ជាតិ
សេដ្ឋកិច្ច
ក្រសួង គ្រោងដាក់លក់បណ្ណដំណើរកម្សាន្តតម្លៃសមរម្យ ដែលផ្ដល់ផលចំណេញដល់ពលរដ្ឋ៣០ភាគរយ ពិធីសន្និបាតបូកសរុបការងាររបស់ក្រសួងទេសចរណ៍
× ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានបង្កើតប្រព័ន្ធបណ្ណដំណើរកម្សាន្តមានតម្លៃសមរម្យ សម្រាប់ពលរដ្ឋដែលចង់ធ្វើដំណើរកម្សាន្តទូទាំងប្រទេស ។ បណ្ណដំណើរកម្សាន្តនេះ អាចកាត់បន្ថយការចំណាយចាប់ពី ២០-៣០ភាគរយ ប្រើប្រៀបធៀបទៅនឹងការធ្វើដំណើរផ្ទាល់ខ្លួនឯង។
ក្រសួងទេសចរណ៍ បានបញ្ជាក់ថា ការរៀបចំប្រព័ន្ធបណ្ណដំណើរកម្សាន្តដែលមានតម្លៃសមរម្យនេះ ក្នុងគោលបំណងជំរុញកំណើនភ្ញៀវទេសចរក្នុងស្រុក ប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ។ ជាពិសេសលើកទឹកចិត្តពលរដ្ឋទាំងអស់ ឱ្យធ្វើដំណើរកម្សាន្ត យ៉ាងហោចណាស់មួយដងក្នុងមួយឆ្នាំ និងជំរុញ ភ្ញៀវទេសចរទៅកាន់ គោលដៅតំបន់ទេសចរណ៍ដែលទើបបង្កើតឡើងផង។
បើតាមក្រសួងទេសចរណ៍ ប្រព័ន្ធបណ្ណដំណើរកម្សាន្តនេះ នឹងរួមចំណែកគាំពារដល់វិស័យទេសចរណ៍ អភិវឌ្ឍសេដ្ឋកិច្ចជាតិ និងការផ្សារភ្ជាប់សកម្មភាពទេសចរណ៍ទៅនឹងការអប់រំពីបរិស្ថាន សង្គម វប្បធម៌ រួមជាមួយនឹងសកម្មភាពមនុស្សធម៌ដល់ប្រជាសហគមន៍មូលដ្ឋាន។
លោក ជួប ជ័យសត្យា អ្នកទទួលបន្ទុកផ្នែកបណ្ណនេះ បានប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា ក្រសួងមិនទាន់ដាក់លក់បណ្ណនេះទេ ព្រោះត្រូវការសហការជាមួយដៃគូពាក់ព័ន្ធសិន។ «ក្រសួងទើបអនុម័ត មិនទាន់ដំណើរទេ រង់ចាំពេលបន្តិចដើម្បីសហការជាមួយក្រុមហ៊ុនឯកជនបន្ថែម ដូចជាភោជនីយដ្ឋាន ផ្ទះសំណាក់ជាដើម ដើម្បីទទួលបានការផ្ដល់សេវាកម្សាន្តក្នុងតម្លៃទាប។ ប៉ុន្តែក្រសួងបានលក់កញ្ជប់ទស្សនាសាកល្បងជាមួយដៃគូសហការដែលមានស្រាប់២០ ឱ្យពលរដ្ឋសម្រាប់ទស្សនាបុណ្យទន្លេនៅបាត់ដំបងរយៈ៣យប់ ៤ថ្ងៃ ពីភ្នំពេញ ទៅបាត់ដំបង បន្ទាយមានជ័យ និងសៀមរាប តម្លៃ១៦៥ដុល្លារក្នុងម្នាក់» នេះបើតាមការលើឡើងរបស់លោក ជ័យសត្យា។
បណ្ណដំណើរកម្សាន្តនេះ គឺផ្តល់នូវអត្ថប្រយោជន៍ជាច្រើន ដូចជា ធានាលើសុវត្ថិភាពថវិកា ការធ្វើដំណើរ និងផ្តល់ទំនុកចិត្តខ្ពស់ ការសម្រួលដល់ពេលវេលា និងផ្ដល់ភាពងាយស្រួលក្នុងការស្វែងរកតំបន់គោលដៅទេសចរណ៍។បណ្ណនេះ នឹងអាចកាត់បន្ថយការចំណាយចាប់ពី ២០-៣០ភាគរយៈ ប្រើប្រៀបធៀបទៅនឹងការធ្វើដំណើរដោយផ្ទាល់។ ក្រុមហ៊ុនទេសចរណ៍មួយចំនួន បានលក់ចេញនូវកញ្ចប់ទស្សនកិច្ចជាច្រើន ក្នុងតម្លៃសមរម្យរួចមកហើយ។ ជាមួយគ្នាដែរ នៅក្នុងសន្និបាតបូកសរុបការងាររបស់ក្រសួងទេសចរណ៍ កាលពីថ្ងៃទី២៦-២៧ ខែកុម្ភៈ ឆ្នាំ២០២០ អង្គសន្និបាតបានគាំទ្រការដាក់ចេញការផ្សព្វផ្សាយ និងអនុវត្តយន្តការបណ្ណដំណើរកម្សាន្តដែលមានតម្លៃសមរម្យនេះ យ៉ាងពេញទំហឹង៕
© រក្សាសិទ្ធិដោយ thmeythmey.com