កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo ទៅ​អបអរ​ក្រុម​ចាស់​នៅ El Clasico ក្រោយ Juventus ផ្អាក​ការប្រកួត​ដោយសារ COVID-19
02, Mar 2020 , 2:13 pm        
រូបភាព
Cristiano Ronaldo បាន​ទៅ​ទស្សនា​ជំនួប El Clasico នៅ​រាត្រី​ថ្ងៃទី​១ មីនា ដែល​ក្រុម​ចាស់​របស់ខ្លួន Real Madrid យកឈ្នះ Barcelona ២-០​។ មូលហេតុ​ដែល Ronaldo អាចមាន​ពេលធ្វើ​ដំណើរ​ទៅ​អេ​ស្ប៉ា​ញ​បាន ព្រោះ​ទំនេរ​ជាមួយ Juventus ដែល​ផ្អាក​ការប្រកួត​ដោយសារ​ការ​រាលដាល​នៃ COVID-19 នៅ​ប្រទេស​អ៊ីតាលី​។


 
Ronaldo បាន​វិលត្រឡប់​ទៅកាន់​កីឡដ្ឋាន Bernabeu ដោយ​ស្ថិតនៅ​កន្លែង​អង្គុយ​ពិ​ពេ​ស​មួយ​ដើម្បី​ចៀសវាង​កុំ​ឲ្យ​អ្នកគាំទ្រ​ឃើញ​។ យ៉ាងណាក៏ដោយ ខ្សែប្រយុទ្ធ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​ត្រូវបាន​អ្នក​ថត​វីដេអូ​ចាប់យក​រូបភាព ខណៈដែល​រូបគេ​បាន​អបអរ​គ្រាប់​បាល់​ដំបូង​របស់​ខ្សែប្រយុទ្ធ Vinicius Jr ដែល​ទាត់​បញ្ចូល​ទី​ក្រុម Barca នៅ​នាទី​៧១​។​
 
Ronaldo ក៏បាន​បង្ហាញ​ការអបអរ​ដោយ​ភាពសប្បាយ​រីករាយ​ផងដែរ ស្របពេល Vinicius Jr បាន​យក​ស្តាយ​អបអរ​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​តាម​ខ្លួន​។ គ្រាប់​បាល់​ទី​ពីរ​របស់​ក្រុម​រហ្សនាម​ស្តេច​ស​សម្រេចបាន​ដោយ​ខ្សែប្រយុទ្ធ Mariano Diaz នៅ​នាទី​៩០​។ ជ័យជម្នះ ២-០ នេះ បាន​ជួយ Real Madrid ឡើងទៅ​ឈរ​កំពូល​តារាង La Liga វិញ​គិត​ត្រឹម​សប្តាហ៍​ទី​២៦ ដោយ​រកបាន​៥៦​ពិន្ទុ នាំមុខ​ក្រុម​អ្នកមាន​បុណ្យ​ដែល​ធ្លាក់​ទៅ​លេខ​ពីរ​ចំនួន​១​ពិន្ទុ​។​
 
​បើតាម​ការគ្រោងទុក Ronaldo នឹងមិន​អាច​ទៅ​មើល​ក្រុម​ចាស់​របស់ខ្លួន​លេង​ក្នុង​ការប្រកួត El Clasico នេះឡើយ ប៉ុន្តែ​ដោយសារ​មានការ​ផ្អាក​ការប្រកួត​នៅ​ក្របខណ្ឌ Serie A ដែល​បណ្តាលមកពី​ការ​រាលដាល​ជំងឺ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (COVID-19) ខ្លាំងក្លា​ទើប​បុរស​វ័យ​៣៥​ឆ្នាំ​រូបនេះ អាចមាន​ពេល​ទៅកាន់​ទឹកដី​អេ​ស្ប៉ា​ញ​បាន​។​
 
Juventus បាន​ពន្យារ​ការប្រកួត Derby របស់ខ្លួន​ទល់ Inter Milan ដែល​ត្រូវ​ប៉ះគ្នា​នៅ​ថ្ងៃទី​១ មីនា ព្រមទាំង​ជំនួប​៤​គូ​ផ្សេងទៀត​នៅ​ភាគ​ខាងជើង​ប្រទេស​អ៊ីតាលី ក្រោយ​មាន​អ្នកស្លាប់​កើនឡើង​ដល់​៤១​នាក់ និង​អ្នក​ឆ្លង​មាន​ដល់​១៦៩៤​នាក់ ដោយសារ COVID-19៕


Tag:
 COVID-19
  Cristiano Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com