពុងបើក​ផ្លូវ​ខ្នែង​ជាច្រើន​ក្នុង​ក្រុង និង​មានបំណង​រៀបចំ​ជា​ផ្លូវ​បេតុង​ទាំងអស់​៕
 
 

 

Tag:
 ទៀ សីហា​
  បរិស្ថាន​
  អនាម័យ​
© រក្សាសិទ្ធិដោយ thmeythmey.com