លោក គង់ វិបុល ៖ តួនាទី​របស់​អ្នកប្រមូល​ពន្ធដារ មិនមែន​ចេះតែ​ចាប់​ឱ្យគេ​បង់ពន្ធ​ដោយ​ខុសច្បាប់​នោះទេ
ជាតិ
សេដ្ឋកិច្ច
លោក គង់ វិបុល ៖ តួនាទី​របស់​អ្នកប្រមូល​ពន្ធដារ មិនមែន​ចេះតែ​ចាប់​ឱ្យគេ​បង់ពន្ធ​ដោយ​ខុសច្បាប់​នោះទេ
02, Mar 2020 , 10:59 pm        
រូបភាព
លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។
លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។
​ភ្នំពេញ​៖  លោក គង់ វិបុល អគ្គនាយក​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ស្នើឱ្យ​អ្នក​ជាប់ពន្ធ​ទាំងអស់​យល់​ពី​តួនាទី​ឬ​ភារកិច្ច អ្នកប្រមូលពន្ធ ក្នុង​ការរកចំណូល​ចូលជាតិ​។ លោក​បាន​បញ្ជាក់ថា តួនាទី​របស់​អ្នកប្រមូល​ពន្ធដារ គឺ​មិនមែន​ចេះតែ​ចាប់​ឱ្យគេ​បង់ពន្ធ​ដោយ​ខុសច្បាប់​នោះទេ បើ​អាជីវករ​នីមួយៗ​ប្រកាស​ពន្ធ​ត្រឹមត្រូវ ដោយ​គ្មាន​ការកេងបន្លំ​។


 
​សូម​ទស្សនាការ​បញ្ជាក់​របស់​លោក គង់ វិបុល អគ្គនាយក​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដូចខាងក្រោម​៖

 
 
​បើតាម​លោក គង់ វិបុល អា​ជីករ​មួយចំនួន​តែងតែ​លើក​បញ្ហា​នៃ​ការយកពន្ធ​ពី​សំណាក់​មន្ត្រី​ពន្ធដារ នៅក្នុង​សមាគម ឬ​នៅក្នុង​កម្មវិធី​នានា​ថា ពន្ធដារ​ចេះតែ​មក​ធ្វើបាប  ក្រោម​ហេតុផល​មក​ធ្វើ​សវនកម្ម​(Audit) ការងារ និង​ចំណូល​ពួកគេ​។ ការលើកឡើង​បែបនេះ ត្រូវបាន​លោក គង់ វិបុល ឆ្លើយតប​ក្នុង​សិក្ខាសាលា​ស្តីពី វិធានការណ៍​សម្រួល​ផ្នែក​ពន្ធដារ ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​លើ​វិស័យ​សណ្ឋាគារ​និង​ផ្ទះសំណាក់ នៅ​ខេត្តសៀមរាប ថ្ងៃទី​២​មីនា ឆ្នាំ​២០២០ ថា ការចុះ​ធ្វើ​សវនកម្ម​នេះ គឺ​ដោយសារ​ម្ចាស់​អាជីវកម្ម  មិនបាន​បំពេញភារកិច្ច​ប្រកាស​ពន្ធ​និង​បង់ពន្ធ​ត្រឹមត្រូវ​ទៅតាម​និតិ​វិធី​ច្បាប់ ដោយមាន​ការកេងបន្លំ​របាយការណ៍​ហិរញ្ញវត្ថុ​ចំណូល និង​ចំណាយ​ជាដើម​។ 
 
​អគ្គនាយក​ពន្ធដារ​រូបនេះ​បាន​និយាយ​ដូច្នេះ​ថា​៖« ខ្ញុំ​មិន​ចង់ទៅ​ធ្វើ​(​សវនកម្ម​)​ទេ  ប៉ុន្តែ​កម្រិត​នៃ​អនុលោមភាព​របស់លោក​-​អ្នក វា​នៅ​ទាប មិនទាន់​ដល់​(​ត្រឹមត្រូវ​)​។ យន្តការ​នៃ​ការធ្វើ​សវនកម្ម​នេះ គឺជា​ម៉ែត្រ​មួយ​សម្រាប់​វាស់​អនុលោមភាព​របស់លោក​-​អ្នក ហើយ​យើងខ្ញុំ​មិនមែន​ចេះតែ​ចាប់​ឱ្យគេ​បង់ពន្ធ​ដោយ​ខុសច្បាប់​នោះទេ​។ លោក​-​អ្នក អាច​ប្តឹង​បាន​ចំពោះ​មន្ត្រី​ណា​ដែល​ធ្វើ​ខុសច្បាប់ មន្ត្រី​ណា​ដែល​កំណត់​ប្រាក់​ពន្ធ​ហួសហេតុ លោក​-​អ្នក​សិទ្ធិ   និង​កាតព្វកិច្ច​ដាក់ពាក្យ​បន្តឹងតវ៉ា​មក​អគ្គនាយកដ្ឋាន​ពន្ធ​ដារ ឬ​គណៈកម្មការ​នៃ​ដំណោះ​ស្រោ​យ​វិវាទ​។ ខ្ញុំ​មិនមែន​ចេះតែធ្វើ​អត់​រឿង អត់​មូល​ហ​តុ​នោះទេ​»​។  
 
​លោក គង់ វិបុល បាន​លើក​ឧទាហរណ៍​ថា មាន​ភោ​ជនី​ដ្ឋា​ន​សាច់​អាំង​កូរ៉េ​មួយកន្លែង​នៅ​រាជធានី​ភ្នំពេញ មានលទ្ធភាព​ចំណាយ​នៃ​អាជីវកម្ម​ប្រចាំខែ ប្រហែល​១៥,០០០​ដុល្លារ​ក្នុង​មួយខែ តែ​ម្ចាស់​ភោជនីយដ្ឋាន​នេះ បានដាក់​លិខិត​ប្រកាស​បង់ពន្ធ​លើ​ប្រាក់ចំណូល​ក្នុង​មួយថ្ងៃ​៥០​ដុល្លារ ស្មើនឹង​១,៥០០​ដុល្លារ​ក្នុង​មួយខែ​ទៅវិញ​។ តើ​ម្ចាស់​ភោជនីយដ្ឋាន​នោះ រកចំណូលបាន​១,៥០០​ដុល្លារ​ក្នុង​មួយខែ អាចមាន​លទ្ធ​គ្រប់គ្រង​ចំណាយ​ប្រចាំខែ​ដែលមាន​រហូត​១៥,០០០​ដែរឬទេ​? នេះ​ជា​អ្វីដែល​តួនាទី​របស់​អ្នកប្រមូលពន្ធ ត្រូវបាន​តាមដាន និង​ចុះ​ធ្វើ​វិ​សោដ​វន​កម្ម​។​
 
«​អ៊ីចឹង​! ការកំណត់​ពន្ធ​នេះ យើងខ្ញុំ​គ្រាន់​កំណត់​ពន្ធ​នេះ ជួនកាល គ្រាន់តែ​យក​ថ្លៃ​ចំណាយ​ផ្សេងៗ​(Cost overheat)​មក​កំណត់​ប៉ុណ្ណោះ ហើយ​នៅ​មករ​អ៊ូ​ថា​ខ្ញុំ​ធ្វើបាប​ក្នុងការ​យកពន្ធ​ទៀត​។ សួរថា​អស់លោក​-​អ្នក​ធ្វើបាប​រដ្ឋាភិបាល​យូរហើយ ខ្លួនឯង​អត់​គិត​ទេ​អី ដែល​រកស៊ី​គេចពន្ធ​រហូតមក​នេះ​។ តើ​វា​សមរម្យ​ដែរ​អត់​? ខ្ញុំ​មាន​តួរ​នាទី​ដើរ​ប្រមូល​ពន្ធ​ឱ្យអស់​លទ្ធភាព​តាម​តួនាទី និង​ភារកិច្ច​របស់​រដ្ឋាភិបាល​ដាក់ឱ្យអនុវត្ត​…​។ ខ្ញុំ​គោរព​សិទ្ធិ​របស់​អស់លោក​-​អ្នក ប៉ុន្តែ​សូម​អស់លោក​-​អ្នក គោរព​សិទ្ធិ​របស់ខ្ញុំ​ដែរ​»​។ 
 
​លោក​បាន​បញ្ជាក់ថា ការប្រមូល​ពន្ធ អគ្គនាយកដ្ឋាន​ពន្ធដា​រ​គឺមាន​ការ​ប្រឈម​ច្រើន ដោយ​រក​ចំណូល​មិនបាន​គឺ​ប្រឈម​ចំពោះមុខ​រដ្ឋាភិបាល​ផង  និង​ប្រឈម​ជាមួយ​អ្នក​ជាប់ពន្ធ​ផង​។ ដោយ​លោក គង់ វិបុល​បាន​លើកសំណើ​ដូច្នេះ​៖«​សូមឱ្យ​លោក​-​អ្នក​យល់​ពី​តួនាទី​របស់​យើងខ្ញុំ​ផង​។ យើងខ្ញុំ​មិនមែន​ចុះ​ធ្វើ​សវនកម្ម​ហិរញ្ញវត្ថុ​គ្រប់​តែ​រឿង​នោះទេ ។ យើងខ្ញុំ​គឺមាន​ហានិភ័យ​របស់​យើងខ្ញុំ​...»​។​
 
​កាលពី​ឆ្នាំ​២០១៩ កម្ពុជា​ប្រមូល​ពន្ធ​ជាង​៥​ពាន់​លាន​ដុល្លារ​។ ក្នុងនោះ​ពន្ធគយ មាន​ចំនួន​ជាង​៣​ពាន់​លាន​ដុល្លារ និង​ពន្ធដារ​មាន​ប្រមាណ​ជា​២,៧០០​លាន​ដុល្លារ​៕  

Tag:
 ពន្ធដារ​
  គង់ វិបុល
© រក្សាសិទ្ធិដោយ thmeythmey.com