ជាតិ
សង្គមជាតិ
មន្ត្រី​បរិស្ថាន​៖ សំរាម​ប្លា​ស្ទិ​កប​ង្ក​វិនាសកម្ម​ធំធេង​ដល់​បឹង​ទន្លេសាប​
01, Mar 2020 , 7:59 pm        
រូបភាព
​សៀមរាប​៖  បច្ចុប្បន្ននេះ សកម្មភាព​បំផុស​ចលនា​ក្នុងការ​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក​កាន់តែ​ផុសផុល​ឡើង នៅពេលដែល​សង្គមជាតិ​យល់​កាន់តែច្បាស់​ពី​មហន្តរាយ​របស់​វា​។ អង្គការ​ជឿជាក់​លើ​សិស្ស​ជនបទ​កម្ពុជា ហៅ​កាត់​ថា (CRST) បានរៀបចំ​គម្រោង​មួយ​ឈ្មោះថា Project R នៅ​សហគមន៍​ចុង​ឃ្នៀ​ស ក្នុង​គោលដៅ​ឱ្យ​សហគមន៍​នៅ​ទីនោះ​យល់​ពី​បញ្ហា​បរិស្ថាន កុំ​ចោល​សំរាម​ប្លា​ស្ទិ​ក​ក្នុង​បឹង​ទន្លេសាប និង​យល់​ពី​ផលប៉ះពាល់​។ មន្ត្រី​ក្រសួងបរិស្ថាន​បាន​គាំទ្រ​ពេញទំហឹង​ចំពោះ​គម្រោង​នេះ និង​យល់ថា​ប្លា​ស្ទិ​កបាន​បង្ក​វិនាសកម្ម​ធំធេង​ដល់​បឹង​ទន្លេសាប ប្រសិនបើ​គ្មាន​ការគ្រប់គ្រង​ត្រឹមត្រូវ​។​

 
​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន លោក នេត្រ ភក្ដ្រា ថ្លែងថា វា​ពិត​ជាមាន​សារសំខាន់​ណាស់​ដែល​ត្រូវ​ផ្តល់​ចំណេះដឹង​ទាក់ទង​នឹង​ការប្រើប្រាស់​ប្លា​ស្ទិ​ក​ដល់​សហគមន៍​ដែល​កំពុង​រស់នៅក្នុង​បឹង​ទន្លេសាប​។ លោក​ពន្យល់ថា ប្លា​ស្ទិ​ក​បានផ្តល់​ផលប៉ះពាល់​ជាច្រើន​ដល់​ធនធាន​ក្នុង​បឹង​ទន្លេសាប និង​ជីវិត​មនុស្ស​។ បន្ថែម​ពី​នោះ សំរាម​ប្លា​ស្ទិ​ក​ក៏​ជា​រូបភាព​មិនល្អ​ដែល​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​ផងដែរ​។ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​ថ្លែង​បែបនេះ ពេលដែល​ចូលរួម​ក្នុង​ពិធី​បើកសម្ពោធ​ជា​ផ្លូវការ​នៃ គម្រោង អ ឬ Project R នៅ​អនុវិទ្យាល័យ​ចុង​ឃ្នៀ​សនា​ថ្ងៃទី​២៩ កុម្ភៈ​។​
 
 
​លោក នេត្រ ភក្ដ្រា ថ្លែង​ទៅកាន់​សិស្សានុសិស្ស​អនុវិទ្យាល័យ​ចុង​ឃ្នៀ​ស​ប្រមាណ​៣០០​នាក់​យ៉ាង​ដូច្នេះ​ថា​«​បើ​មាន​សំរាម​ប្លា​ស្ទិ​ក​ច្រើន​ក្នុង​ទន្លេសាប ពេលដែល​ត្រី​ហូប​ប្លា​ស្ទិ​ក ហើយ​យើង​បរិភោគ​ត្រី ធ្វើឱ្យមាន​សារធាតុ​ប្លា​ស្ទិ​ក​ចូលខ្លួន​យើង បង្ក​ជា​ជំងឺ​ផ្សេងៗ​... តាម​ការសិក្សា​ស្រាវជ្រាវ​កន្លងមក​នៅក្នុង​ខ្លួន​មនុស្ស​មាន​សារធាតុ​មីក្រូ​ប្លា​ស្ទិ​ក​ល្អិតៗ រួចហើយ អ៊ីចឹង​ដើម្បី​ទប់ស្កាត់​ដោយ​ការបំពុល​មីក្រូ​ប្លា​ស្ទិ​ន​តាមរយៈ​ការបរិភោគ​ត្រី​នេះ​ទៀត ឈប់​បោះ​ប្លា​ស្ទិ​ក​ចូល​ទន្លេសាប​»​។​
 
​ជាមួយគ្នា​នោះ លោក នេត្រ ភក្ដ្រា បញ្ជាក់ថា ក្រសួងបរិស្ថាន​គាំទ្រ​ចំពោះ​គម្រោង និង​សកម្មភាព​របស់​អង្គការ​ជឿជាក់​លើ​សិស្ស​ជនបទ​កម្ពុជា (CRST) ដែល​បាន​ផ្តួចផ្តើម​គំនិត​អនុវត្ត​គម្រោងការ​អប់រំ​អំពី​ប្លា​ស្ទិ​ក​នេះ​ឡើង ក្នុង​គោលបំណង​ផ្លាស់ប្តូរ​ផ្នត់គំនិត​ប្រជាពលរដ្ឋ​លើ​ទម្លាប់​នៃ​ការប្រើប្រាស់​ប្លា​ស្ទិ​កដោយ​អនុវត្តតាម​គោលការណ៍ ៤​អ៊ែរ​៖ កាត់បន្ថយ​ការប្រើប្រាស់ ប្រើប្រាស់​ឡើងវិញ កែច្នៃ​ឡើងវិញ និង​ការបដិសេធ​ប្រើប្រាស់​ប្លា​ស្ទិ​ក​។ 
 
 
​លោក Aviv Palti ស្ថាបនិក​អង្គការ​ជឿជាក់​លើ​សិស្ស​ជនបទ​កម្ពុជា បាន​ឲ្យ​ដឹងថា ក្រៅពី​ផ្តល់​ការអប់រំ​ពី​បរិស្ថាន ក្នុងនោះ​អង្គការ​លោក​ក៏​ផ្តល់​ដប​ទឹក​ធ្វើ​ពី​អា​លុយ​មី​ញ៉ូ​ប​ចំនួន​៤​ម៉ឺន​ដប ដែល​បាននិងកំពុង​ចែកចាយ​ដល់​សិស្ស និង​លោកគ្រូ អ្នកគ្រូ​នៅ​អនុវិទ្យាល័យ និង​វិទ្យាល័យ​ប្រមាណ​៥៦ នៅ​ជុំវិញ​ទី​រួម​ខេត្តសៀមរាប ក្នុង​រយៈពេល​២​ឆ្នាំ​ទៅមុខ​។​
 
​យោងតាម​របាយការណ៍​ក្រសួងបរិស្ថាន  ក្នុង​មួយឆ្នាំ កម្ពុ​ជាមាន​បរិមាណ​សំរាម​ប្រមាណ​ជិត​៤​លាន​តោន ក្នុងនោះ​២០​ភាគរយ​នៃ​សំណល់​សំរាម​ទាំងនោះ គឺជា​សំណល់​ថង់​ប្លា​ស្ទិ​ក​។ ជាមួយគ្នានេះដែរ ការសិក្សា​របស់​អ្នកជំនាញ​របស់​គណៈកម្មកា​រ​ទន្លេមេគង្គ និង​ការិយាល័យ​នែក​ស្រាវជ្រាវ​គីមីវិទ្យា កាកសំណល់ និង​គុណភាព​ខ្យល់​ប្រចាំ​នៅ​អាស៊ី និង​ប៉ាស៊ីហ្វិក របស់​កម្មវិធី​អង្គការសហប្រជាជាតិ​(UNEP) ទៅលើ​ការបញ្ចេញ​សំណល់​ប្លា​ស្ទិ​ក ដែល​បាន​សិក្សា​តាំងពី​ចុងឆ្នាំ​២០១៧​មក​ថា ទន្លេមេគង្គ គឺជា​ទន្លេ​មួយ​ក្នុងចំណោម​ទន្លេ​ចំនួន​១០ មាន​លំហូរ​សំណល់​ប្លា​ស្ទិ​ក​ចន្លោះ​ពី​៨៨ ទៅ​៩៥​ភាគរយ ចូលទៅ​កាន់​សមុទ្រ​ពិភពលោក​៕
 




Tag:
 សំរាម​
  ប្លា​ស្ទិ​ក​
  នេត្រ ភក្ដ្រា​
  ទន្លេសាប
© រក្សាសិទ្ធិដោយ thmeythmey.com