ភ្នំពេញ៖ កម្ពុជាមានវែបសាយផ្តល់ព័ត៌មាន និងចំណេះដឹងជាច្រើន ក៏ប៉ុន្តែភាគច្រើនវែបសាយទាំងនោះ គឺបុរសជាអ្នកចេញមុខផ្តួចផ្តើម។ ដោយឡែក«វប្បធម៌»(wapatoa) ជាវែបសាយមួយ ដែលបង្កើតឡើងនៅដើមឆ្នាំ២០១៨ ដោយស្ត្រីខ្មែរម្នាក់គឺកញ្ញា សៀង សុខចេង និងស្ថាបនិកស្ត្រីម្នាក់ទៀត ជាជនជាតិបរទេសគឺ Alix Feschotte។ កញ្ញា សុខចេង បានប្រាប់សារព័ត៌មានថ្មីៗថា វប្បធម៌ មានទស្សនវិស័យ ជួយអភិវឌ្ឍន៍ចិត្ត និងខួរក្បាលរបស់អ្នកអាន ធ្វើយ៉ាងណាឲ្យពួកគេមានជីវិតកាន់តែប្រសើរ។ ប្តូរពីការធ្វើការ មកធ្វើអាជីវកម្មដោយខ្លួនឯង សុខចេង ថានាងបានរៀនសូត្រ ពីវិថីមួយនេះ។ សុខចេង សុខចេង យល់ថា ដើម្បីឲ្យអាជីវកម្មមួយអាចដើរទៅមុខបានយូរ សហគ្រិនខ្លួនឯង ត្រូវចេះធ្វើការជាមួយអ្នកដទៃ បើកចិត្តទទួលយកគំនិតថ្មី ជាពិសេសចេះប៉ាន់ស្មានកម្លាំងរបស់ខ្លួនឯង។
កញ្ញា សៀង សុខចេង គឺជាសហគ្រិនវ័យក្មេងមួយរូប ដែលបានបង្កើត វែបសាយ«វប្បធម៌» (wapatoa) ជាមួយមិត្តភក្តិម្នាក់ទៀតឈ្មោះ Alix Feschotte នៅដើមឆ្នាំ២០១៨។ តាមពិតទៅ ពីដំបូង សុខចេង គ្រាន់តែជាអ្នកសរសេរប្លុកផ្ទាល់ខ្លួនប៉ុណ្ណោះ។ ប៉ុន្តែដោយមើលឃើញថា នៅកម្ពុជាមិនសូវមានអ្នកសរសេរអត្ថបទដែលផ្តល់ជាគំនិត និងដំណោះស្រាយបញ្ហាសម្រាប់យុវវ័យ ទើបសុខចេង និង Alix ដែលបានមើលឃើញពីបញ្ហានេះដូចគ្នានោះ សម្រេចចិត្តបង្កើតវែបសាយ«វប្បធម៌»ឡើង។
«វប្បធម៌» ចង់រួមចំណែកអភិវឌ្ឍន៍ជីវិតមិត្តអ្នកអានឲ្យប្រសើរជាងមុន
មានសម្តីច្បាស់ៗមិនលឿនពេក មិនញាប់ពេក សុខចេង បន្តប្រាប់សារព័ត៌មានថ្មីៗថា វែប សាយ «វប្បធម៌» មិនត្រឹមតែផ្តល់ចំណេះដឹងពាក់ព័ន្ធនឹងសិល្បៈ-វប្បធម៌ ប៉ុណ្ណោះទេ តែមានមាតិកាចម្រុះជាច្រើនទៀតទាំងភាសាខ្មែរ និងអង់គ្លេស សម្រាប់អ្នកអាន ដូចជាអត្ថបទពាក់ព័ន្ធនឹងបរិស្ថាន អត្ថបទស្រាវជ្រាវពាក់ព័ន្ធនឹងវិទ្យាសាស្ត្រ និងចិត្តសាស្ត្រ និងរូបត្លុកជាដើម ដើម្បីជួយអភិវឌ្ឍន៍ចិត្ត និងខួរក្បាលរបស់អ្នកអាន ធ្វើយ៉ាងណាឲ្យពួកគេមានជីវិតកាន់តែប្រសើរ។ យុវតីវ័យ២៥ឆ្នាំ សៀង សុខចេង ពន្យល់បន្ថែម៖«និយាយទៅវប្បធម៌ យើងមានបេសកកម្មចង់ឲ្យមនុស្សអភិវឌ្ឍន៍ខ្លួន ទាំងចិត្ត និងខួរក្បាល។ អ្នកខ្លះ ខួរក្បាលឆ្លាត តែចិត្តគាត់អត់ល្អទេ អីចឹងក៏វាអត់ល្អដែរ។ អ្នកខ្លះ ចិត្តល្អ តែគាត់អត់ទាន់ចេះវែកញែក អីចឹងក៏វាអត់ល្អដែរ។ អីចឹងពួកខ្ញុំ ព្យាយាមដាក់ពីរហ្នឹងចូលគ្នា»។
រូបភាពពីហ្វេសប៊ុក សៀង សុខចេង សហស្ថាបនិក«វប្បធម៌»
បើតាមកញ្ញា សៀង សុខចេង ក្នុងរយៈពេលជាង២ឆ្នាំមកនេះ «វប្បធម៌» ត្រូវបានគេស្គាល់ច្រើន ហើយសហស្ថាបនិកវ័យក្មេងដដែល សង្ឃឹមថា វែបសាយរបស់ខ្លួន នឹងចូលរួមអភិវឌ្ឍន៍ខួរក្បាល និងចិត្តគំនិតរបស់អ្នកអានបានកាន់តែច្រើន នៅក្នុងរយៈ៥ ឬ១០ឆ្នាំទៅមុខទៀត។ «២ឆ្នាំហ្នឹង ខ្ញុំបានទទួលសារពីហ្វេនច្រើន គេផ្ញើសារមកប្រាប់ថា អរគុណបង អត្ថបទបានជួយខ្ញុំអីចេះ ហើយអ្នកខ្លះទៅក៏បានជួបគ្នានៅខាងក្រៅដែរ។ អីចឹងមិនមែនអ្នកទាំងអស់គឺបានផ្លាស់ប្តូរទេ តែមានអ្នកដែលបានផ្លាស់ប្តូរ ហើយគាត់បានប្រាប់យើង»។ នេះការបន្ថែមរបស់ សុខចេង។
សៀង សុខចេង៖ ចង់ឲ្យអាជីវកម្មថ្មីដើរបានយូរ ត្រូវចេះស្មានកម្លាំង
ទើបប្រឡូកនៅក្នុងអាជីវកម្មបានប្រមាណ២ឆ្នាំ សុខចេង អះអាងថា នាងបានផ្លាស់ប្តូរការគិត៣៦០ដឺក្រេតែម្តង។ ប្តូរពីជីវិតពីអ្នកធ្វើការឲ្យគេ មកដំណើរការអាជីវកម្មដោយខ្លួនឯងទាំងដែលគ្មានបទពិសោធន៍ សហគ្រិនរូបនេះ បានប្រឈម និងឆ្លងកាត់ឧបសគ្គរាប់មិនអស់។ «មានអារម្មណ៍ថា ខ្លួនឯងដូចចាស់១០ឆ្នាំអីចឹង។ មានទាំងរឿងល្អ និងរឿងអាក្រក់។ ពេលយើងនៅធ្វើការឲ្យគេ យើងអត់ខ្វល់ថា ក្រុមហ៊ុនហ្នឹងរលំ យើងអាចទៅរកក្រុមហ៊ុនថ្មីបាន ទោះបីយើងស្រឡាញ់ក្រុមហ៊ុនហ្នឹងយ៉ាងម៉េចក៏ដោយ។ ពេលយើងចេញពីធ្វើការ យើងទៅធ្វើការស្ម័គ្រចិត្ត យើងទៅជួបមិត្តភក្តិយើង។ តែដល់ពេលយើងចាប់ផ្តើម«វប្បធម៌» វាដូចកូនយើងអីចឹង យើងគិតពីវា រហូត ទោះជាមិនមែនម៉ោងធ្វើការក៏ដោយ»។ នេះជាការរៀបរាប់របស់សហគ្រិន សៀង សុខចេង។
ទោះបីជា សុខចេង ចាត់ទុក«វប្បធម៌» ដូចជាកូន ដែលត្រូវការយកចិត្តទុកដាក់ជាប់ជានិច្ចក្តី ប៉ុន្តែក្នុងរយៈជាង២ឆ្នាំមកនេះ សហស្ថាបនិករូបនេះ ចាប់ផ្តើមយល់ថា ហត់នឿយខ្លាំង ព្រោះតែខ្លួនស្រឡាញ់ កូនពេក។ សម្រាប់សុខចេង ដែលជាមនុស្សស្រឡាញ់សេរីភាព ការស្រឡាញ់«វប្បធម៌»ពេក បានធ្វើឲ្យនាង គ្មានពេលវេលាសម្រាប់ខ្លួនឯង និងខ្សោះថាមពលសម្រាប់បន្តទៅមុខ។ នេះជាផ្នែកខ្លះ ដែលសហគ្រិនមកពីខេត្តព្រះសីហនុរូបនេះ បានរៀនសូត្រ។
ការធ្វើអាជីវកម្ម ជាពិសោធន៍ថ្មីសន្លាងមួយសម្រាប់សុខចេង។ ដ្បិតទើបបានរៀនសូត្រក្នុងរយៈពេលដ៏ខ្លី ប៉ុន្តែនាងអាចឆ្លើយបានថាដើម្បីឲ្យ គម្រោងអាជីវកម្មរបស់ខ្លួនជោគជ័យ ត្រូវមានកត្តាជាច្រើន រាប់ចាប់ពីហិរញ្ញវត្ថុ ចំណេះជំនាញ និងឆន្ទៈរបស់សហគ្រិនផ្ទាល់។ អ្វីដែលពិសេសនោះ ដើម្បីឲ្យអាជីវកម្មមួយដំណើរការបានយូរ សហគ្រិន ត្រូវចេះប៉ាន់ស្មានកម្លាំងរបស់ខ្លួន។ សៀង សុខចេង ពន្យល់ដូច្នេះ៖«ប្រហែល៣-៤ខែចុងក្រោយហ្នឹង ខ្ញុំព្យាយាមបង្កើតរបៀបធ្វើការថ្មីៗ ដើម្បីឲ្យយើងស្រឡាញ់ការងារឡើងវិញ។ ឧទាហរណ៍ដូចឥឡូវ ពួកខ្ញុំធ្វើការមួយអាទិត្យ តែ៤ថ្ងៃទេ ហើយធ្វើការពី៦ ទៅ៨ម៉ោង ៦ម៉ោងក៏បាន ហើយធ្វើការនៅផ្ទះក៏បាន នៅការិយាល័យក៏បាន។ យើងព្យាយាមបន្ថយគម្រោងដែលយើងទទួល។ យើងចង់ធ្វើទាំងអស់ ប៉ុន្តែយើងត្រូវដឹងថាយើងមានកម្រិត។ កម្លាំងរបស់ក្រុមការងារយើងមានកម្រិត។ អីចឹងបើយើងព្យាយាមរុញឲ្យលើសកម្រិតហ្នឹងយូរពេល យើងអត់អាចដើរបានយូរទេ»។
សហស្ថាបនិកវប្បធម៌ គូសបញ្ជាក់ទៀតថា នៅក្នុងបរិបថទីផ្សារឌីជីថលដូចបច្ចុប្បន្ន សហគ្រិន ក៏ត្រូវចេះធ្វើការជាមួយអ្នកដទៃ និងបើកចិត្តទទួលយកការផ្លាស់ប្តូរដែរ ដើម្បីអាចបត់បែនត្រូវសភាពការណ៍៕