COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
ជម្រុះ World Cup៖ ជំនួប​កម្ពុជា​-​អ៊ីរ៉ង់ ទំនងជា​ត្រូវ​លើក​ពេល ដោយសារ COVID-19
02, Mar 2020 , 4:09 pm        
រូបភាព
ខ្សែការពារ សេត រ៉ស៊ីប និងខ្សែបម្រើអ៊ីរ៉ង់ Mohammad Mohebi នាជំនួបជើងទី១ ដែលអ៊ីរ៉ង់ឈ្នះ ១៤-០ ។ រូបថត FFC
ខ្សែការពារ សេត រ៉ស៊ីប និងខ្សែបម្រើអ៊ីរ៉ង់ Mohammad Mohebi នាជំនួបជើងទី១ ដែលអ៊ីរ៉ង់ឈ្នះ ១៤-០ ។ រូបថត FFC
​ជំនួប​រវាង​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា ជាមួយ​អ៊ីរ៉ង់ ក្នុងការ​ប្រកួត​វគ្គ​ជម្រុះ​ជុំ​ទី​២ FIFA World Cup ឆ្នាំ ២០២២ ពូ​ល C ទំនងជា​ត្រូវ​ពន្យារពេល​ដោយសារ​បារម្ភ​ពី​ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19)​។ នេះ​បើតាម​ការផ្សាយ​របស់ Tehran Times​។ តាម​ការគ្រោងទុក ក្រុម​ទាំងពីរ​នឹងត្រូវ​ប៉ះគ្នា​នៅ​កីឡដ្ឋាន​ជាតិ​អូឡាំពិក នា​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២០​។​


 
​ការ​ផ្ទុះឡើង​ខ្លាំង​នៃ COVID-19 និង​ការលុបចោល​ជើងហោះហើរ​មួយចំនួន​ក្នុងប្រទេស​នានា​ជាពិសេស​នៅ​តំបន់​អាស៊ី​បាន​បង្ខំ​ឲ្យ​ព្រឹត្តិការណ៍​កីឡា​ជាច្រើន​ត្រូវបាន​លុបចោល និង​ពន្យារពេល​ប្រកួត​។ ក្នុងនោះ សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី (AFC) បាន​ពន្យារពេល​ការប្រកួត​នៃ​ក្របខណ្ឌ AFC Champions League ខណៈ​កូរ៉េខាងត្បូង​ក៏បាន​ពន្យារពេល​បើករ​ដូ​វ​កាល​កម្មវិធី​ប្រកួត​កីឡាបាល់ទាត់​លី​គ​ក្នុងស្រុក K-League ជាដើម​។​
 
​ស្របពេល​គ្នា​នេះ ការប្រកួត​ជម្រុះ World Cup តំបន់​អាស៊ី​អាច​នឹងរង​ផលប៉ះពាល់​ពី​មេរោគ​ឆ្លង​ដ៏​កាច​សាហាវ​នេះ​ផងដែរ​។ អ៊ីរ៉ង់​ត្រូវធ្វើ​ដំណើរ​មកកាន់​ទឹកដី​កម្ពុជា​ដើម្បី​ជួប​ក្រុម​គោព្រៃ​នៅ​ថ្ងៃទី​៣១ ខែមីនា ប៉ុន្តែ​ការប្រកួត​នេះ​ទំនង​មិនអាច​កើតឡើង​នោះទេ ដ្បិត​មិនមាន​ការហោះហើរ​ត្រង់​ពី​អ៊ីរ៉ង់​មក​កម្ពុជា​។ មួយវិញទៀត ដោយមាន​ការបិទ​ព្រំដែន​រវាង​ប្រទេស​ផ្សេងៗ​ជាមួយ​អ៊ីរ៉ង់ នឹងធ្វើ​ឲ្យ​ប្រទេស​នេះ​ជួប​បញ្ហា​ប្រឈម​ច្រើន​សម្រាប់​សហព័ន្ធ​កីឡាបាល់ទាត់​អ៊ីរ៉ង់​ក្នុងការ​បញ្ជូន​ក្រុម​មកកាន់​កម្ពុជា​។​
 
​មុន​ជំនួប​ជាមួយ​កម្ពុជា​ក្នុង​ពូ​ល C អ៊ីរ៉ង់​ត្រូវ​ទទួល​ស្វាគមន៍​ហុងកុង​ផងដែរ​នៅ​ថ្ងៃទី​២៦ ខែមីនា​។ ប្រធាន​ផ្នែក​កីឡាបាល់ទាត់​របស់​ហុងកុង​លោក Pui Kwan-kay បាន​លើកឡើងថា​ការប្រកួត​ជម្រុះ​តំបន់​អាស៊ី​ទល់​អ៊ីរ៉ង់ នឹង​ឈាន​ទៅមុខ​ដដែល​បើ​ទោះ COVID-19 ផ្ទុះឡើង​ខ្លាំង​ក៏ដោយ ប៉ុន្តែ​លោក​សង្ឃឹមថា​ភាគី​ម្ចាស់ផ្ទះ​នឹង​ធានា​ឲ្យ​មាន​បរិយាកាស​ល្អ​អំឡុង​ជំនួប​នោះ​។​
 
​កម្ពុជា ហុងកុង និង​អ៊ីរ៉ង់ ត្រូវមាន​ភារកិច្ច​លេង​២​ប្រកួត​ដូចគ្នា​ក្នុង​វគ្គ​ជម្រុះ​ពានរង្វាន់​ពិភពលោក​នៅ​កាតា ឆ្នាំ​២០២២ ក្នុង​ខែមីនា​នេះ​។ កម្ពុជា​ត្រូវធ្វើ​ដំណើរ​ទៅ​ជួប​បា​រ៉ែ​ន នៅ​ថ្ងៃទី​២៦ មីនា មុន​ទទួលភ្ញៀវ​អ៊ីរ៉ង់ រីឯ​ហុងកុង​ត្រូវ​ទទួលភ្ញៀវ​អ៊ីរ៉ាក់​នៅ​ថ្ងៃ​៣១ មីនា បន្ទាប់ពី​ទៅ​ជួប​អ៊ីរ៉ង់​នៅ​៥​ថ្ងៃ​បន្ទាប់​។​
 
​ក្នុង​ពូ​ល C នេះ អ៊ីរ៉ាក់​ឈរ​កំពូល​តារាង​មាន​១១​ពិន្ទុ បា​រ៉ែ​ន​លេខ​២​មាន​៩​ពិន្ទុ ខណៈ​អ៊ីរ៉ង់​លេខ​៣​មាន​៦​ពិន្ទុ តាម​ពីក្រោយ​ដោយ​ហុងកុង​មាន​៥​ពិន្ទុ ឯ​កម្ពុជា​នៅ​បាត​តារាង​មាន​១​ពិន្ទុ​៕

Tag:
 COVID-19
  World Cup
  កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com