អន្តរជាតិ
លោក ត្រាំ និង​លោក ចូ​កូ​វី ត្រៀម​ពិភាក្សាគ្នា​លើ​ការវិនិយោគ​អាមេរិក​ក្នុង​រដ្ឋធានី​ថ្មី​របស់​ឥណ្ឌូណេស៊ី​
02, Mar 2020 , 9:59 pm        
រូបភាព
ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ ។ រូបភាព Anatara
ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ ។ រូបភាព Anatara
ដោយ:
​រដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​ដែនសមុទ្រ និង​វិនិយោគ​ឥណ្ឌូណេស៊ី លោក Luhut Pandjaitan បាន​បង្ហើប​ឲ្យ​ដឹងថា លោក​ប្រធានាធិបតី ចូ​កូ វី​ដូ​ដូ និង ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ មាន​ផែនការ​ជួបគ្នា​នាពេលខាងមុខ​ដ៏​ខ្លី ដើម្បី​ពិភាក្សា​លើ​ទំនាក់ទំនង​ទ្វេភាគី និង​ចំណាប់អារម្មណ៍​របស់​អា​មេ​រិ​ក​ក្នុងការ​វិនិយោគ​លើ​រដ្ឋធានី​ថ្មី​របស់​ឥណ្ឌូណេស៊ី​។​

 
​តាម​ការអះអាង​របស់​លោក​រដ្ឋមន្ត្រី  Luhut Pandjaitan នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ​កន្លងទៅ ប្រមុខ​ដឹកនាំ​កំពូល​ឥណ្ឌូណេស៊ី និង​អាមេរិក នឹងមាន​ជំនួប​មួយ​ជាមួយគ្នា ដើម្បី​ពិភាក្សា​ពី​ទំនាក់ទំនង​ទ្វេភាគី ជាពិសេស​នោះ​លើ​គម្រោង​វិនិយោគ​នៅក្នុង​រដ្ឋធានី​ថ្មី​របស់​ឥណ្ឌូណេស៊ី ដែល​រដ្ឋាភិបាល​ទើបតែ​សម្រេច​ផ្លាស់ប្តូរ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ឥណ្ឌូណេស៊ី The Jakarta Post​។​
 
​តាម​ប្រភពព័ត៌មាន​ដដែល លោក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា ការបង្ហាញ​ពី​ចំណាប់អារម្មណ៍​របស់រ​ដ្ឋា​ភិ​បាល​អាមេរិក​ពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍន៍​ក្នុង​រដ្ឋធានី​ថ្មី​របស់​ឥណ្ឌូណេស៊ី​នេះ ផ្តើមចេញពី​ការផ្តល់​យោបល់​ពី​ទីប្រឹក្សា​ជាន់ខ្ពស់ និង​ជា​កូនប្រសារ​របស់លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ គឺ​លោក Jared Kushner តែម្តង​។​
 
​លោក​រដ្ឋមន្ត្រី បានបង្ហាញ​ពី​សាវតារ​នេះ​ទៀតថា ក្នុង​កិច្ចប្រជុំ​ជាមួយនឹង លោក Jared Kushner ក្នុង​ក្រុង​វ៉ាស៊ីនតោន​កាលពី​ចុងឆ្នាំ​មុន លោក បានទទួល​ការសរសើរ​ពី​ទីប្រឹក្សា​របស់​ប្រធានាធិបតី​អាមេរិក​រូបនេះ ដោយ​លោក បានចាត់ទុក​ការផ្លាស់ប្តូ​រដ្ឋធានី​នេះ ជា​ចក្ខុវិស័យ​វែងឆ្ងាយ និង​ប្រកបដោយ​ភាប​ដឹកនាំ​។ 
 
​គួររម្លឹកថា ថ្មីៗ​នេះ លោក​ប្រធានាធិបតី​ឥណ្ឌូណេស៊ី ចូ​កូ វី​ដូ​ដូ បានប្រកាស​ជា​ផ្លូវការ​ក្នុងការ​ផ្លាស់ប្តូរ​រដ្ឋធានី ពី Jakarta ទៅ​កោះ Kalimantan​។ ចំពោះមុខ ឥណ្ឌូណេស៊ី ត្រូវ​ប្រឈម​នឹង​បញ្ហា​ផែនការ​អភិវឌ្ឍ ដែល​ទាមទារ​ការចំណាយ​ច្រើន ជាពិសេស​នោះ ត្រូវ​ជាមួយនឹង​គោលការណ៍​អភិវឌ្ឍន៍​ដែល​លោក​ប្រធានាធិបតី វី​ដូ​ដូ ចង់បាន គឺ​ការអភិវឌ្ឍ​ប្រកបដោយ​ភាព​បៃតង និង​មាន​និរន្ត​ភាព​៕ 
 

Tag:
 ​ឥណ្ឌូណេស៊ី​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com