ជាតិ
សង្គមជាតិ
សិល្បះ
ក្រសួង​វប្បធម៌​ទទូច​ឱ្យ​អ្នកពាក់ព័ន្ធ ឈប់​រំលោភច្បាប់​កម្មសិទ្ធិបញ្ញា​និង​សិទ្ធិ​ប្រហាក់ប្រហែល​តទៅទៀត​
01, Mar 2020 , 9:30 pm        
រូបភាព
លោក ស៊ឹម សត្តា ប្រធាន​នាយកដ្ឋានសិទ្ធិ​អ្នក​និពន្ធ និង​សិទ្ធិ​ប្រហាក់​ប្រហែល(រូប​ផ្ដល់​ឱ្យ​)
លោក ស៊ឹម សត្តា ប្រធាន​នាយកដ្ឋានសិទ្ធិ​អ្នក​និពន្ធ និង​សិទ្ធិ​ប្រហាក់​ប្រហែល(រូប​ផ្ដល់​ឱ្យ​)
 ភ្នំពេញ​៖ ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន ស្ដីពី​ការរំលោភបំពាន​ស្នាដៃ​អក្សរសាស្ត្រ សិល្បៈ ឬ​តូរ្យតន្ត្រី មិនមាន​អ្នកទទួល​មរតក ឬ​មិនមាន​មរតកសាសន៍ ក្នុងន័យ​ទទូច​ឱ្យ​អ្នកពាក់ព័ន្ធ​ទាំងអស់​បញ្ឈប់​រាល់​ទង្វើ​រំលោភ​ស្នាដៃ​មរតក​ដើម​ទាំងនោះ​។ សេចក្ដីប្រកាស​ដដែល​ក៏បាន​បញ្ជាក់​ផងដែរ​ថា ប្រសិនបើ​នៅតែមាន​ការរំលោភបំពាន​ស្នាដៃ​ទាំង​មាន​ឬ​មិនមាន​មរតកសាសន៍​បន្តទៅទៀត នោះ​ក្រសួងសាមី​នឹង​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់​។​


​សេចក្ដីប្រកាស​ដែល​ចេញ​ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានបញ្ជាក់​នូវ​ឃ្លា​ត្អូញត្អែរថា បើទោះបីជា​កន្លងមក​ក្រសួងសាមី​បាន​ពន្យល់​ណែនាំ និង​ផ្សព្វផ្សាយ ជាច្រើនលើក​ច្រើនសា ពី​ច្បាប់​ស្ដីពី​សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធិ​ប្រហាក់​ប្រហាក់ប្រហែល ក៏ដោយ ប៉ុន្តែ​ការរំលោភបំពាន​នៅតែ​កើតមាន​ជា​បន្តបន្ទាប់​។ 
 
​សេចក្ដីប្រកាស​ព័ត៌មាន​បានបញ្ជាក់​បន្ថែម​ថា បណ្ដា​អង្គភាព​ទូរ​ផ្សាយ ក្រុមហ៊ុន​ផលិតកម្ម និង​បុគ្គល​មួយចំនួន ទាំង​នៅក្នុង​និង​ក្រៅប្រទេស បាន​នឹង​កំពុង​ប្រើប្រាស់​ស្នាដៃ​អក្សរសាស្ត្រ សិល្បៈ ឬ​តូរ្យតន្ត្រី គ្មាន​អ្នកទទួល​មរតក ឬ​គ្មាន​មរតកសាសន៍ ដើម្បី​យកទៅ​ផលិត​ឡើងវិញ សម្ដែង​ឡើងវិញ ថត​បញ្ចូល​ទៅជា​សោ​ទស្សន៍ ហើយ​បង្ហោះ​តាម​បណ្ដាញ​សង្គម​នានា ដូចជា Facebook និង YouTube ដោយ​ពុំមាន​ការអនុញ្ញាត​ពី​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ (​មាត្រា​៣៣)​។ មិនតែប៉ុណ្ណោះ​ថែមទាំង​បាន​កែប្រែ​ចំណងជើង ឬ​ខ្លឹមសារ​ដែល​ធ្វើឱ្យ​ខូច​ទម្រង់​នៃ​ស្នាដៃ​ដើម អាច​នឹង​នាំឱ្យ​មហាជន​មានការ​ភាន់ច្រឡំ​។ 
 
​ទង្វើ​ទាំងនេះ គឺជា​ការរំលោភបំពាន​លើ​សិទ្ធិ​សីលធម៌ និង​សិទ្ធិ​បេតិកភណ្ឌ​របស់​អ្នកនិពន្ធ ដូច​មានចែង​ក្នុង​មាត្រា​៩ មាត្រា​១៩ មាត្រា​២០ មាត្រា​២១ និង​មាត្រា​២២ នៃ​ច្បាប់​ស្ដីពី​សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធិ​ប្រហាក់ប្រហែល​។​
 
​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ក៏បាន​ជម្រាប​ទៅ​អ្នកនិពន្ធ ផលិតករ​ភាពយន្ត វីដេអូ ផលិតករ​ហ្វូ​ណូ​ក្រាម អង្គភាព​ទូរ​ផ្សាយ (​វិទ្យុ ទូរទស្សន៍​) សិល្បករ សិល្បការិនី បណ្ដា​ក្រុមហ៊ុន​ផលិតកម្ម និង​បុគ្គល​មួយចំនួនទៀត ទាំង​នៅក្នុង​និង​ក្រៅប្រទេស ដែល​បាន​យក​ស្នាដៃ​គ្មាន​អ្នកទទួល​មរតក ឬ​គ្មាន​មរតកសាសន៍ ទៅ​ផលិត​ឡើងវិញ សម្ដែង​ឡើងវិញ ថត​បញ្ចូល​ទៅជា​សោ​ទស្សន៍ ដើម្បី​ចែក​ផ្សាយ​និង​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​ទូរ​ផ្សាយ  និង​បណ្ដាញ​សង្គម​នានា​ដោយ​ពុំមាន​ការអនុញ្ញាត​ពី​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ គឺជា​អំពើ​ខុសច្បាប់​។ 
 
​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានបញ្ជាក់​ផងដែរ​ថា សាមីជន​ខាងលើ​ត្រូវ​បញ្ឈប់​ជាបន្ទាន់ នូវ​រាល់​សកម្មភាព​រំលោភបំពាន​ខាងលើ បើ​ពុំ​ដូច​នោះទេ​ក្រសួង​នឹង​ចាត់វិធានការ​ទៅតាម​ច្បាប់​។ ការចាត់វិធានការ​នា​នា​ជាយថាហេតុ​ណាមួយ គឺ​ក្នុង​បំណង​ការពារ និង​លើកស្ទួយ​ស្នាដៃ​ដើម និង​ការបង្កើត​ស្នាដៃ​ថ្មីៗ លើ​វិស័យ​វប្បធម៌ ដែលជា​ផ្នែក​មួយ​ក្នុងការ​ជំរុញ ឧស្សាហកម្ម​វប្បធម៌​នៅ​កម្ពុជា ឱ្យមាន​ការរីកចម្រើន​។ នេះ​ជា​អ្វីដែល​បានលើកឡើង​ក្នុង​សេចក្ដីប្រកាស​របស់​ក្រសួង​វប្បធម៌​។​
 
​សម្រាប់​យន្តការ​បន្ទាប់ ក្រោយពី​ចេញ​សេចក្ដីប្រកាស​ខាងលើ លោក ស៊ឹម សត្តា ប្រធាន​នាយកដ្ឋាន​សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធិ​ប្រហាក់ប្រហែល បានបញ្ជាក់​ប្រាក់​សារព័ត៌មាន​ថ្មីៗ ថា ក្រសួង​វប្បធម៌​និង​សហការ​ជាមួយ​ក្រសួង​ប្រៃសណីយ ក្រសួង​ព័ត៌មាន រួមទាំង​ក្រសួងមហាផ្ទៃ ដើម្បី​គ្រប់គ្រង​ការរំលោភបំពាន​លើ​ច្បាប់​កម្មសិទ្ធិបញ្ញា​នានា​។ ទោះជា​យ៉ាងណាក៏ដោយ លោក ស៊ឹម សត្តា ថា​ការអប់រំ​ណែនាំ​នៅតែ​បន្ត​ផ្សព្វផ្សាយ​ទៅដល់​អ្នកពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ប្រើប្រាស់​មរតក​របស់​ក្រសួង និង​របស់​ដែលមាន​មរតកសាសន៍​។​
 
​លោក​បញ្ជាក់បន្ថែម​៖«​យើង​នឹងមាន​ការប្រកាស​អន្តរក្រសួង​មួយ ទាក់ទង​នឹង​ការរំលោភបំពាន​លើ​ប្រព័ន្ធ​អន្តរ​បណ្ដាញ ដើម្បី​គ្រប់គ្រង​ការរំលោភបំពាន​ទាំងនោះ​។ ជាធម្មតា​ពេល​ក្រសួង​ចេញ​សេចក្ដីប្រកាស យើង​សង្កេតឃើញថា​មតិ​មហាជន​មានការ​គាំទ្រ​។ ការបណ្ដុះ​បណ្ដាលឱ្យ​ប្រជាជន​យល់​ពី​ច្បាប់​កម្មសិទ្ធិបញ្ញា ត្រូវការ​រយៈពេល​វែង​។ ដូចជា​ប្រទេស​ជប៉ុន​ដែលជា​ប្រទេស​មានការ​គោរព​ច្បាប់​កម្មសិទ្ធិបញ្ញា​បានល្អ ក៏​គេ​ត្រូវការ​ពេល​រហូតដល់​៣០​ទៅ​៥០​ឆ្នាំ​ដែរ ដើម្បីឱ្យ​មានការ​យល់ដឹង​និង​គោរព​ច្បាប់​ទាំងស្រុង​។ ងាក​មក​កម្ពុជា​វិញ យើង​ទើបតែ​មានច្បាប់​ស្ដីពី​កម្មសិទ្ធិបញ្ញា​នេះ មិនទាន់បាន​២០​ឆ្នាំ​ផង ដូច្នេះ​យើង​ត្រូវការ​ពេល​យូរ​ទៀត​»​។​
 
​សូមបញ្ជាក់ថា ច្បាប់​ស្ដីពី​សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធិ​ប្រហាក់ប្រហែល បានប្រកាស​ឱ្យប្រើ​ដោយ​ព្រះរាជក្រម ចុះ​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០០៣​។​
​ទំនងជា​នៅក្នុង​ឆ្នាំ​២០២០​នេះ ឬ​នៅ​ឆ្នាំក្រោយ កម្ពុជា​នឹង​ចូល​ជា​ភាគី​ក្នុង​អនុសញ្ញា​ទីក្រុង​ប៊េ​ន ដែល​អនុសញ្ញា​នេះ​មានអំណាច​ឱ្យ​គ្រប់ភាគី​ទាំងអស់ ត្រូវគោរព​គ្នា​ទៅវិញទៅមក​លើ​កម្មសិទ្ធិ​បញ្ញា​នៃ​វិស័យ​សិល្បៈ​។ ហើយ​កម្ពុជា​អាច​នឹង​ប្រើ​យន្តការ​អន្តរជាតិ​នេះ ដើម្បី​អនុវត្តន៍​ច្បាប់​លើ​ជនបរទេស​ដែល​យក​ស្នាដៃ​មរតក​ដើម​ទៅ​ច្រៀង​ឡើងវិញ ផលិត​ឡើងវិញ ឬ​យកទៅ​កាឡៃ ដោយ​មិនបាន​សុំច្បាប់​អនុញ្ញាត​៕
 

Tag:
 ក្រសួង​វប្បធម៌​
  កម្មសិទ្ធិបញ្ញា​និង​សិទ្ធិ​ប្រហាក់ប្រហែល​
 ​ រំលោភ​
  សិល្បៈ​
 ​ ស្នាដៃ​
 ​ អក្សរសាស្ត្រ​
 ​ អក្សរសិល្ប៍​
 ​ ចម្រៀង​
 ​ ច្បាប់​
© រក្សាសិទ្ធិដោយ thmeythmey.com