ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន ៖ អាមេរិកលុបចោលកិច្ចប្រជុំអាស៊ាន អាចមកពីហេតុផល២
02, Mar 2020 , 9:11 am        
រូបភាព
ភ្នំពេញ៖ មូលហេតុដែលអាមេរិកលុបចោលកិច្ចប្រជុំជាមួយអាស៊ាននោះ គឺអាចមកពីហេតុផល២។ ក្នុងនោះគឺមកពីអវត្តមានប្រធានាធិបតី និងនាយករដ្ឋមន្រ្តី៣រូប និងបញ្ហាវីរុសCOVID-19 ។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន សែន នៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២ មីនា។



សម្ដេច ហ៊ុន សែន បានលើកការសន្និដ្ឋានពីមតិមួយចំនួនថា មេដឹកនាំទាំង៣រូប ដែលអាចនឹងអវត្តមាននៅក្នុងកិច្ចប្រជុំអាមេរិកអាស៊ាន រួមមានប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌុយទើតេ ដែលទំនងមិនពេញចិត្តទង្វើអាមេរិក ដែលបដិសេធមិនផ្តល់ទិដ្ឋាការដល់សមាជិកព្រឹទ្ធសភាហ្វីលីពីនម្នាក់ ចូលអាមេរិក, ប្រធានាធិបតីឥណ្ឌូណេស៊ីលោក ចូកូ វីដូដូ និងមេដឹកនាំម៉ាឡេស៊ី ដែលកំពុងជួបបញ្ហាផ្លាស់ប្ដូរមេដឹកនាំជាដើម។

កាលពីចុងខែកុម្ភៈ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ សម្រេច​លើក​ពេល​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​- អាមេរិក ដែលគ្រោងប្រជុំនៅពាក់កណ្ដាលខែមីនានេះ ដើម្បី​យក​ពេលវេលា​ទៅ​ផ្ដោតលើ​ការប្រយុទ្ធប្រឆាំង​មេរោគ​កូ​រ៉ូ​ណា​ថ្មី COVID-19​។​

សម្ដេច ហ៊ុន សែន ចាត់ទុកហេតុផលរបស់អាមេរិកនេះ គឺជារឿងត្រឹមត្រូវមួយដែរ ព្រោះការឆ្លងរីករាលដាលនៃវីរុសកូរ៉ូណាប្រភេទថ្មីនេះ ជាបញ្ហារួមរបស់ពិភពលោក ដែលត្រូវយកចិត្តទុកដាក់។ បើតាមសម្ដេច ហ៊ុន សែន អាមេរិកលើកពេលកិច្ចប្រជុំជាមួយអាស៊ាន ក៏មិនមានបញ្ហាអ្វីទេ ព្រោះកិច្ចប្រជុំអាចធ្វើឡើងនៅពេលណាក៏បានដែរ។

អត្ថបទទាក់ទង

គួររម្លឹកថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានខកខានចូលរួមកិច្ចប្រជុំជាមួយមេដឹកនាំអាស៊ានរយៈពេល​៣​ឆ្នាំ​ជាប់គ្នា​រួចមកហើយ តាំងពីកិច្ចប្រជុំអាស៊ាន នៅហ្វីលីពីន នាឆ្នាំ២០១៧ ,កិច្ចប្រជុំអាស៊ាន នៅសិង្ហបុរី នៅឆ្នាំ២០១៨ និងកិច្ចប្រជុំអាស៊ាន នៅថៃ កាលឆ្នាំ២០១៩។អាមេរិក បានត្រឹមតែបញ្ជូនមន្ត្រីជាន់ខ្ពស់ជាតំណាងចូលរួមកិច្ចប្រជុំអាស៊ាននេះប៉ុណ្ណោះ។

សម្ដេច ហ៊ុន សែន ចាត់ទុកទង្វើរបស់ប្រធានាធិបតីអាមេរិកបែបនេះថា ជានយោបាយមើលស្រាល និងមិនយកចិត្តទុកដាក់លើទំនាក់ទំនងភាពជាដៃគូជាមួយមេដឹកនាំអាស៊ាន៕

Tag:
 ហ៊ុន សែន
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com