លោក Muhyiddin Yassin នឹង​ក្លាយជា​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ទី​៨
អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក Muhyiddin Yassin នឹង​ក្លាយជា​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ទី​៨
29, Feb 2020 , 4:15 pm        
រូបភាព
លោក Muhyiddin Yassin ប្រធាន​បក្ស Bersatu របស់លោក​មហា​ធៀ នៅ​ថ្ងៃ​សៅរ៍ ទី ២៩ ខែកុម្ភៈ ត្រូវបានតែងតាំង​ជា​នាយករដ្ឋមន្ត្រី​ទី​៨​របស់​ម៉ាឡេស៊ី ដោយ​មហាក្សត្រ​ស៊ុ​លត​ង់ Abdullah Ri'ayatuddin ។ នេះ​បើតាម​ការចុះផ្សាយ​ទូរទស្សន៍​សិង្ហ​បុរី Channel News Asia ដោយ​ដកស្រង់​សេចក្តីថ្លែងការណ៍​របស់​រាជវាំង​ម៉ាឡេស៊ី​។ លោក Yassin នឹង​ចូល​ស្បថ​កាន់តំណែង​នា​ថ្ងៃអាទិត្យ ទី​០១ ខែមីនា នៅ​ម៉ោង ១០៖៣០​ព្រឹក​។


ក្នុង​សេចក្តីថ្លែងការណ៍​ដដែល បញ្ជាក់ទៀតថា ក្រោយ​ជំនួប​ជាមួយ​សមាជិកសភា​ទាំងអស់ មហាក្សត្រ​ម៉ាឡេស៊ី បាន​រកឃើញថា សមាជិកសភា​ដែលមាន​សំឡេងគាំទ្រ​ច្រើន​លើសលប់ គឺ​លោក Muhyiddin ។​
 
«​ដូច្នេះហើយ មហាក្សត្រ បានជ្រើសរើស​លោក  Muhyiddin ជា​នាយករដ្ឋមន្ត្រី ដោយ​អនុលោម​តាម​មាត្រា ៤០(២)(a) និង​មាត្រា ៤៣(២)(a) នៃ​រដ្ឋធម្មនុញ​សហព័ន្ធ​»​។ សេចក្តីថ្លែងការណ៍​ដដែល បញ្ជាក់​បែបនេះ ដោយ​ចុះផ្សាយ​ដោយ​ទូរទស្សន៍​សិង្ហ​បុរី Channel News Asia។

ការតែងតាំង​នាយករដ្ឋមន្ត្រី​នេះ ពុំ​អាច​ពន្យារ​បានឡើយ សម្រាប់​សុខមាលភាព​ប្រជាជន​និង​ប្រជាជាតិ​ម៉ាឡេស៊ី​។ មហាក្សត្រ​ម៉ាឡេស៊ី ទ្រង់ Abdullah មានបន្ទូល​បែបនេះ ដោយ​បន្ថែមថា ទ្រង់​ជឿជាក់ថា នេះ​គឺ​ការសម្រេច​ចិត្តល្អ​បំផុត​សម្រាប់​គ្រប់គ្នា និង​សង្ឃឹមថា ការណ៍​នេះ​បញ្ចប់​វិបត្តិ​នយោបាយ​នៅពេលនេះ​។​

ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​នៅក្រៅ​គេហដ្ឋាន​របស់លោក​ក្រោយ​ការប្រកាស​នេះ លោក Muhyiddin និយាយថា លោក ចង់បង្ហាញ​អរគុណ​របស់លោក ដែល​ទទួលបាន​ការតែងតាំង​ឲ្យ​ក្លាយជា​នាយករដ្ឋមន្ត្រី​ទី​៨​របស់​ម៉ាឡេស៊ី ជាមួយ​ព្រះរាជ​អនុញ្ញាត​ពី​មហាក្សត្រ​។ លោក សង្ឃឹមថា ប្រជាជន​ម៉ាឡេស៊ី​ទាំងអស់ នឹង​ទទួលយក​ការសម្រេចចិត្ត​ដែល​បានប្រកាស​ថ្ងៃនេះ​។

ការប្រកាស​តែងតាំង​ដ៏​ភ្ញាក់ផ្អើល​នេះ កើតឡើង​ប៉ុន្មាន​ម៉ោង​ក្រោយ​នាយករដ្ឋមន្ត្រី​បណ្ដោះអាសន្ន មហា​ធៀ មហា​មា់់ត់ អះអាងថា កាលពី​ព្រឹក​មិញ​ថា​៖« «​ឥឡូវនេះ ខ្ញុំ​ជឿជាក់ថា ខ្ញុំ​មាន​ចំនួន​ដែល​ត្រូវការ​ដើម្បី​ប្រមូល​ការគាំទ្រ​លើសលប់​ក្នុង​សភា (Dewan Rakyat)​។ ដូច្នេះហើយ ខ្ញុំ​ត្រៀមខ្លួន​ដើម្បី​ឈរ​ជា​បេក្ខភាព​អនាគត​សម្រាប់​តំណែង​នាយករដ្ឋមន្ត្រី​»​។​
 
​មែនទែនទៅ លោក Muhyiddin ប្រធាន​បក្ស Bersatu របស់លោក​មហា​ធៀ បាន​ប៉ុនប៉ង​ចាប់ដៃ​ជាមួយ​បក្ស UMNO របស់​អតីត​នាយករដ្ឋមន្ត្រី ណា​ជីប រ៉ា​ហ្សា​ក់ និង​បក្ស PAS ដើម្បី​ទទួល​ការគាំទ្រ​គ្រប់គ្រាន់​បង្កើត​រដ្ឋាភិបាល​ថ្មី​មួយ​។ យ៉ាងណាមិញ ការសម្រេចចិត្ត​របស់​លោក​ក្នុងការ​ពួតដៃ​ជាមួយ​បក្ស UMNO នេះ រង​ការរិះគន់​ពី​លោក មហា​ធៀ ។ 
 
​លោក Muhyiddin ក៏​ធ្លាប់ជា​សមាជិកសភា​បក្ស UMNO និង​អតីត​រដ្ឋាភិបាល​លោក ណា​ជីប ផងដែរ​។ លោក បាន​ក្លាយជា​សមាជិក​ដ៏​សំខាន់​មួយ​របស់​បក្ស Bersatu ក្រោយ​ចាក​ចេញពី​បក្ស UMNO បន្ទាប់ពី​ការបរាជ័យ​របស់​អតីត​នាយករដ្ឋមន្ត្រី ណា​ជីប រ៉ា​ហ្សា​ក់ ជុំវិញ​រឿងអាស្រូវ​ហិរញ្ញវត្ថុ IMDB ។​
 
​បើតាម​សង្កេត ផ្ទៃក្នុង​បក្ស Bersatu ខ្លួនឯង គឺ​បែកខ្ញែក​ជា​ពីរ ដោយ​ម្ខាង​គាំទ្រ​លោក មហា​ធៀ និង​ម្ខាង​ទៀត​គាំទ្រ​លោក Muhyiddin ។ ក៏ប៉ុន្តែ​ជាមួយ​ការដឹកនាំ​របស់លោក Muhyiddin នាពេលខាងមុខ និង​សម្ព័ន្ធភាព​ជាមួយ​បក្ស UMNO និង​បក្ស PAS ត្រូវបាន​ធានា​នោះ រដ្ឋាភិបាល​ម៉ាឡេស៊ី​មួយ ទំនងជា​វិល​ត្រលប់​ទៅកាន់​យុគសម័យ​ចាស់​មួយ ដោយ​បក្ស​UMNO នឹងមាន​ឥទ្ធិពល​ឡើងវិញ​៕​

© រក្សាសិទ្ធិដោយ thmeythmey.com