ជាតិ
ក្រៅពី​អ្នកលក់​អន​ឡាញ សម្ដេច ហ៊ុន សែន ក៏​ហាម​តារា​ស្លៀកពាក់​ស៊ិ​ច​ស៊ី នៅតាម​កញ្ចក់​ទូរទស្សន៍​ដែរ​
02, Mar 2020 , 10:19 pm        
រូបភាព
​ភ្នំពេញ​៖ ពី​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប នៅ​ព្រឹក​ថ្ងៃទី​២ មីនា សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ហាម​តារា​ទាំងអស់ ស្លៀកពាក់​ស៊ិ​ច​ស៊ី បង្ហាញ​នៅមុខ​កញ្ចក់​ទូរទស្សន៍ ដែលនាំឱ្យ​ប៉ះពាល់​វប្បធម៌​ខ្មែរ​។ ការហាម​ជាថ្មី​របស់​នាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ​ធ្វើឡើង​ក្រោយពី​សម្ដេច បាន​មើលឃើញ​ស្ត្រី​ជាតា​រា​ម្នាក់ ស្លៀកពាក់​ខើច​លើ ខើច​ក្រោម នៅក្នុង​កម្មវិធី​អាថ៌កំបាំង​តារា​របស់​សារព័ត៌មាន​Fresh News​។​


 
«​ឥឡូវ​មុនពេល Live (​ផ្សាយ​ផ្ទាល់​) បើ​ថា តារា​ហ្នឹង​ស្លៀកពាក់​មិន​សមរម្យ​(​ស៊ិ​ច​ស៊ី​)​ទេ កុំ​Live ហើយ​ចាក់​ចម្រៀង​(​ជំនួស​)​វ័ធ​ចោល​ហ្មង​ទៅ​»​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្ដេច ហ៊ុន សែន ដែល​ស្នើឱ្យ​គ្រប់​បណ្ដា​ស្ថានីយ៍ទូរទស្សន៍ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់ ប្រុងប្រយ័ត្ន​ចំពោះ​ការ​ស្លៀកពាក់​របស់​តារា​សិល្បៈ​។​



 
​សម្រាប់​សម្ដេច ហ៊ុន សែន ការ​ស្លៀកពាក់​ស៊ិ​ច​ស៊ី​នេះ វា​នាំឱ្យ​ប៉ះពាល់​ដល់​វប្បធម៌​ប្រពៃណី​ខ្មែរ និង​បង្កើតឱ្យមាន​ការបំពាន​ផ្លូវភេទ​លើ​ស្ត្រី​ផងដែរ​។ «(​ខ្ញុំ​)​អប់រំ​តែ​គ្រប់​ទូរទស្សន៍​ហ្នឹង កុំឱ្យ​(​តារា​)​ស៊ិ​ច​ស៊ី​លើ​-​ក្រោម​ខ្លាំង​ជ្រុល​។ ហើយ​(​អ្នក​រិះគន់​)​និយាយ​ឡើង​ថា វប្បធម៌​ខ្មែរ​រលំរលាយ​ហើយ … ចុះបើ​ឯង​ទៅធ្វើ​អ៊ីចឹង ធ្វើ​ម៉េច​វា​មិន​រលាយ​»​។ នេះ​ជាការ​បញ្ជាក់​របស់​ប្រមុខ​រដ្ឋាភិបាល​។​
 
​កាលពី​ថ្ងៃទី​១៧ កុម្ភៈ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​បញ្ជា​ទៅ​ក្រសួង​ប្រៃសនីយ៍ និង​ទូរគមនាគមន៍ ឲ្យ​បិទ​គណនី​ហ្វេ​ស​ប៊ុ​ក ឬ​បណ្តាញ​សង្គម​ផ្សេងទៀត ដែល​ផ្សាយ​លក់​ផលិតផល ដោយ​ការបញ្ចេញ​កេរ្តិ៍ខ្មាស​ផងដែរ​។ សម្តេច យល់ថា ការបញ្ចេញ​កេរ្តិ៍ខ្មាស​លើ​បណ្តាញ​សង្គម គឺអាច​នាំ​ឲ្យ​មានការ​ចាប់រំលោភ និង ការបំពាន​ផ្លូវភេទ​លើ​ស្ត្រី​។ ក្រោយ​ប្រមុខ​រដ្ឋាភិបាល​ចេញ​បញ្ជា​បែបនេះ សមត្ថកិច្ច​ក៏បាន​អនុវត្ត​ច្បាប់ ឃាត់ខ្លួន​អ្នកលក់​អន​ឡាញ ដែល​នៅ​បន្ត​ស្លៀកពាក់​ស៊ិ​ច​ស៊ី ផ្គើន​នឹង​ប្រសាសន៍​សម្ដេច​ផងដែរ​។​
 
​សាធារណមតិ​មួយចំនួន រិះគន់​វិធានការ​របស់​រដ្ឋាភិបាល​បែបនេះ ថា ជាការ​រំលោភ​សិទ្ធិមនុស្ស និង​សេរី​ឯកជន របស់​ប្រជាពលរដ្ឋ​។ ប៉ុន្តែ​សម្ដេច ហ៊ុន សែន ច្រានចោល​ការរិះគន់​ទាំងនោះ ដោយ​សម្ដេច ស្នើឱ្យ​ពួកគេ ទៅ​មើល​ច្បាប់​ជួញដូរ​មនុស្ស​ឡើងវិញ​។​
 
​ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប នាយករដ្ឋមន្ត្រី បាន​និយាយ​ដូច្នេះ​ថា​៖«​គេ​ថា​យើង​រំលោភ​សិទ្ធិមនុស្ស ប៉ុន្តែ​អ្នកឯង​មានបាន​មើល​ច្បាប់ អំពី​បញ្ហា​ទាក់ទង​នឹង​ការជួញដូរ​មនុស្ស ការការពារ​រក្សា​ប្រពៃណី​ទំនៀមទម្លាប់​ទេ​»​។​
 
​រដ្ឋាភិបាល​លើកទឹកចិត្ត​ពលរដ្ឋ​បង្កើត​មុខរបរ​រកស៊ី​លក់​ផលិតផល​តាម​អន​ឡាញ ព្រោះ​វា​កំពុង​ដើរ​ស្របតាម​គោលនយោបាយ E-Government របស់​រដ្ឋាភិបាល​។ ប៉ុន្តែ​ការ​ស្លៀកពាក់​ស៊ិ​ច​ស៊ី ទាក់ទាញ​ការចាប់អារម្មណ៍​ពី​សាធារណជន ដើម្បី​លក់​ផលិតផល​ខ្លួន​បាន​ច្រើន​នេះ គឺ​រដ្ឋាភិបាល​មិន​គាំទ្រ​ឡើយ​។ នេះ​ជាការ​បញ្ជាក់​របស់​សម្ដេច ហ៊ុន សែន​។​
​ក្រៅពី​ស្លៀកពាក់​ស៊ិ​ច​ស៊ី សម្ដេច ហ៊ុន សែន ក៏​ផ្ដាំ​ឱ្យ​តារា​ទាំងអស់ រៀបចំ​ឥរិយាបទ​របស់ខ្លួន​ឱ្យ​បានល្អ​ផងដែរ សូម្បីតែ​ការសំពះ​សាធារណជន​ជាដើម​៕
 

Tag:
 ហ៊ុន សែន​
  វប្បធម៌​
© រក្សាសិទ្ធិដោយ thmeythmey.com