អន្តរជាតិ
​ការបំពុល​ខ្យល់​៖ បង់​ក្លា​ដែ​ស​ខ្ពស់​ជាងគេ រីឯ​កម្ពុជា​ស្ថិតក្នុង​កម្រិត​មធ្យម
01, Mar 2020 , 5:30 pm        
រូបភាព
ដោយ: ធីតា
​បង់​ក្លា​ដែ​ស បាន​ប្រទេស​ដែលមាន​គុណភាព​ខ្យល់​អាក្រក់​ជាងគេ​។ នេះ​បើ​យោងតាម​ស​ន្ទ​ស្សន៍ World Air Quality Report ឆ្នាំ​២០១៩ ដែល​ផ្សាយ​ដោយ IQAir AirViisual​។ ដោយឡែក​២១​ទីក្រុង​ក្នុងចំណោម​ក្រុង​៣០​ដែល​បំពុល​ជាងគេ គឺ​ស្ថិត​ក្នុងប្រទេស​ឥណ្ឌា​។ កម្ពុជា ស្ថិតក្នុង​កម្រិត​មធ្យម​។



​ស​ន្ទ​ស្សន៍​គុណភាព​ខ្យល់អាកាស​ពិភពលោក​ដោយ​ប៉ារ៉ាម៉ែត្រ កំហាប់​ភាគល្អិត​និចល PM2.5 (World Most Polluted Countries) បង់​ក្លា​ដែ​ស ជា​ប្រទេស​ដែលមាន​គុណភាព​ខ្យល់​អាក្រក់​ជាងគេ ដោយ​នាំមុខ​ប៉ា​គី​ស្ថាន ម៉ុង​ហ្គោ​លី អា​ហ្វ​ហ្គា​នី​ស្ថាន និង​ឥណ្ឌា​។​

​ឥណ្ឌូណេស៊ី និង​ចិន ស្ថិតក្នុង​ចំណោម​៨​ប្រទេស ក្នុង​ចំណាត់ថ្នាក់​គុណភាព​ខ្យល់​មិនសូវ​ល្អប្រសើរ (Unhealthy for sensitive groups)​។ រីឯ​កម្ពុជា ស្ថិតក្នុង​ចំណោម​៥៩​ប្រទេស ដែល​គុណភាព​ខ្យល់​មាន​លក្ខណៈ​មធ្យម (Moderate) ហើយ​ឈរ​ពីលើ​វៀតណាម មី​យ៉ាន់​ម៉ា ថៃ និង​ឡាវ ប៉ុន្តែ​ក្រោម​ម៉ាឡេស៊ី និង​សិង្ហ​បុរី សម្រាប់​ប្រទេស​ក្នុង​តំបន់​អាស៊ាន​។​

​ប្រទេស​ចំនួន​៨​ដែលមាន​គុណភាព​ខ្យល់​ល្អ​នោះ មានដូចជា ជប៉ុន អា​ល្លឺ់​ម៉​ង់ ហូ​ឡង់ ស្វី​ស អៀរ​ឡង់ ចក្រភព​អង់គ្លេស កូ​ស្តា​រី​កា និង​ព័រ​តូ​រី​កូ​។ រីឯ​១៨​ប្រទេស​ទៀត មាន​គុណភាព​ខ្យល់​ល្អឥតខ្ចោះ​ដែល​ត្រូវ​តាម​ស្តង់ដា​កំណត់​របស់​អង្គការ​សុខភាព​ពិភពលោក ដោយ បា​ហា​ម៉ា កម្រិត​ខ្ពស់​ជាងគេ បន្ទាប់មក​មាន កោះ U.S. Virgin Islands, អ៊ី​ស្លង់ ហ្វាំ​ង​ឡង់ អេ​ស្តូ​នី ស៊ុយអែត និង​ន័​រវេ​ស ជាដើម​។​

​ក្នុងចំណោម​ក្រុង​៥០​ដែល​បំពុល​ជាងគេ World Most Polluted Cities 2019 (PM2.5) ឥណ្ឌា មាន​ចំនួន​ច្រើនជាងគេ ពោលគឺ​ដល់​ទៅ​២៦​ទីក្រុង​។ ក្រុង​ដែល​បំពុល​ជាងគេ​ទាំង​១០​លើ​ពិភពលោក​រួមមាន Ghaziabad (​ឥណ្ឌា​), Hotan (​ចិន​), Gujranwala (​ប៉ា​គី​ស្ថាន​), Faisalabad (​ប៉ា​គី​ស្ថាន​), Delhi (​ឥណ្ឌា​), Noida (​ឥណ្ឌា​), Gurugram (​ឥណ្ឌា​), Raiwind (​ប៉ា​គី​ស្ថាន​), Greater Noida (​ឥណ្ឌា​) និង Bandhwari (​ឥណ្ឌា​)​។​

PM2.5 គឺជា​ភាគល្អិត​និចល​តូចៗ​នៅក្នុង​ខ្យល់ ដែលមាន​អង្កត់ផ្ចិត​តូច​ជាង ២,៥ មី​ក្រុង ឬ​ប្រហែល ៣ ភាគរយ​នៃ​អង្កត់ផ្ចិត​របស់​សក់​មួ​យ​សរសៃ​។ ភាគល្អិត​ទាំងនេះ​មាន​គ្រោះថ្នាក់​ណាស់ ដែល​អាច​បង្កឱ្យមាន​កា​រ​ស្លាប់​មុន​អាយុ​ពី​ជំងឺ​បេះដូង និង​សួត ហើយ​ភាគល្អិត​នេះ​ក៏​អាច​បង្ក​ឱ្យ​កើត​ជម្ងឺហឺត រលាក​ទងសួត និង​ជម្ងឺ​ដែល​ពាក់ព័ន្ធ​នឹង​ផ្លូវដង្ហើម​ផ្សេងៗ​ទៀត​៕


© រក្សាសិទ្ធិដោយ thmeythmey.com