បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
យុវជន​ខ្មែរ​មួយចំនួន រៀបការ​លឿន លែងលះគ្នា​ក៏​លឿន​
01, Mar 2020 , 8:30 pm        
រូបភាព
ដោយ:
 ភ្នំពេញ​៖ បច្ចុប្បន្ន មាន​យុវជន​ខ្មែរ​ជាច្រើន បាន​រៀបការ​ទាំង​វ័យក្មេង ហើយ​បាន​លែងលះគ្នា​ជា​បន្តបន្ទាប់ ក្រោយ​រស់នៅ​ជាមួយគ្នា​ក្នុងនាម​ជា​ប្ដី​ប្រពន្ធ​ថ្មីថ្មោង​បាន​មួយរយៈ​ពេល​ខ្លី​។ ការ​លែងលះគ្នា​ក្នុងចំណោម​គូស្រករ​វ័យក្មេង​នេះ ត្រូវបាន​អ្នកសិក្សា​ស្រាវជ្រាវ​អះអាងថា បណ្តាលមកពី​បញ្ហា​ផ្នត់គំនិត​មិនទាន់​ចាស់ទុំ ការជះឥទ្ធិពល​ផ្នែក​សង្គម​គ្រួសារ បញ្ហា​ហិរញ្ញវត្ថុ និង​ការ​មិនទាន់បាន​ត្រៀមខ្លួន​គ្រប់គ្រាន់​ក្នុង​ចាប់ដៃគ្នា​ជា​ប្តី​ប្រពន្ធ​។

​ជា​បន្ត​សូម​អញ្ជើញ​ស្តាប់​បទ​យកការណ៍​ដែល​រៀបចំ​ដោយ លោក រ៉ឹ​ម ភា​រី ដូចតទៅ​៖

 
​អង្គុយ​នៅផ្ទះ​ក្នុងភូមិ​មួយនា​ខេត្តកំពង់ឆ្នាំង យុវជន​ម្នាក់ ដែល​ទើប​លែងលះ​ភរិយា​នាពេល​ថ្មីៗ​នេះ បាន​រៀបរាប់​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ ថា នៅពេល​មាន​ប្រពន្ធ​ទាំង​មិនបាន​ត្រៀម​ទុក​នេះ បានធ្វើ​ឲ្យ​រូបលោក​ប្រឈម​បញ្ហា​រាប់រយ​ជំពូក  ដែល​ពិបាក​ដោះស្រាយ​រហូត​ឈានដល់​ការចែក​ផ្លូវ​គ្នា​។  
 
​ដា​រ៉ា ជា​ឈ្មោះ​ខ្ញុំ​ដាក់​ឲ្យ បាន​រៀបរាប់ថា​៖ «​នៅ​លីវ យើង​មាន​សិទ្ធិ​ដើរហើរ​បាន តែ​ពេល​មាន​ប្រពន្ធ មុន​នៅ​ទៅណា ត្រូវ​ប្រាប់​គេ​(​ប្រពន្ធ​) គេ​មិន​ឲ្យ​ទៅ យើង​មាន​ហេតុផល​ថា​ត្រូវ​ទៅណា​! លុយកាក់ នៅ​កំលោះ យើង​ចាយ បើ​ថា​ចាយ​មួយ​ថ្ងៃមួយ​ម៉ឺន ពេល​មាន​ប្រពន្ធ យើង​មិនសូវ​បាន​ចាយ​ទេ ព្រោះ​ឲ្យ​គេ​កាន់​លុយ​។ ឲ្យ​គេ​កាន់​លុយ​ពិបាក​ជាង​ធនាគារ​ទៀត ទៅ​ដក​ទាល់តែ​ស៊ី​ញ៉េ​»​។ 
 
​ដា​រ៉ា ដែលជា​កម្មករ​រោងចក្រ​ម្នាក់ បាន​រៀបការ​នៅ​ឆ្នាំ​២០១៦​។ កាលនោះ យុវជន​វ័យ​២៣​ឆ្នាំ​រូបនេះ បាន​ស្រឡាញ់​អ្នកធ្វើការ​ជាមួយគ្នា​បាន​ជាង​១​ខែ​។ ក្រោយ​រៀបការ​រួច លោក​និង​ភរិយា មិនមាន​សុភមង្គល​នោះឡើយ ព្រោះ​ដា​រ៉ា​ដែលជា​កូនច្បង​ក្នុង​គ្រួសារ តែង​ឈ្លោះ​គ្នា និង​មិន​ចុះសម្រុង​ជាមួយ​ភរិយា​លើ​បញ្ហា​ជាច្រើន ដូចជា ការជ្រើសរើស​ការរស់នៅ​ជាមួយ​ឪពុក​ម្តាយបង្កើត ឬ​ឪពុក​ម្តាយក្មេក ការមិនទុកចិត្ត​គ្នា​លើ​ការ​ទុកដាក់​លុយកាក់ ការមិន​គោរព​គ្នា​ក្នុងការ​សម្រេចចិត្ត​អ្វីមួយ ព្រមទាំង​បញ្ហា​ជាច្រើន​ទៀត​។ ការមិនចុះសម្រុង​នេះហើយ ទើប​ដា​រ៉ា និង​ភរិយា ដែល​មិនទាន់​មានកូន​ផង​នោះ បានសម្រេច​ចិត្ត​លែងលះគ្នា​នៅ​ចុងឆ្នាំ​២០១៩​កន្លងទៅ ដើម្បី​ចាប់ផ្តើម​ស្នេហា​ជាមួយ​អ្នកថ្មី​រៀងៗ​ខ្លួន​។   
 
​ដា​រ៉ា បាន​រម្លឹក​ទាំង​សោកស្តាយ​យ៉ាង​ដូច្នេះ​ថា​៖ «​មុននឹង​ស្រឡាញ់គ្នា ខ្ញុំ​អត់​បាន​រៀប​គម្រោង​ថា អនាគត​ត្រូវធ្វើ​អ្វីៗ​នោះទេ​។ កាលនោះ ស្រឡាញ់​មួយ​ឆាវ​ទៅ​។ ស្រឡាញ់គ្នា​បាន​មួយខែ​កន្លះ ក៏​ឲ្យ​ម៉ាក់​ចូល​សួរ ឆ្នាំក្រោយ​ក៏​រៀបការ​ទៅ​។ យើង​អត់​បាន​រៀប​គម្រោង ថា ត្រូវ​អ្វី​ពេល​រៀបការ​ហើយ​។ ដូច្នេះ ពាក្យ​ថា ស្រឡាញ់ មានតែ​មួយ​ឆាវ យើង​អត់​បានគិត​»​។ 
 
​តាមពិតទៅ មិនមែន​តែ​ដា​រ៉ា​ម្នាក់​ទេ ដែល​ជួបប្រទះ នឹង​ការ​លែងលះគ្នា​នោះ​។ សូម្បី​មិត្តភក្តិ​ដែល​លោក​ស្គាល់​បួន​ប្រាំ​នាក់​នៅក្នុង​ភូមិ ក៏បាន​លែងលះគ្នា​ម្តង​ជា​ពីរដង​ដែរ​។ ការ​លែងលះ​រវាង​ប្តី​ប្រពន្ធ​វ័យក្មេង​នេះ ក្លាយជា​បញ្ហា​ចោទឡើង ដោយ​ធ្វើ​ឲ្យ​យុវជន​ខ្មែរ​ខាត​ពេលវេលា ធ្វើ​ឲ្យ​មានកូន​កំព្រា​ឪពុក ឬ​កំព្រាម្តាយ ស្របពេល​ខ្លះទៀត រហូត​ឈានទៅ​មាន​ជំងឺផ្លូវចិត្ត​ទៀតផង​។ 
 
​ទាក់ទង​នឹង​ទិន្នន័យ​នៃ​ចំនួន​ការ​លែងលះគ្នា​ក្នុង​មួយឆ្នាំៗ​វិញ សារព័ត៌មាន​ថ្មីៗ បាន​ព្យាយាម​ទាក់ទង លោក អ៊ី រិន្ទ អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ស្នើសុំ​ទិន្នន័យ​ចំនួន​ករណី​លែងលះគ្នា​ប្រចាំឆ្នាំ​នៅ​រាជធានី​ភ្នំពេញ តែ​ត្រូវបាន​លោក​បដិសេធ ដោយ​លោក​សំអាងថា រង់ចាំ​ការសម្រេច​ពី​ថ្នាក់លើ​ជាមុនសិន​។ 
​យ៉ាងណាក៏ដោយ នៅ​ឆ្នាំ​២០១៣ របាយការណ៍​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បង្ហាញថា នៅ​រាជធានី​ភ្នំពេញ​មាន​ប្តី​ប្រពន្ធ​ជាង​១២០០​គូ បាន​លែងលះគ្នា ដោយ​៧០​ភាគរយ ស្ត្រី​ជា​អ្នក​សុំ​លែងលះ​។ 
 
​ច្បាប់​ស្តីពី​៖ «​អាពាហ៍ពិពាហ៍ និង​គ្រួសារ​» ត្រង់​ជំពូក​៣ មាត្រា​៣៩ បាន​ចែងថា ប្តី ឬ​ប្រពន្ធ អាច​ប្ដឹង​សុំ​លែងលះគ្នា​បាន កាលបើ​មាន​មូលហេតុ​គ្រប់គ្រាន់​បញ្ជាក់ថា ខ្លួន​ពុំ​អាច​រួមរស់​ជាមួយគ្នា​តទៅទៀតបាន​។ មូលហេតុ​ជាអាទិ៍ មាន​ដូចខាងក្រោម​នេះ​៖
 
១. ការ​ចុះចោល​ទីលំនៅ​ដោយ​ឥត​មូលហេតុ​ត្រឹមត្រូវ ហើយ​មិនមាន​ការផ្គត់ផ្គង់​ស្បៀង​អាហារ និង​ទំនុកបម្រុង​កូន​សោះ​។​
២. វាយដំ​ឃោរឃៅ ធ្វើ​ទុក​បុក​ម្នេញ​ប្រមាថមើលងាយ​ធ្ងន់ធ្ងរ​ចំពោះ​សហព័ទ្ធ ឬ​ចំពោះ​បុព្វ​ញាតិ​របស់​សហព័ទ្ធ​នេះ​។​
៣. មាន​ចរិយា​ផ្ទុយ​ពី​សីលធម៌ ឬ​ប្រព្រឹត្ត​អនាចារ​
៤. អពលា​នុ​ភាព​នៃ​លិង្គ​
៥. បែក​គ្នា​អស់​រយៈ​ជាង ១​ឆ្នាំ​។​
 
​ទាក់ទង​នឹង​បញ្ហា​នេះ លោក ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ លោក​ក៏​មិនមាន​ទិន្នន័យ​ករណី​លែងលះគ្នា​នេះដែរ​។ តែ​លោក​បាន​អះអាងថា ពលរដ្ឋ​ម្នាក់ៗ​មាន​សិទ្ធិ​ក្នុងការ​លែងលះគ្នា ស្របតាម​ផ្លូវច្បាប់​។ 
 
​លោក​ថ្លែងថា​៖ «​ជា​ទិដ្ឋភាព​ផ្លូវច្បាប់ ការ​លែងលះ គឺជា​សិទ្ធិ​របស់​គូ​ស្វាមីភរិយា ភាគី​ណា​ដែល​មិនអាច​រស់នៅ​ជាមួយគ្នា​បាន ច្បាប់​គេ​ផ្តល់​សិទ្ធិ​ក្នុងការ​លែងលះគ្នា​។ ច្បាប់​គេ​មិន​លើកទឹកចិត្ត​ឲ្យ​មាន​ការប្រើ​ហិង្សា​ទេ ពេល​រស់នៅ​ជាមួយគ្នា​មិន​ចុះសម្រុង ប៉ុន្តែ​គេ​អនុវត្តន៍​សិទ្ធិ​ដែលមាន​ធានា​ក្នុង​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ជាតិ​នានា​។ ដូច្នេះ ឲ្យ​តែមាន​មូលហេតុ​ច្បាស់លាស់​ក្នុងការ​លែងលះ  គឺអាច​លែងលះ​បាន​។ ការ​លះលែង​នោះ ត្រូវ​ស​ម្រ​ច​ដោយ​តុលាការ​»​។  
 
​អ្នកស្រី ម៉ិច សម្ផស្ស សាស្ត្រាចារ្យ​ទស្សនវិជ្ជា បាន​ថ្លែងថា មាន​មូលហេតុ​មួយចំនួន​ដែល​ធ្វើ​ឲ្យ​មាន​កំណើន​នៃ​ការ​លែងលះគ្នា​របស់​យុវជន​ខ្មែរ មានដូចជា ផ្នត់គំនិត​ក្មេងខ្ចី​របស់​គូ​ស្វាមីភរិយា កង្វះ​មធ្យោបាយ​ចិញ្ចឹមជីវិត ចំណេះដឹង​យុវជន និង​អាណាព្យាបាល​មាន​កម្រិត កង្វះ​ផែនការ​គ្រួសារ និង​បទពិសោធន៍​សង្គម​ជាដើម ដែល​ធ្វើ​ឲ្យ​ពួកគេ​មិនអាច​សម្រប​ខ្លួន​ក្នុង​ការរស់នៅ​ជាមួយគ្នា​។ 
 
​សាស្ត្រាចារ្យ ម៉ិច សម្ផស្ស អត្ថាធិប្បាយ​យ៉ាង​ដូច្នេះ​ថា​៖ «​បើសិនជា​យើង​ចង់បាន​ជីវិត​ជា​ប្តី​ជា​ប្រពន្ធ សួរថា គុណធម៌​របស់​បុគ្គល យើង​បាន​បណ្តុះបណ្តាល​ឬ​នៅ​? យើង​មាន​ភាព​អត់ទ្រាំ​បាន​ឬ​នៅ​? ដូច​នៅក្នុង​រឿង ឪពុកក្មេក​រើស​កូនប្រសារ បុគ្គល​ដែលជា​អនាគត​កូនប្រសារ​របស់គាត់ ត្រូវមាន​គុណធម៌​គ្រប់គ្រាន់ ទើប​គាត់​ជ្រើសរើស​ធ្វើជា​កូនប្រសារ​។ អ៊ីចឹង ភាព​អត់ទ្រាំ ភាព​អត់ធ្មត់ ការដោះស្រាយ​បញ្ហា ចេះ​ស្វែងយល់​ពី​ទឹកចិត្ត​ខាង​ឪពុកម្តាយ ស្អី​ទាំង​អស់ហ្នឹង ស្ថិតក្នុង​កត្តា​ផ្លូវចិត្ត​ហ្នឹងឯង​។ នៅពេល​គាត់​រៀបការ​វ័យក្មេង តែ​ចិត្តគំនិត​គាត់​ចាស់ទុំ គាត់​មាន​គុណធម៌ វា​ជា​កត្តា​មួយ ធ្វើ​ឲ្យ​ជួយ​សម្រួល​ដល់​ការរស់នៅ និង​កាត់បន្ថយ​ការឈ្លោះគ្នា​ដែល​ឈានដល់​ការលែង​លះ​។ អ៊ីចឹង កត្តា​ចិត្តគំនិត​នេះ​សំខាន់​ណាស់​។ ខ្ញុំ​គិតថា ប្រហែលជា​យុវវ័យ​សម័យ​ក្រោយនេះ ខ្វះ​មធ្យោបាយ​ក្នុងការ​អប់រំ បណ្តុះ​នូវ​គុណធម៌ អ​កប្ប​កិរិយា និង​ផ្នត់គំនិត​នេះ​»​។ 
 
​បើតាម​អ្នកស្រី ម៉ិច សម្ផស្ស ក្រៅពី​មូលហេតុ​ខាងលើ យុវវ័យ​ភាគច្រើន គិតថា អាពាហ៍ពិពាហ៍ ជា​ច្រកទ្វារ​ទៅកាន់​សុភមង្គល និង​ភាព​រីករាយ តែ​ពួកគេ​ភ្លេច​គិតថា អាពាហ៍ពិពាហ៍​ជា​ខ្លោងទ្វារ​នាំទៅរក​បញ្ហា​រាប់រយ​ជំពូក​។ 
 
​អ្នកស្រី​ពន្យល់​បន្ថែមថា​៖ «​មនុស្ស​ភាគច្រើន យល់​ខុស​បញ្ញត្តិ​នៃ​ការ​រៀបការ​។ ក្នុង​សៀវភៅ​ខ្ញុំ​អាន​ហ្នឹង គេ​ថា មនុស្ស​មើល​ខុស​ច្រើនណាស់ ពួកគេ​យល់ថា អាពាហ៍ពិពាហ៍​ជា​ខ្លោងទ្វារ​ប្រកបដោយ​ផ្កា​រីក​ស្គុះស្គាយ ជា​មាគ៌ា​ដ៏​ស្រស់បំព្រង អ្នក​ទាំងពីរ​ពោរពេញ​ដោយ​ភាព​រីករាយ ពេញចិត្ត និង​សុភមង្គល​។ តែ​តាមពិត អា​ពា​ហ៍​ពា​ហ៍​ជា​ខ្លោ​ទ្វារ​ឆ្ពោះទៅរក​បញ្ហា​។ ហេតុ​អី​? ព្រោះ​កាល​យើង​នៅ​លីវ យើង​មាន​បញ្ហា​ប្រហែល​៥០​ឬ​៧០​ភាគរយ​។ ហើយ​ពេល​យើង​រៀបការ  យើង​នាំ​បុគ្គល​ផ្សេងទៀត​មក ដែលមាន​បុគ្គលភាព​ផ្សេង ផ្លូវចិត្ត​ផ្សេង អារម្មណ៍​ផ្សេង​ពី​យើង ហើយ​គេ​ក៏មាន​បញ្ហា​របស់គេ​ដែរ​។ អីចឹង យើង​មិន​ត្រឹមតែ​ប្រឈម​នឹង​ការដោះស្រាយ​បញ្ហា​ខ្លួន​យើង​ទេ គឺ​យើង​ត្រូវ​ប្រឈមមុខ ដោះស្រាយ​បញ្ហា​មនុស្ស​ម្នាក់ទៀត​ដែល​ចូលមកក្នុង​ជីវិត​របស់​យើង​»​។ 
 
​សាស្ត្រាចារ្យ​ជំនាញ​ផ្នែក​សង្គម​រូបនេះ សំណូមពរ ឲ្យ​យុវជន ត្រូវ​ត្រៀមខ្លួន​ឲ្យ​បាន​រួចរាល់​ជាមុនសិន មុន​សម្រេចចិត្ត​ដើរចូល​រោងការ ពោល គឺ​ត្រូវមាន​ផែនការ​ជីវិត​ឲ្យ​បានច្បាស់លាស់ ដើម្បី​ចៀសវាង​ការបែកបាក់​គ្នា ដែល​បង្ក​ឲ្យ​មាន​វិបត្តិ​ជាច្រើន​សម្រាប់​ខ្លួនឯង គ្រួសារ និង​សង្គម​៕            

Tag:
 លែងលះ​
 ​ ប្តី​ប្រពន្ធ​
© រក្សាសិទ្ធិដោយ thmeythmey.com