ជាតិ
សេដ្ឋកិច្ច
ចំណូលជិត៥ពាន់លានដុល្លារពីវិស័យទេសចរណ៍ បានបញ្ចូលទៅក្នុងចរន្តសេដ្ឋកិច្ចជាតិ នៅឆ្នាំ២០១៩ ភ្ញៀវទេសចរជាតិនិងអន្តរជាតិជាច្រើន កំពុងដើរទស្សនាប្រាសាទអង្គវត្ត។
× ភ្នំពេញ៖ ចំណូលជិត៥ពាន់លានដុល្លារពីវិស័យទេសចរណ៍កម្ពុជាក្នុងឆ្នាំ២០១៩កន្លងមក បានបញ្ចូលទៅក្នុងចរន្តសេដ្ឋកិច្ច ។ ចំណូលនេះ គឺកើន១២,៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៨។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។
ទិន្នន័យពីក្រសួងទេសចរណ៍ដែលចេញផ្សាយកាលពី២៥ ខែកុម្ភៈ ឆ្នាំ២០២០ បានបញ្ជាក់ថា កម្ពុជាទទួលប្រាក់ចំណូលពីវិស័យទេសចរណ៍អន្តរជាតិចំនួន៤៩១៩លានដុល្លារ។ ចំនួននេះ បានរួមចំណែកក្នុងផលិតផលក្នុងស្រុកសរុប (ផសស ឬ GDP) ជាង១២ភាគរយ ក្នុងឆ្នាំ២០១៩។
ឆ្នាំ២០១៩ ភ្ញៀវទេសចរអន្តរជាតិ ដែលបានមកដំណើរកម្សាន្តនៅកម្ពុជាមានចំនួន៦,៦១លាននាក់ កើនឡើង ៦,៦ភាគរយ បើធៀបនឹងឆ្នាំ២០១៨។ ភ្ញៀវទេសចរអន្តរជាតិដែលមកកម្ពុជាច្រើនជាងគេ គឺជនជាតិចិន ដែលមានចំនួនរហូតដល់២,៣៦លាននាក់។ លំដាប់លេខ២ គឺជនជាតិវៀតណាម មានជាង៩០ម៉ឺននាក់, លេខ៣ គឺជនជាតិថៃ មានជាង៤៦ម៉ឺននាក់, លេខ៤ គឺជនជាតិឡាវ មានជាង៣៦ម៉ឺននាក់ និង លេខ៥ គឺភ្ញៀវទេសចរជនជាតិកូរ៉េខាងត្បូង មានជាង២៥ម៉ឺននាក់។ តាមរយៈវិស័យទេសចរណ៍កម្ពុជាបានបង្កើតការងារដល់មនុស្សចំនួន៦៣ម៉ឺននាក់។ នេះបើតាមទិន្នន័យដដែល។
ដោយឡែកចំនួនភ្ញៀវទេសចរណ៍ក្នុងស្រុក បានធ្វើដំណើរកម្សាន្តនៅតាមប្រទេសនានាវិញមាន ចំនួនជាង២លាននាក់ ដែលបានកើនឡើងជាង២ភាគរយផងដែរ។ សម្រាប់វិស័យទេសចរណ៍កម្ពុជានៅដើមឆ្នាំ២០២០នេះវិញ ពិសេសខែក្នុងខែកុម្ភៈ ភ្ញៀវទេសចរបរទេសសរុបដែលមកកម្ពុជា បានធ្លាក់ចុះជាង៦០ភាគរយ។ ជាពិសេសភ្ញៀវទេសចរជនជាតិចិន ធ្លាក់ចុះរហូតដល់៩០ភាគរយ ដោយសារតែ ការរីករាលដាលនៃជំងឺរលាកសួតប្រភេទថ្មី (COVID-19)។
សូមរម្លឹកថា កាលពីឆ្នាំ២០១៨ កម្ពុជាមានភ្ញៀវទេសចរជាង៦,២លាននាក់ ដោយទទួលប្រាក់ចំណូលចំនួន៤,៣៥៦លានដុល្លារ បានចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ ហើយរំពឹងនៅក្នុងឆ្នាំ២០២០នេះ កម្ពុជានឹងរកចំណូលបានជាង ៥ពាន់លានដុលា្លរ ពីភ្ញៀវទេសចរជាង៧លាននាក់ និងប្រមាណ១០ពាន់លានដុល្លារសម្រាប់ឆ្នាំ២០៣០ ពីភ្ញៀវទេសចរអន្តរជាតិ១៥លាននាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com