កីឡាជាតិ
ជាតិ
គ្រូបង្វឹកវិសាខារំពឹងបាន៣ពិន្ទុជូនអ្នកគាំទ្រ ខណៈសូលទីឡូអង្គរបារម្ភលើរបួសកីឡាករ
×
គ្រូបង្វឹកវិសាខាលោក Colum Curtis បានអះអាងពីការត្រៀមខ្លួនរួចរាល់ក្នុងការទទួលភ្ញៀវសូលទីឡូអង្គរសម្រាប់ជំនួបលើកទី៣ក្នុងពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគនៅល្ងាចថ្ងៃអាទិត្យនេះ នាកីឡដ្ឋានព្រីនស៍។ គ្រូបង្វឹកសញ្ជាតិអៀរឡង់រូបនេះ ប្តេជ្ញានឹងប្រឹងប្រែងស្វែងរក៣ពិន្ទុឲ្យបាន ដើម្បីជាកាដូសម្រាប់អ្នកគាំទ្រមកទស្សនាផ្ទាល់។ ជាមួយគ្នានេះគ្រូជំនួយសូលទីឡូអង្គរមានការតាំងចិត្តខ្ពស់ក្នុងការប្រកួតនេះ តែបារម្ភលើបញ្ហារបួសរបស់កីឡាករ។ ក្រៅពីជំនួបនេះ ក៏មានការប្រកួតពីរគូផ្សេងទៀតផងដែរ។
លោក Colum Curtis គ្រូបង្វឹកវិសាខាចាត់ទុកបរាជ័យ ១-០ ក្រោមថ្វីជើងបឹងកេតកាលពីសប្តាហ៍មុន គឺជាបទពិសោធសម្រាប់វិសាខាក្នុងការស្វែងរកចំណុចខ្សោយមកកែប្រែ ដើម្បីត្រៀមប្រជែងតទល់ជាមួយសូលទីឡូអង្គរ។ លោកហាក់ជឿជាក់ថា វិសាខានឹងទទួលបាន៣ពិន្ទុពីការប្រកួតក្នុងទឹកដី ដើម្បីស្តារប្រជាប្រិយភាព ក៏ដូចជាផ្គាប់ចិត្តអ្នកគាំទ្រ ដែលពួកគេធ្វើឲ្យខកចិត្តក្នុងជំនួបជាមួយបឹងកេតនៅកីឡដ្ឋានខេមបូឌាអ៊ែវ៉េ។
ការសិក្សា និងកែប្រែកំហុស ដែលបានកើតមានកន្លងមក និងការខិតខំប្រឹងប្រែងហ្វឹកហាត់របស់កីឡាករ រួមផ្សំការផ្តល់កម្លាំងចិត្តពីអ្នកគាំទ្រ ជាកត្តាដែលធ្វើឲ្យគ្រូបង្វឹករូបនេះ ដាក់ក្តីរំពឹងបែបនេះ។ ភាពស៊ាំជាមួយទីលាន ក៏ជាកត្តារួមចំណែកផងដែរ។ វិសាខា ត្រៀមខ្លួនរួចរាល់ហើយក្នុងការទទួលភ្ញៀវសូលទីឡូអង្គរ។ នេះបើតាមការអះអាងរបស់លោក Colum Curtis។ តែយ៉ាងណាគ្រូបង្វឹករូបនេះមិនហ៊ានមើលស្រាលសមត្ថភាពគូប្រកួតនោះទេ ទោះពួកគេបានរងបរាជ័យពីរប្រកួតជាប់គ្នាក៏ដោយ។
លោក សរសើរសូលទីឡូអង្គរថា ជាក្រុមមានសមត្ថភាពខ្លាំងមួយ និងមានការរៀបចំក្រុមបានល្អ។ ជាក់ស្តែងក្នុងជំនួបចាញ់ព្រះខ័នរាជស្វាយរៀង ៥-១ សូលទីឡូអង្គរបានបង្កើតឱកាសមាសជាច្រើនក្នុងការរកគ្រាប់បាល់ តែពួកគេគ្មានសំណាង។ នេះជាការកត់សម្គាល់របស់គ្រូបង្វឹកសញ្ជាតិអៀរឡង់រូបនេះ។
ជាមួយគ្នានេះ លោក អ៊ុក សារ៉េត គ្រូជំនួយក្រុមសូលទីឡូអង្គរហាក់ព្រួយបារម្ភចំពោះបញ្ហារបួសរបស់កីឡាករ ដែលបានកើតឡើងក្នុងជំនួបជាមួយព្រះខ័នរាជស្វាយរៀង និងអង្គរថាយហ្គឺរកន្លងមក។ តែយ៉ាងណា លោក អះអាងថា បញ្ហារបួសរបស់កីឡាករទាំងនេះពុំមានស្ថានភាពធ្ងន់ធ្ងរ រហូតធ្វើឲ្យប៉ះពាល់ដល់ការប្រកួតនោះទេ ហើយលោកប្តេជ្ញាថា លោកនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពក្នុងការដឹកនាំក្រុមស្វែងរកលទ្ធផលមួយដ៏ល្អប្រសើរជូនក្រុម និងអ្នកគាំទ្រ។
ទោះបីវិសាខាជាក្រុមមានសមត្ថភាពនិងមានការរៀបចំក្រុមបានល្អក៏ដោយ តែគ្រូជំនួយរូបនេះអះអាងថា សូលទីឡូអង្គរនឹងបន្តប្រើប្រព័ន្ធលេងដូចជំនួបមុនៗដដែល ពោលគឺមិនប្រើប្រព័ន្ធលេងបែបការពារនោះទេ។ លោកជឿជាក់ថា ការប្រកួតនៅល្ងាចនេះ នឹងក្លាយជាជំនួបដ៏ទាក់ទាញ និងស្វិតស្វាញ ដែលទស្សនិកអាចទទួលយកបាន។
វិសាខា ត្រូវបើកទ្វារកីឡដ្ឋានព្រីនស៍ស្វាគមន៍សូលទីឡូអង្គរ សម្រាប់ជំនួបពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគ នាវេលាម៉ោង៦ល្ងាចថ្ងៃទី១ ខែមីនា ឆ្នាំ២០២០ នេះ។ នៅថ្ងៃអាទិត្យនេះដែរ ក៏មានការប្រកួតពីរទៀតផងដែរក្នុងនោះព្រះខ័នរាជស្វាយរៀងប៉ះក្រសួងការពារជាតិម៉ោង៦ល្ងាននៅកីឡដ្ឋានខេត្តស្វាយរៀង ខណៈអង្គរថាយហ្គឺរស្វាគមន៍គីរីវង់សុខសែនជ័យនៅកីឡដ្ឋាន S.R.U វេលាម៉ោង៣:៣០នាទី៕
Tag:
បាល់ទាត់
Cambodian Leaugue 2020
វិសាខា
© រក្សាសិទ្ធិដោយ thmeythmey.com