COVID-19
អន្តរជាតិ
មីយ៉ាន់ម៉ា ៖ អ្នកលាក់បាំងព័ត៌មានសង្ស័យឆ្លង COVID-19 ប្រឈមទោសពន្ធនាគារ១ខែ និងពិន័យ ២១ដុល្លារ អ្នកដំណើរនៅឯព្រលានយន្តហោះណៃពិដោ។ រូបភាព The Irrawaddy
× រដ្ឋាភិបាលក្រុងណៃពិដោ ព្រមានចាត់វិធានតឹងរ៉ឺងប្រឆាំងប្រជាពលរដ្ឋទាំងឡាយណា ដែលលាក់បាំងព័ត៌មានលើជនសង្ស័យ ដែលអាចមានឆ្លងវីរុសថ្មី COVID-19។ ក្រុងណៃពិដោ ចាត់ទុកការអំពើនេះ ផ្ទុយនឹងច្បាប់ និងអាចត្រូវប្រឈមមុខនឹងទោសពន្ធនាគារទៀតផង។
ក្រសួងសុខាភិបាលមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៨ ខែកុម្ភៈ បានចេញសេចក្តីប្រកាសមួយដោយ បានចាត់ទុក COVID-19 គឺជាប្រភេទជំងឺដែលអាចរាតត្បាមួយតាមច្បាប់ស្តីពីការការពារ និងគ្រប់គ្រងជំងឺឆ្លងរាលដាល ហើយក្រោមច្បាប់នេះ អ្នកដែលមានអាការៈពាក់ព័ន្ធនឹងជំងឺនេះ ត្រូវតែរាយការណ៍ដល់ក្រសួង ឬស្ថាប័នមានសមត្ថកិច្ច។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Irrawaddy។
តាមប្រភពព័ត៌មានដដែល ក្រសួងសុខាភិបាល បានលើកយកបទបញ្ញត្តិច្បាប់ដដែលនេះ ដែលបានចែងថា បងប្អូនសាច់ញាតិ ឬអ្នកនៅក្បែរ អ្នកដែលមានរោគសញ្ញាជំងឺឆ្លងនេះ ត្រូវតម្រូវឲ្យរាយការណ៍ជាបន្ទាន់ទៅកាន់មន្ទីរពេទ្យ ឬគ្លីនិក ដែលនៅជិតបំផុត។ ក្នុងករណីអ្នកលាក់បាំងព័ត៌មាន នឹងត្រូវប្រឈមទោសពន្ធនាគារ ១ ខែ និងពិន័យជាទឹកប្រាក់ចន្លោះ ៣ម៉ឺន-៥ម៉ឺន ក្យ៉ាត (២១-៣៥ ដុល្លារ)។
គួរជម្រាបផងដែរថា មកទល់ពេលនេះ មានប្រទេសប្រមាណជាង៤០ហើយរបស់ពិភពលោក ត្រូវបានរកឃើញពីករណីឆ្លង ៨៣ ០០០ករណី ខណៈតួលេខអ្នកស្លាប់បានកើនឡើងដល់ជាង ២ ៨០០នាក់ដែលក្នុងនោះចិន មានចំនួនអ្នកឆ្លង និងស្លាប់ច្រើនជាងគេ។ ក៏ប៉ុន្តែមីយ៉ាន់ម៉ា ក៏ដូចជាឡាវ ដែលជាប្រទេសជិតខាងរបស់ចិននោះ មិនទាន់មានករណីឆ្លងជំងឺនេះនៅឡើយនោះទេ។
កន្លងមក មីយ៉ាន់ម៉ា បានធ្វើតេស្តលើជនសង្ស័យថាមានឆ្លង COVID-19 ៤២ នាក់មកហើយនៅទូទាំងប្រទេស ក៏ប៉ុន្តែអ្នកទាំងនោះ រកឃើញលទ្ធផលអវិជ្ជមាន៕
Tag:
មីយ៉ាន់ម៉ា
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com