ភ្នំពេញ៖ កម្ពុជានឹងប្រារព្ធទិវាវប្បធម៌ជាតិលើកទី២២ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ខាងមុខនេះ។ ចាប់ផ្ដើមតាំងពីឆ្នាំ១៩៩៨ តើហេតុអ្វីទិវានេះមានសារសំខាន់ សម្រាប់ប្រជាជាតិកម្ពុជាទាំងមូល?
យោងតាមសារាចរស្ដីពីការរៀបចំទិវាវប្បធម៌ជាតិ៣មីនា លើកទី២២ ឆ្នាំ២០២០ របស់រាជរដ្ឋាភិបាលកម្ពុជា ទិវាវប្បធម៌ជាតិ៣មីនា ជាទិវាដ៏មានសារសំខាន់មួយរបស់ប្រជាជាតិ ក្នុងការរំលឹកដល់គុណូបការៈចំពោះបុព្វបុរសខ្មែរ ដែលលោកបានបន្សល់ទុកនូវមរតកវប្បធម៌ដ៏សម្បូរបែប មិនអាចកាត់ថ្លៃបានសម្រាប់កូនចៅជំនាន់ក្រោយ។ ទិវាវប្បធម៌ជាតិ បានរួមចំណែកក្នុងការបំផុសនូវស្មារតីស្រឡាញ់វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីជាតិ ដល់ប្រជាពលរដ្ឋ ជាពិសេសស្រទាប់យុវជនដែលជាអ្នកបន្តវេន។
វប្បធម៌គឺជាព្រលឹង ជាអត្តសញ្ញាណជាតិ និងជាស៊ីម៉ង់ត៍រស់ សម្រាប់ផ្សារភ្ជាប់ទំនាក់ទំនងពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ ពីសហគមន៍មួយទៅសហគមន៍មួយ ពីប្រទេសមួយទៅប្រទេសមួយ ដែលជាមធ្យោបាយនាំមកនូវសាមគ្គីភាព សន្តិភាព និងសុខដុមភាព សម្រាប់ប្រជាជាតិទាំងមូល។
សារាចរដដែលបានបញ្ជាក់បន្ថែមថា ដោយស្របតាមទិសស្លោក “កម្ពុជាព្រះរាជាណាចក្រនៃវប្បធម៌” ទើបរាជរដ្ឋាភិបាលកម្ពុជា សម្រេចឱ្យរៀបចំទិវាវប្បធម៌ជាតិ៣មីនា រៀងរាល់ឆ្នាំរហូតមក ហើយឆ្នាំ២០២០នេះប្រធានបទដូចឆ្នាំ២០១៩ដែរគឺ “យុវជនដើម្បីវប្បធម៌ជាតិ”។
ការប្រារព្ធទិវានេះឡើង ក្នុងគោលបំណងជំរុញឱ្យប្រជាពលរដ្ឋទាំងអស់ ជាពិសេសស្រទាប់យុវជន បន្តចូលរួមអនុវត្តិឱ្យកាន់តែសកម្មថែមទៀត នូវចំណុចជាសារវ័ន្ត ដូចជាបង្កើនការយល់ដឹងកាន់តែច្បាស់ ពីភាពសម្បូរបែបនៃបេតិកភណ្ឌវប្បធម៌ ដែលជាប្រភពមិនចេះរីងស្ងួត ក្នុងការបង្កើតការងារនិងបង្កើតកាលានុវត្តភាព សម្រាប់ទាញយកប្រាក់ចំណូលប្រកបដោយប្រសិទ្ធភាព។
លើកកម្ពស់មនសិកា និងស្មារតីចូលរួមក្នុងការផ្ទេរ ព្រមទាំងទទួលយកចំណេះដឹង ជំនាញ និងបច្ចេកទេសសិល្បៈវប្បធម៌ សំដៅជំរុញការអភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ជាតិ ក៏ដូចជាវប្បធម៌ចម្រុះសហគមន៍ជនជាតិដើមនៅកម្ពុជាឱ្យស្ថិតស្ថេរគង់វង់។ បង្កើនការយល់ដឹងឱ្យកាន់តែច្បាស់ អំពីតម្លៃពិតនៃវប្បធម៌ជាតិ ដែលជាប្រភពធនធានមិនចេះរីងស្ងួត ក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម តាមរយៈការបង្កើនសេវានិងផលិតផលវប្បធម៌សម្រាប់ជាគោលដៅពាណិជ្ជកម្មនិងទេសចរណ៍។
លើកទឹកចិត្តឱ្យមានការចូលរួមសិក្សាស្រាវជ្រាវឈ្វេងយល់ ដើម្បីចងក្រងរក្សាទុកឱ្យបានគង់វង្សល្អ នូវរាល់ឯកសារបេតិកភណ្ឌវប្បធម៌គ្រប់ប្រភេទ ដែលមាននៅក្នុងមូលដ្ឋានរបស់ខ្លួន ព្រមទាំងផ្សព្វផ្សាយឱ្យបានទូលាយ។ លើកស្ទួយការប្រើប្រាស់សក្ដានុពលវប្បធម៌ ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។
បង្កើនការងារនិងកាលានុវត្តភាពដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវជនឱ្យខិតខំបង្កបង្កើនស្នាដៃវប្បធម៌ថ្មីៗប្រកបដោយគុណភាព។ ជំរុញឱ្យមានការចូលរួមដោយមានការទទួលខុសត្រូវ របស់យុវជនក្នុងកិច្ចអភិរក្សនិងអភិវឌ្ឍន៍វប្បធម៌ជាតិ ប្រកបដោយនិរន្តរភាពដោយមិនប្រកាន់នូវនិន្នាការនយោបាយ ជំនឿសាសនា និងពណ៌សម្បុរ។
សូមបញ្ជាក់ថា ទិវាវប្បធម៌ជាតិ ត្រូវបានប្រារព្ធឡើងតាំងពីឆ្នាំ ១៩៩៨ ហើយរាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី៣ខែមីនា ជារៀងរាល់ឆ្នាំដើម្បីប្រារព្ធទិវានេះ៕