កម្ពុជាមានអចលនទ្រព្យជាច្រើនប្រភេទ ដែលសក្ដិសមសម្រាប់អ្នកវិនិយោគ ស្វែងរកឱកាសវិនិយោគក្នុងវិស័យអចលនទ្រព្យ ដោយការទិញអចលនទ្រព្យផ្សេងៗ ហើយដាក់ជួលត្រឡប់ទៅវិញ ដើម្បីទទួលបានប្រាក់ចំណេញ។ អចលនទ្រព្យទាំងនោះ មានដូចជា ផ្ទះវីឡា ផ្ទះល្វែង ផ្ទះសម្រាប់បើកអាជីវកម្ម (ហ្សបហោស៍) អាផាតមិន និង ខុនដូជាដើម។
ទោះជាយ៉ាងណា ការស្វែងរកអចលនទ្រព្យ ដែលសមប្រកបជាមួយតម្រូវការរបស់អ្នកជួលអាចចំណាយពេលច្រើន ហើយប្រហែលជាមិនទទួលបានផលអ្វីទាំងអស់ក៏ថាបាន ប្រសិនណាបើអ្នក មិនមានការយល់ដឹងអំពីតម្រូវការ និងការផ្គត់ផ្គង់ក្នុងទីផ្សារជួល នាពេលបច្ចុប្បន្ន។
ចំណុចសំខាន់ៗខាងក្រោមនេះ ជាការណែនាំខ្លះៗពី
Realestate.com.kh ដែលអាចជាជំនួយ សម្រាប់ការពិចារណារបស់អ្នក ក្នុងការទិញអចលទ្រព្យសម្រាប់ជួលត្រឡប់ទៅវិញ។
អ្នកជួលគោលដៅ និង ការជួលត្រឡប់ទៅវិញ
វាជារឿងចាំបាច់សម្រាប់អ្នក ក្នុងការកំណត់គោលដៅថាតើ អ្នកជួលគោលដៅរបស់អ្នកជាអ្នកណា? ជាជនជាតិខ្មែរ ឬបរទេស។ ពួកគេមានគោលដៅខុសគ្នាៗ ដែលយើងអាចនិយាយបានថា ពួកគេមានតម្រូវការ និងប្រភពចំណូលខុសៗគ្នា។
ប្រសិនបើអ្នកគិតថា អ្នកជួលគោលដៅរបស់អ្នកជាគ្រួសារជនជាតិខ្មែរ ដែលមានចំណូលមធ្យម អ្នកគួរទិញផ្ទះល្វែង នៅក្នុងគម្រោងបុរីណាមួយនៅជាយក្រុង ឬក៏ផ្ទះសម្រាប់អាជីវកម្មនៅក្នុងក្រុង ដែលមានកន្លែងស្នាក់នៅ និងកន្លែងសម្រាប់ដាក់លក់ទំនិញ។ អចលនទ្រព្យប្រភេទនេះ មិនមានតម្លៃជួលថ្លៃដូចខុនដូ ឬវីឡានោះទេ ប៉ុន្ដែវាផ្ដល់ឲ្យនូវចំណូលដែលនឹងនរមួយ ដោយសារតម្រូវការសម្រាប់អចលនទ្រព្យប្រភេទនេះ គឺច្រើនជាងចំនួនផ្គត់ផ្គង់។
អ្នកអាចពិចារណាទិញផ្ទះ ដែលមានតម្លៃសមរម្យចាប់ពី៧ម៉ឺន ដល់ ១០ម៉ឺនដុល្លារ សម្រាប់ការទិញផ្ទះល្វែងនៅជាយក្រុងភ្នំពេញ។ ចំពោះអចលនទ្រព្យប្រភេទនេះ អ្នកអាចរកប្រាក់ចំណូលពីការជួល ចន្លោះ ៣៥០ ទៅដល់ ៥៥០ ដុល្លារក្នុងមួយខែ។ ផ្ទះដែលទើបជួសជុល និងមានបន្ទប់គេង២ នៅកណ្ដាលទីក្រុងភ្នំពេញ អ្នកអាចដាក់ជួលចាប់ពី៤៥០ ដល់ ៥៥០ ដុល្លារ ក្នុងមួយខែ។ ជាទូទៅនៅក្នុងប្រទេសកម្ពុជា អចលទ្រព្យជួលដែលមានតម្លៃសមរម្យ អាចទាក់ទាញដល់អ្នកជួលបានច្រើន ជាងការជួលតម្លៃខ្ពស់។
ប៉ុន្ដែប្រសិនបើអ្នកមានបំណងបានប្រាក់ចំណេញខ្ពស់ ពីការជួលអចលទ្រព្យ អ្នកគួរតែទិញផ្ទះណា ដែលអាចធ្វើអាជីវកម្មបាន និងមានទីតាំងល្អនៅក្នុងរាជធានីភ្នំពេញ ដូចជា៖ខណ្ឌដូនពេញ ចំការមន ឬទីតាំងក្បែរផ្សារ។ អចលទ្រព្យប្រភេទនេះ អាចមានតម្លៃចន្លោះពី ៣០០០ ទៅ៤០០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ប៉ុន្ដែអ្នកអាចរកចំណូលមកវិញជាមធ្យម ពី១៥០០ដុល្លារក្នុងមួយខែ។ នេះដោយសារផ្ទះប្រភេទនេះ មានសក្ដានុពលខ្ពស់សម្រាប់ការបើកអាជីវកម្ម។
ប្រសិនបើអ្នក មានបំណងជួលឲ្យជនជាតិបរទេស ដែលអាចទទួលបានប្រាក់ចំណេញច្រើននោះ អ្នកគួរតែពិចារណាទិញខុនដូ ឬវីឡាលំដាប់ខ្ពស់ ដែលស្ថិតនៅចំកណ្ដាលទីក្រុង ដែលមានតម្លៃចាប់ពី ១២ ទៅដល់ ៧០ ម៉ឺនដុល្លារ។ សម្រាប់អចលនទ្រព្យប្រភេទនេះ អ្នកទទួលបានចំណូលជាមធ្យមពី ១០០០ ដល់ ៤០០០ ដុល្លារក្នុងមួយខែ អាស្រ័យទៅលើគុណភាព ទីតាំង និងសេវាកម្ម។
ចំពោះខុនដូដែលមានតម្លៃសមរម្យ ចាប់ពី៤ ទៅដល់ ៨ម៉ឺនដុល្លារ ដែលស្ថិតក្នុងខណ្ឌដែលនៅឆ្ងាយពីកណ្ដាលក្រុង។ អចលទ្រព្យប្រភេទនេះ អ្នកអាចដាក់ជួលសម្រាប់ជនជាតិខ្មែរដែលធ្វើការនៅកណ្ដាលក្រុង។ ទោះបីប្រាក់ឈ្នួលតិច ជាងការជួលឲ្យបរទេសក៏ពិតមែន ប៉ុន្ដែការជួលអចលនទ្រព្យប្រភេទនេះ មានសុវត្ថិភាពជាង។
ចំណែកឯខុនដូដែលមានតម្លៃអាចចរចារបាន មាននៅក្នុងតំបន់ដូចជា ទួលទំពូង ទួលគោក ឬស្ទឹងមានជ័យ។ អ្នកជួលក្នុងស្រុក ពិតជាសប្បាយចិត្តរស់នៅក្នុងតំបន់អស់នោះ ពីព្រោះវាស្ថិតនៅក្នុងទីក្រុង ហើយជិតកន្លែងធ្វើការ និងសាលារៀន។ ខណ្ឌសែនសុខ ច្បារអំពៅ និងជ្រោយចង្វារ ក៏ជាតំបន់កំពុងតែមានគម្រោងអភិវឌ្ឍលេចជារូបរាងជាច្រើន ហើយតំបន់ទាំងនេះ ក៏ទំនងជាទទួលបានប្រាក់ឈ្នួលប្រចាំខែច្រើន ជាងតំបន់ផ្សេងទៀតផងដែរ។
ទីតាំង និងសុវត្ថិភាព
អ្នកជួលជាពិសេសជនបរទេស តែងតែគិតទៅលើសុវត្ថិភាព និងសន្ដិសុខជាចាំបាច់ នៅពេលពួកគេសម្រេចចិត្តជួលលំនៅដ្ឋាននៅកន្លែងណាមួយ។ តំបន់ បឹងកេងកង ទន្លេបាសាក់ ទួលគោក ដូនពេញ និងទួលទំពូង ស្ថិតក្នុងចំណោមទីតាំងដែលមានសុវត្ថិភាពល្អបំផុតនៅក្រុងភ្នំពេញ។ ប៉ុន្ដែសម្រាប់ប្រជាជនកម្ពុជាវិញ ទីតាំងស្ថិតនៅលំដាប់ទី២ បន្ទាប់ពីតម្លៃ។ ពួកគេពុំសូវមានការព្រួយបារម្ភច្រើន អំពីបញ្ហាសន្ដិសុខដូចជនបរទេសឡើយ។
លើសពីនេះទៅទៀត អ្នកគួរតែទិញអចលទ្រព្យជួល នៅក្នុងតំបន់ណាដែលនៅក្បែរ សាលារៀន មន្ទីរពេទ្យ ភោជនីយដ្ឋាន កន្លែងកម្សាន្ត និងទីតាំងដែលមានភាពងាយស្រួលក្នុងការបើកអាជីវកម្ម ឬសហគ្រាសជាដើម។ ម្យ៉ាងវិញទៀត អ្នកត្រូវប្រាកដថា អ្នកកំពុងវិនិយោគ នៅតំបន់ដែលមានតម្រូវការជួលខ្ពស់ និងមាននិរន្ដរភាពនៅក្នុងពេលអនាគត។
ការណែនាំពីភ្នាក់ងារអចលទ្រព្យ
ការស្វែងរកភ្នាក់ងារអចលទ្រព្យ មុនពេលទិញអចលទ្រព្យ ដើម្បីជួលត្រឡប់ទៅវិញ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់អ្នកដែលជាម្ចាស់កម្មសិទ្ធិ ពីព្រោះភ្នាក់ងារអចលទ្រព្យ នឹងណែនាំអ្នកទៅកាន់កន្លែងដែលមានតម្រូវការខ្ពស់ និងពិគ្រោះជាមួយអ្នកអំពីហិរញ្ញវត្ថុផងដែរ។
លើសពីនេះ ភ្នាក់ងារអចលនទ្រព្យក៏ដឹងពីប្រវត្ដិ និងសក្ដានុពលជាក់ស្ដែង នៃអចលនទ្រព្យទាំងនោះ ដែលវាជាព័ត៌មានសំខាន់ ដែលអ្នកត្រូវដឹងមុនសម្រេចចិត្តវិនិយោគ៕
(អត្ថបទពាណិជ្ជកម្ម)