អន្តរជាតិ
ឡាវ នឹងយកថ្លៃបន្ថែមលើទំនិញឆ្លងកាត់ប្រទេស ដើម្បីប្រែក្លាយពីប្រទេសបិទជិតទៅជាប្រទេសមានការតភ្ជាប់ រូបភាព Xinhua
× រដ្ឋាភិបាលក្រុងវៀងចន្ទន៍ បានចេញសេចក្តីសម្រេចមួយដោយបានកំណត់តម្លៃលើទំនិញទាំងឡាយណាដែលឆ្លងកាត់ប្រទេសរបស់ខ្លួនក្នុងគោលដៅចែកចាយបន្តទៅបណ្តាប្រទេសក្នុង និងក្រៅតំបន់ផ្សេងទៀត។ នេះ គឺជាគោលនយោបាយសេដ្ឋកិច្ចមួយ ក្នុងការកែប្រែប្រទេសដែលគ្មានព្រំដែនជាប់សមុទ្រសូម្បីតែបន្តិចសោះ ឲ្យក្លាយជាមជ្ឈមណ្ឌលភស្តុភារក្នុងតំបន់។
ចាប់ពីពាក់កណ្តាលខែមីនាតទៅ ក្រសួងហិរញ្ញវត្ថុឡាវ នឹងចាប់ផ្តើមអនុវត្តគោលនយោបាយសេដ្ឋកិច្ចថ្មីក្នុងការយកថ្លៃលើទំនិញ ដែលត្រូវបាននាំចូលក្នុងប្រទេសសម្រាប់ការនាំចេញបន្តក្នុងអត្រាបន្ថែមថ្មី។ ការយកថ្លៃនេះ នឹងត្រូវផ្អែកលើប្រភេទ និងបរិមាណនៃទំនិញនីមួយៗ ដែលនាំចូលមកឡាវក្នុងគោលដៅធ្វើអាជីវកម្មបន្តទៀត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានឡាវ Vientiane Times នៅថ្ងៃ២៨ កុម្ភៈ។
តាមប្រភពព័ត៌មានដដែល សេចក្តីសម្រេចលើការយកថ្លៃបន្ថែមលើទំនិញដែលឆ្លងកាត់ប្រទេសនេះ គឺជាគោលនយោបាយរបស់រដ្ឋាភិបាល ក្នុងការធានាឲ្យបាននូវកំណើនសេដ្ឋកិច្ច ក៏ដូចជាតម្រូវការបង្កើនចំណូលមូលដ្ឋានរបស់ប្រទេស។ បច្ចុប្បន្នក្រសួងហិរញ្ញវត្ថុរបស់ឡាវ បានបំពេញការងារយ៉ាងសកម្មក្នុងការពិនិត្យឡើងវិញលើច្បាប់ពន្ធដារ ដើម្បីធានាពីការបង្កើនការប្រមូលចំណូល។
អ្វីដែលគួរឲ្យកត់សម្គាល់នោះ ការយកតម្លៃលើទំនិញនេះដែរ ក៏ជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលឡាវក្នុងការកែប្រែមុខមាត់ប្រទេស ពីប្រទេសបិទជិត ឬគ្មានព្រំដែនជាប់សមុទ្រសោះ ឲ្យទៅជាប្រទេសដែលមានការតភ្ជាប់ ឬមានចរន្តលំហូរទំនិញមមារញឹកក្នុងតំបន់។
កន្លងមក ដោយសារកត្តាមិនសូវអំណោយផលនៃភូមិសាស្ត្រធ្វើពាណិជ្ជកម្មតាមផ្លូវសមុទ្រ រដ្ឋាភិបាលឡាវ បានប្រើប្រាស់ថវិការដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់សម្រាប់ការវិនិយោគលើការសាងសង់ផ្លូវរថភ្លើងល្បឿនលឿន, ផ្លូវថ្នល់ ក៏ដូចជាស្ពានធំៗ ដើម្បីតភ្ជាប់ជាមួយនឹងបណ្តាប្រទេសជិតខាង។ ជាក់ស្តែងក្នុងឆ្នាំ២០២១ខាងមុខនេះ ឡាវ នឹងបញ្ចប់នៅគម្រោងផ្លូវរថភ្លើងល្បឿនលឿនជាមួយចិន ហើយគ្រោងនឹងបន្តភ្ជាប់ជាមួយនឹងសិង្ហបុរីទៀតផង។
សម្រាប់រដ្ឋាភិបាល មានជំនឿជាក់ថា ការវិនិយោគលើការតភ្ជាប់នេះ នឹងក្លាយជាសក្តានុពលមួយសម្រាប់ឡាវ ក្នុងការបម្រើការជាមជ្ឈមណ្ឌលភស្តុភារ ឬមជ្ឈមណ្ឌលផ្គត់ផ្គង់មួយ ដែលអាចឲ្យក្រុមអ្នកជំនួញអាចនាំយកទំនិញរបស់ខ្លួនឆ្លងកាត់ ហើយបន្តចែកចាយទៅកាន់ប្រទេសផ្សេងទៀតនៅក្នុងតំបន់បានយ៉ាងស្រួល និងសុវត្ថិភាព៕
© រក្សាសិទ្ធិដោយ thmeythmey.com