ភ្នំពេញ៖ លោក គង់ វិបុល អគ្គនាយកពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្នើឱ្យអ្នកជាប់ពន្ធទាំងអស់យល់ពីតួនាទីឬភារកិច្ច អ្នកប្រមូលពន្ធ ក្នុងការរកចំណូលចូលជាតិ។ លោកបានបញ្ជាក់ថា តួនាទីរបស់អ្នកប្រមូលពន្ធដារ គឺមិនមែនចេះតែចាប់ឱ្យគេបង់ពន្ធដោយខុសច្បាប់នោះទេ បើអាជីវករនីមួយៗប្រកាសពន្ធត្រឹមត្រូវ ដោយគ្មានការកេងបន្លំ។
សូមទស្សនាការបញ្ជាក់របស់លោក គង់ វិបុល អគ្គនាយកពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដូចខាងក្រោម៖
បើតាមលោក គង់ វិបុល អាជីករមួយចំនួនតែងតែលើកបញ្ហានៃការយកពន្ធពីសំណាក់មន្ត្រីពន្ធដារ នៅក្នុងសមាគម ឬនៅក្នុងកម្មវិធីនានាថា ពន្ធដារចេះតែមកធ្វើបាប ក្រោមហេតុផលមកធ្វើសវនកម្ម(Audit) ការងារ និងចំណូលពួកគេ។ ការលើកឡើងបែបនេះ ត្រូវបានលោក គង់ វិបុល ឆ្លើយតបក្នុងសិក្ខាសាលាស្តីពី វិធានការណ៍សម្រួលផ្នែកពន្ធដារ ដើម្បីកាត់បន្ថយផលប៉ះពាល់លើវិស័យសណ្ឋាគារនិងផ្ទះសំណាក់ នៅខេត្តសៀមរាប ថ្ងៃទី២មីនា ឆ្នាំ២០២០ ថា ការចុះធ្វើសវនកម្មនេះ គឺដោយសារម្ចាស់អាជីវកម្ម មិនបានបំពេញភារកិច្ចប្រកាសពន្ធនិងបង់ពន្ធត្រឹមត្រូវទៅតាមនិតិវិធីច្បាប់ ដោយមានការកេងបន្លំរបាយការណ៍ហិរញ្ញវត្ថុចំណូល និងចំណាយជាដើម។
អគ្គនាយកពន្ធដាររូបនេះបាននិយាយដូច្នេះថា៖« ខ្ញុំមិនចង់ទៅធ្វើ(សវនកម្ម)ទេ ប៉ុន្តែកម្រិតនៃអនុលោមភាពរបស់លោក-អ្នក វានៅទាប មិនទាន់ដល់(ត្រឹមត្រូវ)។ យន្តការនៃការធ្វើសវនកម្មនេះ គឺជាម៉ែត្រមួយសម្រាប់វាស់អនុលោមភាពរបស់លោក-អ្នក ហើយយើងខ្ញុំមិនមែនចេះតែចាប់ឱ្យគេបង់ពន្ធដោយខុសច្បាប់នោះទេ។ លោក-អ្នក អាចប្តឹងបានចំពោះមន្ត្រីណាដែលធ្វើខុសច្បាប់ មន្ត្រីណាដែលកំណត់ប្រាក់ពន្ធហួសហេតុ លោក-អ្នកសិទ្ធិ និងកាតព្វកិច្ចដាក់ពាក្យបន្តឹងតវ៉ាមកអគ្គនាយកដ្ឋានពន្ធដារ ឬគណៈកម្មការនៃដំណោះស្រោយវិវាទ។ ខ្ញុំមិនមែនចេះតែធ្វើអត់រឿង អត់មូលហតុនោះទេ»។
លោក គង់ វិបុល បានលើកឧទាហរណ៍ថា មានភោជនីដ្ឋានសាច់អាំងកូរ៉េមួយកន្លែងនៅរាជធានីភ្នំពេញ មានលទ្ធភាពចំណាយនៃអាជីវកម្មប្រចាំខែ ប្រហែល១៥,០០០ដុល្លារក្នុងមួយខែ តែម្ចាស់ភោជនីយដ្ឋាននេះ បានដាក់លិខិតប្រកាសបង់ពន្ធលើប្រាក់ចំណូលក្នុងមួយថ្ងៃ៥០ដុល្លារ ស្មើនឹង១,៥០០ដុល្លារក្នុងមួយខែទៅវិញ។ តើម្ចាស់ភោជនីយដ្ឋាននោះ រកចំណូលបាន១,៥០០ដុល្លារក្នុងមួយខែ អាចមានលទ្ធគ្រប់គ្រងចំណាយប្រចាំខែដែលមានរហូត១៥,០០០ដែរឬទេ? នេះជាអ្វីដែលតួនាទីរបស់អ្នកប្រមូលពន្ធ ត្រូវបានតាមដាន និងចុះធ្វើវិសោដវនកម្ម។
«អ៊ីចឹង! ការកំណត់ពន្ធនេះ យើងខ្ញុំគ្រាន់កំណត់ពន្ធនេះ ជួនកាល គ្រាន់តែយកថ្លៃចំណាយផ្សេងៗ(Cost overheat)មកកំណត់ប៉ុណ្ណោះ ហើយនៅមករអ៊ូថាខ្ញុំធ្វើបាបក្នុងការយកពន្ធទៀត។ សួរថាអស់លោក-អ្នកធ្វើបាបរដ្ឋាភិបាលយូរហើយ ខ្លួនឯងអត់គិតទេអី ដែលរកស៊ីគេចពន្ធរហូតមកនេះ។ តើវាសមរម្យដែរអត់? ខ្ញុំមានតួរនាទីដើរប្រមូលពន្ធឱ្យអស់លទ្ធភាពតាមតួនាទី និងភារកិច្ចរបស់រដ្ឋាភិបាលដាក់ឱ្យអនុវត្ត…។ ខ្ញុំគោរពសិទ្ធិរបស់អស់លោក-អ្នក ប៉ុន្តែសូមអស់លោក-អ្នក គោរពសិទ្ធិរបស់ខ្ញុំដែរ»។
លោកបានបញ្ជាក់ថា ការប្រមូលពន្ធ អគ្គនាយកដ្ឋានពន្ធដារគឺមានការប្រឈមច្រើន ដោយរកចំណូលមិនបានគឺប្រឈមចំពោះមុខរដ្ឋាភិបាលផង និងប្រឈមជាមួយអ្នកជាប់ពន្ធផង។ ដោយលោក គង់ វិបុលបានលើកសំណើដូច្នេះ៖«សូមឱ្យលោក-អ្នកយល់ពីតួនាទីរបស់យើងខ្ញុំផង។ យើងខ្ញុំមិនមែនចុះធ្វើសវនកម្មហិរញ្ញវត្ថុគ្រប់តែរឿងនោះទេ ។ យើងខ្ញុំគឺមានហានិភ័យរបស់យើងខ្ញុំ...»។
កាលពីឆ្នាំ២០១៩ កម្ពុជាប្រមូលពន្ធជាង៥ពាន់លានដុល្លារ។ ក្នុងនោះពន្ធគយ មានចំនួនជាង៣ពាន់លានដុល្លារ និងពន្ធដារមានប្រមាណជា២,៧០០លានដុល្លារ៕